ជាតិ
បោះឆ្នោត
ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី ត្រូវ​បង្កើតឡើង​ក្នុងពេល​តែមួយ​
20, Aug 2018 , 10:19 pm        
រូបភាព
អង្គប្រជុំរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥
អង្គប្រជុំរដ្ឋសភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥
ដោយ: ថ្មីៗ
កាលបរិច្ឆេទ​នៃ​ការប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​នី​ត​កាល​ទី​៦ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​។ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មាន​របៀបវារៈ​តែមួយ​ប៉ុណ្ណោះ សម្រាប់​កិច្ចប្រជុំ​លើកដំបូង​នេះ គឺ​ការប្រកាស​សុពលភាព​ជូន​តំណាងរាស្ត្រ​ទាំង​១២៥​រូប​។



បើតាម​លោក សុខ ឥសាន មួយថ្ងៃ​បន្ទាប់មក គឺ​ថ្ងៃទី​៦ ខែកញ្ញា រដ្ឋសភា ត្រូវ​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ដើម្បី​រៀប​ចំការ​រចនាសម្ព័ន្ធ​នៃ​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​រដ្ឋាភិបាល ក្នុងពេល​ជាមួយគ្នា​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​អាណត្តិ​ហ្នឹង គេ បោះឆ្នោត​ជា​កញ្ចប់​តែម្តង​»​។ 

​ថ្នាក់ដឹកនាំ​រដ្ឋសភា ដែល​សំដៅ​នោះ រួមមាន ប្រធាន និង​អនុប្រធានរដ្ឋសភា រួម​ទាំ​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នានា​របស់​រដ្ឋសភា​។ ចំណែក សមាសភាព​រដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។   

​បញ្ជី​បេក្ខជន​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា ត្រូវ​រៀបចំ​ដោយ​គណបក្សនយោបាយ ដែល​បានទទួល​អាសនៈ ហើយ​ត្រូវ​បញ្ជូនទៅ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។ ព្រឹទ្ធសមាជិក​រដ្ឋសភា គឺ​សំដៅលើ​តំណាងរាស្ត្រ​ជាប់ឆ្នោត ដែលមាន​អាយុ​ច្រើនជាងគេ​។ 

​បន្ទាប់មក គណបក្ស ដែល​ទទួលបាន​អាសនៈ​ច្រើនជាងគេ​ក្នុង​រដ្ឋសភា ត្រូវធ្វើ​សំណើសុំ​ចាត់តាំង​ឥស្សរជន​ម្នាក់ ឲ្យ​ធ្វើជា​បេក្ខជន​នាយករដ្ឋមន្ត្រី តាមរយៈ​ព្រឹទ្ធសមាជិក​រដ្ឋសភា ហើយ​ព្រឹទ្ធសមាជិក​រដ្ឋសភា ត្រូវ​ថ្វាយ​សំណើ​នេះ ទៅ​ព្រះមហាក្សត្រ​។ ក្រោយមកទៀត ទើប​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ចាត់តាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​ក្រោយ​ត្រូវបាន​ព្រះមហា​ក្ស​ត្រ​ចាត់តាំង​រួចហើយ បេក្ខជន​នាយករដ្ឋមន្ត្រី ត្រូវ​រៀបចំ​បញ្ជី​សមាសភាព​រដ្ឋាភិបាល ដើម្បី​ផ្ញើ​ទៅ​ព្រឹទ្ធសមាជិក​រដ្ឋសភា​។ នៅពេល​ទទួលបាន​បញ្ជី​បេក្ខជន​ជា​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​បញ្ជី​សមាសភាព​រដ្ឋាភិបាល​រួចហើយ ព្រឹទ្ធសមាជិក​រដ្ឋសភា ត្រូវ​រៀបចំ​ដាក់ជូន​រដ្ឋសភា ដើម្បី​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​តែម្តង ដោយ​ត្រូវការ​សំឡេង​ភាគច្រើន​ដាច់ខាត នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​។

សម្រាប់​អាណត្តិ​ទី​៦​នេះ បេក្ខជន​នាយករដ្ឋមន្ត្រី នៅតែ​ជាស​ម្តេច ហ៊ុន សែន ដដែល​។ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ចាត់តាំង​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រួចហើយ ដើម្បី​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី​។​

នីតិវិធី​នៃ​ការបោះឆ្នោត​ជា​កញ្ចប់ ពោលគឺ​ការបង្កើត​ក្បាលម៉ាស៊ីន​នៃ​ដឹកនាំ​រដ្ឋសភា និង​រដ្ឋាភិបាល ក្នុងពេល​តែមួយ​បែបនេះ មានចែង និង​ធ្វើតាម​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម​។​

​កាលពី​អាណត្តិ​ទី​៥ ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ក៏​ធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ជា​កញ្ចប់​ដែរ​។ ការបង្កើត​រដ្ឋាភិបាល​និង​រដ្ឋសភា​ក្នុងពេល​ជាមួយគ្នា​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ ហៅ​ជា​ភាសា​សាមញ្ញ​ថា «​ឪ​និង​កូន​កើត​ដំណាលគ្នា​»​។

​តាមពិតទៅ ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ក្នុងប្រទេស​កម្ពុជា នៅមាន​នីតិវិធី​មួយទៀត ដែល​មានចែង​ក្នុង​មាត្រា​៨០ និង​មាត្រា​១១៩ នៃ​រដ្ឋធម្មនុញ្ញ​។ នីតិវិធី​នេះ តម្រូវ​ឲ្យ​បង្កើត​រដ្ឋសភា ឲ្យ​ចប់សព្វគ្រប់​ជាមុនសិន ហើយ​បន្ទាប់មក ទើប​បង្កើត​រដ្ឋាភិបាល​តាម​ក្រោយ ដែល​គេ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ថា «​ឪ​កើតមុន​កូន​»៕


Tag:
 បោះឆ្នោត​
  រដ្ឋសភា​
  រដ្ឋាភិបាល​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com