បោះឆ្នោត
អន្តរជាតិ
មេទ័ពជើងគោក មាស សុភា មិនទៅធ្វើជាតំណាងរាស្ត្រទេ ក្រោយជាប់ឆ្នោត នាយឧត្តមសេនីយ៍ មាស សុភា ធ្វើជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញកាំភ្លើងត្បាល់ នៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០១៤។ រូបពីក្រសួងការពារជាតិ
× នាយឧត្តមសេនីយ៍ មាស សុភា ដែលសុំព្យួរតំណែងជាមេបញ្ជាការកងទ័ពជើងគោក ហើយទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តព្រះវិហារសម្រាប់នីតិកាលទី៦ បានសម្រេចចិត្តបោះបង់តំណែងជាតំណាងរាស្ត្រនេះវិញ ក្រោយបានជាប់ឆ្នោត។ លោក សួស យ៉ារ៉ា អ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលឈរជាបេក្ខជនបម្រុងលំដាប់ទីមួយ នៅមណ្ឌលខេត្តព្រះវិហារ ជាអ្នកទទួលតំណែងជាតំណាងរាស្ត្ររបស់លោក មាស សុភា។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក មាស សុភា បានដាក់ពាក្យសុំលាលែងពីតំណែងជាតំណាងរាស្ត្រ តាំងពីមុនការប្រកាសលទ្ធផលផ្លូវការមកម្ល៉េះ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«តាមនីតិវិធី យើង ត្រូវរំកិលបេក្ខជនបម្រុង ឡើងទៅលើ តាមលំដាប់។ នៅខេត្តព្រះវិហារ លោក សួស យ៉ារ៉ា ជាបេក្ខជនបម្រុងលំដាប់ទីមួយ អ៊ីចឹងត្រូវដាក់គាត់ជំនួសលោក មាស សុភា»។
បើតាមលោក ហង្ស ពុទ្ធា ក្រៅពីលោក មាស សុភា ដូចជាមិនឃើញមានអ្នកណាផ្សេង ដាក់ពាក្យទៅគ.ជ.ប ដើម្បីសុំលាលែងឬផ្លាស់ប្តូរតំណែងតំណាងរាស្ត្រនោះទេ។ យ៉ាងណា បេក្ខជនតំណាងរាស្ត្រមួយចំនួន អាចនឹងត្រូវផ្លាស់ប្តូរ ឬក៏រក្សាឲ្យនៅដដែល គឺអាស្រ័យលើការសម្រេចរបស់គណបក្ស។ នៅអាណត្តិមុនៗ គេ ឃើញថា គណបក្សប្រជាប្រជាជនកម្ពុជា តែងមានទម្លាប់ផ្លាស់ប្តូរបេក្ខជនតំណាងរាស្ត្រខ្លះៗ ក្រោយបោះឆ្នោតរួច។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនទាន់អាចបញ្ជាក់បានទេថា នាយឧត្តមសេនីយ៍ មាស សុភា នឹងត្រឡប់ទៅកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកវិញ ឬយ៉ាងណា។ លោក ប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា៖«ទាល់តែរដ្ឋាភិបាលថ្មី បង្កើតរួចសិន ទើបខ្ញុំ អាចនិយាយបាន។ ពេលនេះ ខ្ញុំមិនហ៊ានអត្ថាធិប្បាយអ្វីទេ»។
នៅមានមេទ័ពជាន់ខ្ពស់ពីររូបទៀត គឺនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានព្យួរតំណែងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ គន់ គីម បានព្យួរតំណែងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ដើម្បីទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ។ លោក ប៉ុល សារឿន ឈរឈ្មោះនៅមណ្ឌលខេត្តព្រះសីហនុ ហើយលោក គន់ គីម ឈរឈ្មោះនៅមណ្ឌលខេត្តឧត្តរមានជ័យ។
លោក សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទជំនួលលោក ប៉ុល សារឿន ហើយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោកជំនួសលោក មាស សុភា និងត្រូវបានតែងតាំងជានាយសេនាធិការចម្រុះស្តីទីនៃកងយោធពលខេមរភូមិន្ទ ជំនួសលោក គន់ គីម។
ក្រៅពីតំណែងស្តីទីខាងលើ មានតំណែងពេញសិទ្ធិដល់ទៅបួនឯណោះ ដែលលោក ហ៊ុន ម៉ាណែត កំពុងតែកាន់ គឺ តំណែងជាមេបញ្ជាការរងនៃកងទ័ពជើងគោក, តំណែងជាមេបញ្ជាការរងនៃកងអង្គរក្ស, តំណែងជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម, និងតំណែងជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ។
ការបោះឆ្នោតលើកនេះ ដែលគ្មានអតីតគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលជ័យជម្នះយ៉ាងច្រើនលើសលុប រហូតបានអាសនៈទាំង១២៥ ក្នុងរដ្ឋសភា។ រដ្ឋសភានីតិកាលទី៦ នឹងប្រជុំលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ហើយមួយថ្ងៃក្រោយមក រដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង៕
Tag:
បោះឆ្នោត
មាស សុភា
សួស យ៉ារ៉ា
ហង្ស ពុទ្ធា
គជប
© រក្សាសិទ្ធិដោយ thmeythmey.com