ជាតិ
​​​ន​យោ​បាយ​ជាតិ​
លើកដំបូង​នៅ​កម្ពុជា​៖ ប្រធាន​និង​តំណាង​បក្ស​នានា ទៅ​ជួប​សម្តេច ហ៊ុន សែន​ ដើម្បីផ្តល់យោបល់
21, Aug 2018 , 9:42 am        
រូបភាព
ពីស្តាំទៅឆ្វេង៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា, លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ, លោក កែម រីទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ជួបសម្តេច ហ៊ុន សែន ក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាលនិងគណបក្សនយោបាយ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
ពីស្តាំទៅឆ្វេង៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា, លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ, លោក កែម រីទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ជួបសម្តេច ហ៊ុន សែន ក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាលនិងគណបក្សនយោបាយ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន បាន​ជួប​ប្រធាន​និង​តំណាង មកពី​គណបក្ស​ចំនួន​១៦ ក្នុងចំណោម​គណបក្ស​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នា​អាណត្តិ​ទី​៦​នេះ​។ ជំនួបនេះ ​ហៅថា ជំនួបពិគ្រោះ​យោបល់​រវាង​រដ្ឋាភិបាល​និង​គណបក្សនយោបាយ​។


 
​អាច​ចាត់ទុកថា ​ជា​លើកទីមួយ​ហើយ ដែល​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល បង្កើត​វេទិកា​នេះ​ឡើង ដើម្បី​ជួប​ផ្ទាល់​និង​ផ្តល់ឱកាស​ឲ្យ​តំណាង​គណបក្ស ប​ញ្ជេ​ញ​យោបល់​អំពី​បញ្ហាប្រទេសជាតិ​។ វេទិកានេះ ត្រូវបានបង្កើតឡើង បន្ទាប់លទ្ធផលបោះឆ្នោត បង្ហាញថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានអាសនៈក្នុងរដ្ឋសភានៅនីតិកាលទី៦ ឯគណបក្សទាំង១៩ទៀត ពុំបានអាសនៈឡើយ។ 

សម្តេច ហ៊ុន សែន បាន​ប្រើ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ឬ​ប្រមុខ​រដ្ឋាភិបាល នៅក្នុងជំនួប​ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​ទាំងនោះ តែ​មិនមែន​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ សម្តេច សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានព្រឹទ្ធសភា បាន​ធ្វើជា​តំណាង​ឲ្យ​គណបក្ស​នេះ ក្នុងការ​ចូលរួមពិភាក្សា​ក្នុង​វេទិកា ដែលមិនធ្លាប់មាននេះ។ 

ចំណែកប្រធាននិងតំណាងគណបក្សទាំង១៥ទៀត ដែលទៅចូលរួមក្នុងកម្មវិធីនេះ គឺគណបក្សខ្មែររួបរួមជាតិ គណបក្សពន្លឺថ្មី គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរក្រោក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សរស្មីខេមរា គណបក្សខ្មែរសាធារណរដ្ឋ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សយុវជនកម្ពុជា គណបក្សធម្មាធិបតេយ្យ គណបក្សឆន្ទៈខ្មែរ​ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សខ្មែរតែមួយ។   


តំណាងគណបក្សទាំង១៦ ជួបសម្តេច ហ៊ុន សែន នៅទីស្តីការគណៈរដ្ឋមន្ត្រី
 
ដោយឡែក គណបក្ស៤ទៀត គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សមាតុភូមិយើង និងគណបក្សខ្មែរឈប់ក្រ សម្រេចចិត្តមិនទៅចូលរួមតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន ឡើយ៕

Tag:
 ហ៊ុន សែន​
  ជំនួប​
  តំណាង​បក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com