អន្តរជាតិ
អាស៊ាន នៅ​មិនទាន់មាន​ភ្លើង​ខៀវ​សម្រាប់​ទី​ម័​រ​ខាងកើត​ឡើយ​
21, Aug 2018 , 7:39 pm        
រូបភាព
ដោយ:
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥១ បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា​មួយចំនួន​សម្រាប់​ការវិវត្ត​របស់​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​មួយ​នេះ​។ តែ​គួរ​ឲ្យ​កត់សម្គាល់​នោះ លទ្ធផល​ផ្លែផ្កា មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ទី​ម័​រ​ខាងកើត ដែល​កំពុងតែ​ទន្ទឹងរង់ចាំ​ការបើក​ភ្លើង​ខៀវ​ពី​អាស៊ាន​ដើម្បី​ឲ្យ​រដ្ឋ​ក្មេងខ្ចី​ប្រចាំ​តំបន់​មួយ​នេះ មានលទ្ធភាព​ចូលរួម​ក្របខណ្ឌ​ផ្លូវការ​ជាមួយនឹង​គ្រួសារ​អាស៊ាន​បាន​។​



​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ចុះ​ថ្ងៃទី​២ សីហា រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ឯកភាពគ្នា​ជាច្រើន​ចំណុច​លើ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ធ្វើ​ឲ្យ​ដំណើរការ​សមាហរណកម្ម​អាស៊ាន​ឆ្ពោះទៅមុខ ក៏ដូចជា​សន្យា​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ការគំរាមកំហែង​ភេរវកម្ម ការកសាង​សន្តិសុខ​និង​សន្តិសុខ​ក្នុង​និង​កិច្ចសហប្រតិបត្តិការ​ដែ​ន​សមុទ្រ​ជាដើម​។

អត្ថបទទាក់ទង


​ដោយឡែក រដ្ឋមន្ត្រីការបរទេស​អាស៊ាន មិនមាន​ឯកភាពគ្នា​ក្នុងការ​កំណត់ពេល​វេលា​ជាក់លាក់​ណាមួយ​សម្រាប់​កា​រស​ម្រ​ច​បញ្ចូល​រដ្ឋ​អង្កេត​ការ​ទី​ម័​រ​ខាង​កើតជា​សមាជិក​ផ្លូវការ​របស់ខ្លួន​ឡើយ ពោលគឺ​អាស៊ាន នៅតែ​ដាក់​ទី​ម័​រ​ខាងកើត​ក្នុងការ​តាមដាន​បន្តទៀត​។​

« យើង​បានកត់សម្គាល់​ពី​បែបបទ​នៃ​ការស្នើ​សុំចូល​ជា​សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត និង​ទន្ទឹងរង់ចាំ​ការពិភាក្សា​បន្ត និង​របាយការណ៍​រប​ស់​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ក្នុងការ​ពិចារណា​លើ​សំណើ​នេះ​។

​យើង ក៏បាន​ទទូច​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ​អាស៊ាន​បន្ត​ស្វែងយល់​ពី​សកម្មភាព​កសាង​សមត្ថភាព​ពាក់ព័ន្ធ​រប​ស់​ទី​ម័​រ​ខាង​ដោយ​យោងតាម​ធាតុ​ផ្សំ និង​នីតិវិធី​ដែល​កំណត់ដោយ​សមាជិក​អាស៊ាន​។ យើង នឹង​ព​ន្លឿ​ន​ដំណើរការ​ក្នុងការ​ពិចារណា​លើ​សំណើ​របស់​ទី​ម័​រ​ខាងកើត​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​យ៉ាងខ្លី​របស់​អាស៊ាន​សម្រាប់​ទី​ម័​រ​ខាងកើត​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៥១​។

​សូមជម្រាបថា រយៈពេល​១៦​ឆ្នាំ​ហើយ ដែល ទី​ម័​រ​ខាងកើត បានទទួល​ឯករាជ្យ និង​ក្លាយជា​សមាជិក​អង្គការសហប្រជាជាតិ ។ រដ្ឋ​ក្មេងខ្ចី​ជាងគេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បានដាក់​សំណើ​ដើម្បី​ទទួលបាន​សមាជិកភាព​ក្នុង​អាស៊ាន​នៅ​ឆ្នាំ​២០១១ ។ ក៏ប៉ុន្តែ​ប្រាំពីរ​ឆ្នាំ​មកនេះ ទី​ម័​រ​ខាងកើត មានឈ្មោះ​ត្រឹមតែ​ជា​រដ្ឋ​អង្កេត​ការណ៍ និង​នៅតែ​បន្ត​ស្ថិតក្រោម​ការវាយតម្លៃ របស់​គណៈកម្មាធិការ​អាស៊ាន​។​

​នៅ​ឆ្នាំ​២០១៧​កន្លងទៅ ដែលជា​ពេល​ហ្វីលីពីន​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត បាន​រំពឹង​យ៉ាង​មុតមាំ​ថា​ខ្លួន​នឹង​អាច​ក្លាយជា​សមាជិក​ផ្លូវការ​ទី​១១​របស់​អាស៊ាន ដ្បិត មាន​មេដឹកនាំ​អាស៊ាន មួយចំនួន រួមទាំង​ឥណ្ឌូណេស៊ី ក៏បាន​សន្យា​ជួយ​។ ក៏ប៉ុន្តែ ក្តី​រំពឹង​នោះ មិនអាច​កើត​ឡើយ​បានឡើយ ហើយ​ឆ្នាំ​២០១៨​នេះ លទ្ធភាព ក៏​កាន់តែ​ឆ្ងាយ​ទៀត​៕



Tag:
 អាស៊ាន​
  ទី​ម័​រ​ខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com