អន្តរជាតិ
ចិន​តវ៉ា ក្រោយ​អាមេរិក​អញ្ជើញ​ប្រធានាធិបតី​តៃវ៉ាន់​ចូល​ទស្សនា​ទីតាំង NASA
21, Aug 2018 , 8:39 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen កំពុងទស្សនាមជ្ឈមណ្ឌលរបស់ NASA (រូបភាពពីគេហទំព័រការិយាល័យប្រធានាធិបតីតៃវ៉ាន់)
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen កំពុងទស្សនាមជ្ឈមណ្ឌលរបស់ NASA (រូបភាពពីគេហទំព័រការិយាល័យប្រធានាធិបតីតៃវ៉ាន់)
​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២០ ខែសីហា បាន​តវ៉ា​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​អវកាស​របស់ NASA កាលពី​ចុង​សប្ដាហ៍​មុន​។ លោកស្រី Tsai Ing-wen ឈប់​សំចត​ទឹកដី​អាមេរិក ក្រោយ​ត្រឡប់​ពី​ការធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​សម្ព័ន្ធមិត្ត​ចំនួន​ពីរ​រួចមក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ចិន​ប្រឆាំង​ទំនាក់ទំនង​ការទូត​រវាង​អាមេរិក និង​តៃវ៉ាន់ និង​បាន​ប្រាប់​ឲ្យ​អាមេរិក​គោរព​ខ្ជាប់ខ្ជួន​នូវ​នយោបាយ​ចិន​តែមួយ​។​



​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជា​មិត្ត​ចំនួន​ពីរ គឺ​ប៉ា​រ៉ា​ហ្កា​យ និង​បេ​លី ។ ក្នុង​ដំណើរ​ទៅ​មាតុភូមិ​វិញ លោកស្រី​ក៏​ឈប់​សំចត​នៅ​អាមេរិក ដែល​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាងខ្លាំង​។ ចិន​រឹតតែ​ក្ដៅស្លឹកត្រចៀក ពេល​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ​ចូល​ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​បេសកកម្ម​របស់​រដ្ឋបាល​អវកាស និង​លំហ​ជាតិ (NASA) ក្នុង​រដ្ឋ​តិច​សាស់ កាលពី​ចុង​សប្ដាហ៍​មុន​។​

​លោកស្រី Tsai ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​ដំបូង​គេ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​អវកាស Johnson ក្នុង​ទីក្រុង​ហូ​ស្តុ​ន ដែល​កន្លងមក​រឹតត្បិត​ការធ្វើ​ទស្សនកិច្ច​របស់​អ្នកជំនាញ​ចិន ព្រោះ​បារម្ភ​ពី​ការ​បែកធ្លាយ​ការសម្ងាត់​។ កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​តៃវ៉ាន់​រូបនេះ​ក៏បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ​ល្បីឈ្មោះ​របស់​អាមេរិក​ទៅទៀត ដែល​នេះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​ខិតជិត​របស់​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ​។​

​សកម្មភាព​នៅ​បរទេស​របស់​មេដឹកនាំ​តៃវ៉ាន់​ជាពិសេស​នៅ​ទឹកដី​អាមេរិក មិន​ធ្វើ​ឲ្យ​ចិន​សប្បាយចិត្ត​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា ចិន​បានដាក់​លិខិតតវ៉ា​ទៅកាន់​ប្រទេស​ទាំងអស់​ដែលមាន​ទំនាក់ទំនង​ជាមួយ​ខ្លួន​រាប់ទាំង​អាមេរិក​ផង​ចំពោះ​ការទាក់ទង​ដោយផ្ទាល់​ជាមួយ​តៃវ៉ាន់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែសីហា លោក Lu ក៏​ប្រាប់​ឲ្យ​អាមេរិក​គោរព​នយោបាយ​ចិន​តែមួយ​ឲ្យ​បាន​ដាច់ខាត​។​

​ដោយ​ចង់​សំដៅ​បដិសណ្ឋារកិច្ច​រាក់ទាក់​ពី​អាមេរិក​ទៅលើ​លោកស្រី Tsai មន្ត្រី​ក្រសួងការបរទេស​ចិន​ខាងលើ​បាន​ព្រមាន​ដែរ​ថា ក្រុម​ដែល​ចង់​ផ្ដាច់ខ្លួន​នៅ​តៃវ៉ាន់ មិនគួរ​ត្រូវបាន​ជួយ ឬ​ផ្ដល់​ផ្ដល់​វេទិកា​នៅលើ​ឆាក​អន្តរជាតិ​ឡើយ​។ នៅមុន​ចាក​ចេញពី​តៃវ៉ាន់ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើក​នេះ ជា​ការលើក​មុខមាត់​តៃវ៉ាន់ និង​អះអាងថា គ្មាន​នរណា​អាច​លុបបំបាត់​តៃវ៉ាន់​បានឡើយ​។​

​ប៉ា​រ៉ា​ហ្កា​យ និង​បេ​លី ជា​ប្រទេសមួយ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​សេសសល់​តូចៗ​និង​ក្រីក្រ​ចំនួន ១៧ លើ​ពិភពលោក​ដែល​បន្ត​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​។ សម្ព័ន្ធមិត្ត​តៃវ៉ាន់​បន្ត​រត់ចេញ​ម្តង​មួយៗ​កន្លងមក ដោយសារ​ចិន​ព្យាយាម​ប្រើប្រាស់​នយោបាយ​ការទូត​ដុល្លារ ព្រោះ​តៃវ៉ាន់​មិនអាច​មានប្រៀប​លើ​ចិន​ឡើយ និយាយ​ដូច​រឿង​លុយ​។ ដូច​ឃើញស្រាប់ ប៊ូ​គី​ណា​ហ្វា​សូ សាធារណរដ្ឋ​ដូ​មី​និក និង​អែល​សាល់​វ៉ា​ឌ័​រ​ទើប​រត់ចោល​តៃវ៉ាន់​ទៅ​ស្រវា​ទឹកប្រាក់​របស់​ចិន​
  

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់​
  NASA
© រក្សាសិទ្ធិដោយ thmeythmey.com