អន្តរជាតិ
រុស្ស៊ី ត្រៀមធ្វើសមយុទ្ធយោធាទ្រង់ទ្រធំបំផុតចាប់តាំងពីសម័យសូវៀត រថក្រោះរុស្ស៊ីក្នុងសមយុទ្ធ Zapad ឆ្នាំ២០១៧ (រូបភាព Sputnik)
× រុស្ស៊ី កំពុងរៀបចំធ្វើសមយុទ្ធយោធាធំជាងគេក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu និយាយថា សមយុទ្ធនេះនឹងមានទំហំដែលមិនធ្លាប់មានពីមុនមក ក្រោយការដួលរលំសហភាពសូវៀត ។ អ្នកជិតខាងពីរប្រទេសរបស់រុស្ស៊ី គឺចិន និងម៉ុងហ្គោលី ក៏នឹងចូលរួមក្នុងសមយុទ្ធយោធានេះដែរ។ អ្វីដែលគេដឹងច្បាស់នោះ សមយុទ្ធនេះនឹងធ្វើឲ្យបក្សសម្ព័ន្ធយោធាណាតូ ជ្រួលច្រាល់ខ្លាំងមិនខាន។
សមយុទ្ធទ្រង់ទ្រាយធំមួយចង្វាយ ដែលមានឈ្មោះថា Vostok-2018 នឹងកើតឡើងនៅពេលខាងមុខនៅទឹកដីរុស្ស៊ីក្នុងតំបន់ស៊ីបេរី និងតំបន់ចុងបូព៌ា ហើយដែលជាសមយុទ្ធដ៏ធំមិនធ្លាប់មានពីមុនមក។ ប្រមុខការពារជាតិរុស្ស៊ី Sergey Shoigu បញ្ជាក់ថា នេះជាសមយុទ្ធមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ បើនិយាយពីទំហំទីតាំងដែលត្រូវរៀបចំ និងចំនួនយោធាដែលត្រូវចូលរួម។
បើតាមសារព័ត៌មានរុស្ស៊ី RT លោក Shoigu និយាយថា ផែនការសមយុទ្ធនេះ ក៏មានទំហំធំជាងសមយុទ្ធរបស់សហភាពសូវៀតក្នុងឆ្នាំ១៩៨១ ដែលត្រូវបានចាត់ទុកជាលំហាត់យោធាជាងគេនៅសម័យនោះ។ កាលនោះ សមយុទ្ធដ៏ធំមួយត្រូវបានធ្វើឡើងលើទឹកដីប្រទេសជាច្រើនចំណុះសហភាពសូវៀតដូចជាបេឡារុស អ៊ុយក្រែន និងនៅរដ្ឋសមុទ្របាល់ទិកបីទៀត ខណៈសមាជិកខ្លះនៃសន្ធិសញ្ញាវ៉ាសូវីក៏បញ្ជូនកម្លាំងចូលរួមដែរ។
ទោះជារំពឹងថា នឹងមានចំនួនកងទ័ពចូលរួមច្រើនមែន តែរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីមិនបានបង្ហាញចំនួនជាក់លាក់អ្វីទេ តែមានទាហានបរទេសចូលរួមដែរដូចជាចិន និងម៉ុងហ្គោលីជាដើម។ ក្រសួងការពារជាតិចិនបានប្រកាសរួចហើយពីចំនួនទាហានដែលត្រូវបញ្ជូនទៅកាន់ទឹកដីរុស្ស៊ី។ ទាហានច្រើនជាងបីពាន់នាក់ ឧបករណ៍យោធាជាង៩០០គ្រឿង ព្រមជាមួយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងជាង៣០គ្រឿង នឹងចូលរួមក្នុងសមយុទ្ធ Vostok-2018 ។
បើដូចការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី សមយុទ្ធប្រចាំឆ្នាំ២០១៨ នឹងមានវត្តមានទាហានច្រើនជាងសមយុទ្ធ Zapad ឆ្នាំ២០១៧ ដែលធ្វើឲ្យលោកខាងលិចខឹងសម្បារយ៉ាងខ្លាំង។ សមយុទ្ធនោះ មានទាហានចំនួនជិត១៣ពាន់នាក់ យន្តហោះចម្បាំង៧០គ្រឿង កប៉ាល់១០គ្រឿង និងយុទ្ធោបករណ៍យោធាជាង៦៨០គ្រឿងពាន់ទៀត។ បស្ចិមលោកបានចោទរុស្ស៊ីថា ប្រុងប្រៀបឈ្លានពានប្រទេសជិតខាង។
ផែនការសមយុទ្ធនេះ ប្រាកដជារងប្រតិកម្មពីសម្ព័ន្ធណាតូមិនខាន ហើយណាតូក៏នឹងរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយដែរជាការឆ្លើយតបនឹងក្រុងមូស្គូ។ កាលពីឆ្នាំមុន ណាតូបានបើកសមយុទ្ធយោធាមួយនៅប៉ូឡូញដែលចូលរួមដោយប្រទេសជាងដប់ ហើយចំនួនយោធាចូលរួមមានច្រើនជាងចំនួនយោធារុស្ស៊ីក្នុងសមយុទ្ធ Zapad ទៅទៀត៕
Tag:
រុស្ស៊ី
ចិន
សូវៀត
© រក្សាសិទ្ធិដោយ thmeythmey.com