ជាតិ
នយោបាយជាតិ
អង់គ្លេសប្ដេជ្ញាជួយកម្ពុជា
× ភ្នំពេញ៖ អង់គ្លេសនៅតែបន្តជាមិត្តរបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក នៅក្នុងជំនួបនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ សីហា។
ក្នុងដំណើរទស្សនកិច្ចកម្ពុជាលើកដំបូងលោក Mark Field បានបញ្ជាក់ពីជំហរថា អង់គ្លេស នៅតែជួយអភិវឌ្ឍកម្ពុជាលើវិស័យសេដ្ឋកិច្ច, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន, លើវិស័យប្រែប្រួលអាកាសធាតុ, វិស័យអប់រំ, វិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាដើម។ ជាពិសេសវិស័យដោះមីន។
តាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់សម្ដីលោកអនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ដូច្នេះថា៖«លោក Mark Field មានសេចក្តីរីករាយ ជាពិសេសទំនាក់ទំនងកម្ពុជា និងចក្រភពអង់គ្លេស គឺទំនាក់ទំនងទ្វេភាគី មានភាពល្អយ៉ាងខ្លាំង ហើយទំនាក់ទំនងជាមួយអាស៊ានក៏ដូចគ្នាដែរ។ ក្នុងន័យនេះ លោកចង់ឲ្យទំនាក់ទំនងនេះ កាន់តែបន្តរឹងមាំថែមទៀត»។
ចក្រភពអង់គ្លេស តែងតែផ្តល់ជំនួយដល់កម្ពុជា តាមរយៈវិស័យអប់រំ ដែលជាវិស័យនៃការបណ្តុះបណ្តាលធនធានមនុស្សនេះ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យចក្រភពអង់គ្លេស ពិចារណាជួយដល់វិស័យដោះមីន និងមជ្ឈមណ្ឌលដោះមីនអាស៊ាន ដែលមានទីតាំងនៅប្រទេសកម្ពុជាផង ព្រោះវាមានតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលប្រជាជននៅក្នុងតំបន់អាស៊ាន ជាពិសេដើម្បីបម្រើការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព នៅក្នុងពិភពលោកផងដែរ៕
Tag:
Mark Field
ហ៊ុន សែន
អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com