អន្តរជាតិ
នៅ​សិង្ហ​បុរី លោកស្រី ស៊ូ​ជី ប្រកាស​ជាថ្មី​ពី​បំណង​កែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចប់​ឥទ្ធិពល​យោធា
22, Aug 2018 , 12:07 pm        
រូបភាព
​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បានប្រកាស​ជាថ្មី​ពី​បំណង​របស់​រដ្ឋាភិបាល​ខ្លួន​ក្នុង​ការជំរុញ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ភាពជោគជ័យ​នៃ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម និង​ការកែទម្រង់​នយោបាយ​ពេល​ស្ថិតនៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​។ មេដឹកនាំ​មី​យ៉ាន់​ម៉ា​នេះ​សង្កត់ធ្ងន់ថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​នឹងត្រូវ​ធ្វើឡើង​តាម​ការចរចារ​ក្នុង​ស្មារតី​ផ្សះផ្សា​ជាតិ​ផង​។​



​ពេល​ផ្ត​ល់ប​ឋ​កថា​សាធារណៈ​នៅ វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគេ្នយ៍ (ISEAS) សិង្ហ​បុរី​ថ្ងៃ ២១ ខែសីហា លោកស្រី ស៊ូ​ជី បាន​អះអាងថា ការ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នៅតែ​ជា​រឿង​អាទិភាព និង​ស្ថិតក្នុង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​លោកស្រី​ដ​ដែរ​។

​លោកស្រី​បាន​និយាយ​ដូច្នេះ​៖«​យើង​នៅតែ​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ ហើយ​វា​នៅ​ស្ថិតនៅក្នុង​របៀបវារៈរ​បស់​រដ្ឋាភិបាល​យើង​ដ​ដែរ​។ យើង​នឹង​ជំរុញ​ឲ្យ​មានការ​កែប្រែ​នេះ​ទៀត​»​។​
​ការលើកឡើង​ជាថ្មី​ពី​គម្រោង​ជំរុញ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​បង្កើតឡើង​ចាប់ពី​ឆ្នាំ ២០០៨ ដោយ​ក្រុម​យោធា បង្ហាញ​ពី​ឆន្ទៈ​រដ្ឋាភិបាល​ស៊ីវិល​លោកស្រី ស៊ូ​ជី​ក្នុងការ​ជំរុញ​ការ​ទម្រង់​នយោបាយ​។ គេ​ដឹង​ច្បាស់​ថា រដ្ឋ​ធម្ម​នុ​ញ្ញា​ឆ្នាំ ២០០៨ នេះ​ជា​បញ្ហា និង​ឧបសគ្គ​ចម្បង​សម្រាប់​ការធ្វើ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​នៅ​មី​យ៉ាន់​ម៉ា ព្រោះ​អំណាច​ទាំងស្រុង​មិនអាច​ធ្លាក់​ក្នុង​កណ្តាប់ដៃ​រដ្ឋាភិបាល​ស៊ីវិល​ឡើយ ហើយ​វា​ក៏​ឃារឃាំង​លោកស្រី ស៊ូ​ជី មិន​ឲ្យ​ឡើង​តំណែង​ជា​ប្រធានាធិបតី​ថែមទៀត​។

​រដ្ឋធម្មនុញ្ញ​ដដែល​នោះ​ក៏​កំណត់ថា អាសនៈ​សភា​ចំនួន ២៥​ភាគរយ​ត្រូវ​រក្សាទុក​សម្រាប់​តំណាងរាស្ត្រ​ដែល​ស្នើ​ដោយ​ក្រុម​យោធា​ដែល​មិន​ឆ្លងកាត់​តាម​ការបោះឆ្នោត​។ ដូច្នេះហើយ​ការ​ប្រជែង​ក្នុងការ​បោះឆ្នោត​គឺ​ដណ្តើម​កៅអី​ត្រឹម ៧៥​ភាគរយ​ប៉ុណ្ណោះ​។

​ក្រៅពីនេះ រដ្ឋធម្មនុញ្ញ​នេះ​ក៏បាន​ចែង​ផ្តល់​សិទ្ធិ​អាទិភាព​ឲ្យ​ក្រុម​យោធា​គ្រប់គ្រង​ក្រសួង​សំខាន់​ចំនួន​បី​មាន​ដូច​ក្រសួងការពារជាតិ ក្រសួង​ការពារ​ព្រំដែន និង​កិច្ចការ​ផ្ទៃក្នុង​ដែល​សុទ្ធសឹងតែ​ជា​ក្រសួង​កាន់កាប់​កង​ម្លាំ​ង​ប្រដាប់អាវុធ​។ ក្រុម​នេះ​អាចមាន​សិទ្ធិ​ចូល​អន្តរាគមន៍​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​មក​គ្រប់គ្រង​ផង បើសិន​ជាមាន​កើត​គ្រោះអាសន្ន​ឬ​អសន្តិសុខ​កើតឡើង​នោះ​។​

​យ៉ាងណាក៏ដោយ ការកែ​រដ្ឋធម្មនុញ្ញ​នៅ​មី​យ៉ាន់​ម៉ា​ជា​រឿង​លំបាក​ខ្លាំង​។ លំបាក​ត្រង់​ថា រដ្ឋធម្មនុញ្ញ​កំណត់​ជាស្រេច​ថា ដើម្បី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ ត្រូវការ​សំឡេងគាំទ្រ​ពី​សមាជិកសភា​យ៉ាងហោចណាស់ ៧៥​ភាគរយ បូក​ជាមួយ​ប្រជាមតិ​មួយទៀត​ក្នុងចំណោម​ប្រជាជន​មី​យ៉ាន់​ម៉ា​ទូទាំងប្រទេស​ទាំងមូល​ផង​។

​ជុំវិញ​ការលើក​ពី​បំណង​បន្ត​សុំ​កែ​រដ្ឋធម្មនុញ្ញ​នេះ លោកស្រី​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​សង្កត់ធ្ងន់ថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវធ្វើ​តាមរយៈ​ការចរចា​គ្នា​ជាមួយ​ក្រុម​យោធា និង​រក្សា​ដំណើរ​ផ្សះផ្សា​ជាតិ​ដដែល​។​

​លោកស្រី​បញ្ជាក់ថា​៖ «​យើង​ត្រូវ​បញ្ចប់​តំណាងរាស្ត្រ​ដែល​ឡើងកាន់តំណែង​មិន​ឆ្លងកាត់​តាម​ការបោះឆ្នោត​ប៉ុន្តែ​យើង​ត្រូវ​រៀបចំឡើង​តាមរយៈ​ការចរចា​គ្នា​ហើយ​រក្សាទុក​ជំហ​ផ្សះផ្សា​ជាតិ​ជានិច្ច​»​។​

 សូមបញ្ជាក់ថា លោកស្រី ស៊ូ​ជី ស្ថិតក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​រយៈពេល​បួន​ថ្ងៃ​នៅ​សិង្ហ​បុរី​តប​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​។ ក្រៅពី​ទស្សនកិច្ច លោកស្រី​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ផ្តល់​សុន្ទរកថា​នៅ​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគេ្នយ៍ ហើយ​ក្នុងពេលនោះ​លោកស្រី​បាន​ផ្តោតលើ​បញ្ហា​ជាច្រើន​ដែល​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​ក្នុងដំណាក់កាល​អន្តរកាល​នយោបាយ​ទៅ​ប្រជាធិបតេយ្យ​ក្នុងនោះ​មាន​ជម្លោះពូជសាសន៍ និង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ផង​៕



Tag:
 សិង្ហ​បុរី​
  មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com