ទោះជាធ្លាប់ជាប់ពន្ធនាគារប៉ុន្មានដងក៏ដោយ ក៏នៅតែត្រូវជាប់ពន្ធនាគារសាជាថ្មីដែរ ឲ្យតែល្មើសនឹងច្បាប់។ នេះជាការព្រមានរបស់សម្តេច ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។
មានការព្រមានបែបនេះ ដោយសារតែនាយករដ្ឋមន្ត្រីកម្ពុជា ហាក់ទើសភ្នែកនឹងឥរិយាបថរបស់អ្នកខ្លះ ដែលទើបនឹងចេញពីពន្ធនាគារ ហើយជាពិសេស ការបញ្ចេញមតិរបស់ពួកគេ ដូចជាលើសព្រំដែន។ មេដឹកនាំកម្ពុជារូបនេះ បានផ្តាំផ្ញើទៅកាន់អ្នកដែលទើបនឹងរួចផុតពីពន្ធនាគារយ៉ាងដូច្នេះថា៖«កុំព្រហើនពេក កុំស្មានថា គេមិនហ៊ានចាប់បញ្ចូលគុកវិញ។ បើប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត វាតែប៉ុណ្ណឹង»។
សម្តេច ហ៊ុន សែន ពន្យល់ហេតុផលថា ការលើកឡើងបែបនេះ មិនមែនរឹតត្បិត ឬបិទមាត់ពួកគេ មិនឲ្យបញ្ចេញមតិនោះទេ តែពួកគេ ក៏ត្រូវគិតពីសិទ្ធិរសប់អ្នកដទៃផងដែរ។ ប្រមុខរដ្ឋាភិបាល បន្ថែមថា ការបញ្ចេញមតិ មិនត្រូវប៉ះពាល់ដល់អ្នកណាម្នាក់ឡើយ។
ប៉ុន្មានថ្ងៃនេះ មានមនុស្សមួយចំនួន ត្រូវបានដោះលែងជាបន្តបន្ទាប់ ដែលរួមមាន លោក គឹម សុខ អ្នកវិភាគនយោបាយ លោកស្រី ទេព វន្នី សកម្មជនបឹងកក់ រួមទាំងអតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរីពីរនាក់ទៀត គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា។ ក្នុងចំណោមអ្នកចេញពីពន្ធនាគារទាំងនោះ មានតែលោក គឹម សុខ ប៉ុណ្ណោះ ដែលនៅតែហ៊ាននិយាយខ្លាំងៗ ជាពិសេសពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក គឹម សុខ ហាក់ដូចជាមិនរាងចាលឬក៏បាក់ស្បាតឡើយ ទោះជាធ្លាប់ជាប់ពន្ធនាគារ ដោយសារតែការវិភាគនេះក៏ដោយ។ លោក ប្រកាសរួចហើយថាលោក នឹងបន្តអត្ថាធិប្បាយរឿងនយោបាយនិងធ្វើកិច្ចការសង្គម។
ក្រៅពីផ្តាំផ្ញើទៅកាន់អ្នកដែលទើបចេញពីពន្ធនាគារឲ្យប្រុងប្រយ័ត្ននឹងពាក្យសម្តី សម្តេច ហ៊ុន សែន ក៏បានបង្ហើបពីដំណឹងល្អមួយដែរ គឺសម្តេច គ្រោងថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានលើកលែងទោសដល់មនុស្ស១២នាក់បន្ថែមទៀត។ នាយករដ្ឋមន្ត្រីកម្ពុជា មិនបានបញ្ចេញឈ្មោះ ឬបង្ហាញឲ្យចំឡើយ ថាមនុស្ស១២នាក់នោះ ជាអ្នកណា។
ទោះជាប្រមុខរដ្ឋាភិបាល មិនប្រាប់ឲ្យច្បាស់ក្តី ប៉ុន្តែ គេ សង្ស័យថា មនុស្ស១២នោះ ប្រហែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក មាជ សុវណ្ណារ៉ា និងអតីតសកម្មជននាក់ទៀត ឬក៏អាចមានទាំងលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏ថាបាន។
មជ្ឈដ្ឋាននានា រួមទាំងសហគមន៍អន្តរជាតិផង មើលឃើញថា ភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ប្រែក្លាយជាធូរស្រាលបន្តិច បន្ទាប់ពីការដោះលែងអ្នកជាប់ឃុំមួយចំនួន។ មជ្ឈដ្ឋានទាំងនោះ បានអំពាវនាវឲ្យរដ្ឋាភិបាល ក៏ដូចជាតុលាការ បន្តដោះលែងអ្នកផ្សេងទៀត រួមទាំងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិផងដែរ ដើម្បីធ្វើឲ្យស្ថានការណ៍នយោបាយ កាន់តែមានភាពល្អប្រសើរ៕