ពីនេះ ពីនោះ
«​សា​» និង​«​សារ​» សម្រាប់​ភ្ជាប់​ជាមួយ​ពាក្យ​ដទៃ​ខុសគ្នា​ដូចម្តេច​?
25, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ​«​សា​» និង​«​សារ​» នេះ​ធ្វើ​ឲ្យ​សាធារណជន​ប្រើ​បូកឡូក​គ្នា និង​ច្រឡំ​គ្នា​ក្នុងការ​ប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ​នៅក្នុង​សំណេរ​ទូទៅ​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ ពាក្យ «​សា​» និង​«​សារ​» សម្រាប់​ប្រើ​ខុសគ្នា​ដូចខាងក្រោម​៖



​ការពិតទៅ ពាក្យ «​សា​» សម្រាប់​ប្រើ​ជាមួយ​ពាក្យ​ដែល​នៅ​ខាងដើម​នៃ​ពាក្យ​ផង និង​ខាងចុង​នៃ​ពាក្យ​ផង ដើម្បី​ភ្ជាប់​ជាមួយ​ពាក្យ​ដទៃទៀត​។ ពោល​មានដូចជា សាមកវិញ​, ដើរ​សាចុះសាឡើង​, សាទុក្ខ​សាទោស​សា​ធ្វើ​ជាថ្មី​, សាស្រូវ​, និយាយ​សាទុក្ខ​, បែកសា​, សាក​ន្ទ​ល​, ជំងឺសា​, សាត្រីក្អែក​, សា​ឡើងវិញ​, មួយ​សា​ពីរ​សា​, ដើរ​មួយ​សា​។​ល​។​

​ជាមួយគ្នា​ផងដែរ ពាក្យ «​សា​និយាយ​ឡើងវិញ​» គឺជា​ពាក្យ​ដែល​មហាជន​ទូទៅ​និយាយ​ខុសពី​ការសរសេរ​។ ពួកគេ​បែរជា​និយាយថា «​និយាយ​សា​ឡើងវិញ​»​នេះ​ទៅវិញ​។ ប៉ុន្តែ​មិនមែនជា​ពាក្យ​ដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត បង្គាប់​ឲ្យ​និយាយ​នោះទេ នេះ​គ្រាន់តែ​ជា​ពាក្យ​ដែល​ពលរដ្ឋ​និយាយ​ជាប់មាត់​តាំងពី​យូរ​មកហើយ​។ 

​ដោយឡែក ពាក្យ ដែលមាន «​សារ​» នៅ​ខាងដើម គឺ​សុទ្ធតែ​មានន័យថា ខ្លឹម​,​សេចក្តី​ខ្ជាប់ខ្ជួន​, មាំមួន​, រឹងប៉ឹង​, សេចក្តីក្លាហាន​, ខ្ពង់ខ្ពស់​,​សំខាន់​។​ល​។ ពាក្យ​ដែលមាន «​សារ​» នៅ​អម​ជាមួយ​នោះ មានដូចជា សារកម្មទណ្ឌ​, សារ​គិត​(​គិត​បាន​ខ្ជាប់ខ្ជួន​), សារគន្ធ​(​ក្លិន​ខ្លឹម​), សារជាត ឬ​សារព្រឹក្ស​(​ឈើ​មាន​ខ្លឹម​),​សារតាំង​(​សារ​សំបុត្រ សម្រាប់​តែងតាំង​), សារត្រា​រដ្ឋ​(​មន្ត្រី​ក្រសួងអប់រំជាតិ​), សារទិស គ្រប់​ទិស​, សារទុក្ខ​(​ទុក្ខ​គ្រប់សព្វ​),​សារទ្រព្យ​(​ធន ទ្រព្យ​មានតម្លៃ​), សារបណ្ណ ឬ​សារ​ប័​ព្វ​(​សារបញ្ជី​រឿង​, បញ្ជី​មាតិកា​), សារព័ត៌មាន​(​ដំណឹង​ពិត​,​កាសែត​),​សារព័ស្តុ​(​របស់​មានតម្លៃ​),​សារភាព​(​ភាវៈ​ពិត​),​សារភណ្ឌ​(​ទំនិញ​មានតម្លៃ​),​សារភូត​(​ដើមចម​),​សារមន្ទីរ​(​មន្ទីរ​ដាក់​ទុក​វត្ថុ​មានតម្លៃ​),​សារសព្ទ​(​ពាក្យពិត​,​ពាក្យ​មាន​ប្រយោជន៍​),​សារមតី​(​អ្នក​ដែលមាន​គំនិត​)​។​ល​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com