ជាតិ
សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់ ពន្យារពេល​សង​ប្រាក់​
24, Aug 2018 , 7:59 am        
រូបភាព
​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់ គួរតែ​ទទួលបាន​ការពន្យារពេល ឬ​ការបន្ធូរបន្ថយ​សង​ប្រាក់ ពី​ស្ថាប័នហិរញ្ញវត្ថុ ដែល​ខ្លួន​បាន​ខ្ចី​។ នេះ​ជា​ស្នើសុំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​គ្រប់​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។



​ថ្លែង​ចំពោះមុខ​កម្មករ​-​កម្មការិនី​ជាង​១,៧​ម៉ឺន​នាក់ នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៣​សីហា​នេះ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ យ៉ាង​ដូច្នេះ​ថា​៖«​សូម​ពន្យារពេល​ក្នុង​ការសង​ប្រាក់ ឬ​បន្ធូរបន្ថយ​មិន​យកការប្រាក់​ក្នុង​រយៈពេល​ណាមួយ​ដល់​អ្នករងគ្រោះ​ទឹកជំនន់ ដើម្បី​ការបន្ថយ​ការលំបាក​របស់​ពួកគាត់​»​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​បន្តថា ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ខូចខាត​អស់ហើយ ហើយ​បានធ្វើ​ឲ្យ​អ្នករងគ្រោះ គ្មាន​លទ្ធភាព​សង​ប្រាក់​ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ​តាម​ការកំណត់​បានឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅគ្រប់​ស្ថាប័នហិរញ្ញវត្ថុ បែបនេះ​ថា​៖ «​សូមកុំ​រឹបអូស​ទ្រព្យសម្បត្តិ​ពួកគាត់ ផ្ទុយទៅវិញ​ត្រូវមាន​ការយោគយល់ អធ្យាស្រ័យ​ដល់​ពួកគាត់​»​។ 

​លើសពីនេះ សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ធនាគារជាតិ និង​ក្រសួង​សេដ្ឋកិច្ច ធ្វើការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ដើម្បី​ជួយ​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​គ្រោះទឹកជំនន់​។​
​ជាមួយគ្នា មេដឹកនាំ​កម្ពុជា ក៏​សង្ឃឹមថា គណៈ​ពង្រឹង​មូលដ្ឋាន​ទាំងអស់ នឹង​បន្តធ្វើ​កិច្ចការ​នេះ នៅ​តំបន់​រងគ្រោះ ដែលមាន​ស្ថាប័នហិរញ្ញវត្ថុ​តាំងនៅ​ទីនោះ ដើម្បី​កាត់បន្ថយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​៕



Tag:
 ទឹកជំនន់​
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com