ជាតិ
សង្គមជាតិ
ក្មេងប្រុស​ខ្មែរ​២​នាក់ ត្រូវបាន​ជនជាតិ​ថៃ កាប់​ឲ្យ​រងរបួស​ធ្ងន់ ពេល​ឆ្លងដែន​ទៅ​បាច​ត្រី​
24, Aug 2018 , 2:33 pm        
រូបភាព
ដោយ:
​ក្មេងប្រុស​ជនជាតិខ្មែរ ដែលមាន​អាយុ​ក្រោម ១៥​ឆ្នាំ​ចំនួន ៦​នាក់ បាន​ឆ្លងដែន​ទៅ​បាច​ត្រី នៅ​ចំណុច​ភូមិខ​ង​ផែង ឃុំ​តាប​ប្រា​យ៉ា ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវបាន​ជនជាតិ​ថៃ ដេញ​វាយ និង​កាប់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ២​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៣ ខែសីហា​។



​នគរបាលជាតិ បាន​ស្រង់​សម្ដី​លោក​វរសេនីយ៍ទោ សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក ទៅ​ចុះផ្សាយ​ថា ហេតុការណ៍​ដែល​ជនជាតិ​ថៃ ដេញ​វាយ និង​កាប់​ក្មេងប្រុស​ជនជាតិខ្មែរ​ទាំ​ង​៦​នាក់ ហើយ​រងរបួស​ធ្ងន់​២​នាក់​នេះ កើតឡើង​នៅ​ម៉ោង​៣​រលៀស ត្រង់ចំណុច​កើតហេតុ​ខាងលើ​។ លោក បាន​បន្តថា ក្មេងប្រុស​ដែល​របួសធ្ងន់ រស់នៅ​ភូមិ​បន្ទាយ​មាន​ឬ​ទ្ឋិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ថ្មពួក ហើយ​បន្តទៅ​មន្ទីរពេទ្យបង្អែក​មង្គល​បូរី​។ ចំណែក​១​នាក់​ទៀត រស់នៅ​ទីកន្លែង​ដូចគ្នា រងរបួស​ធ្ងន់​បែកក្បាល ត្រូវបាន​ម្តាយ​ដឹក​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​នៅ​បឹង​ត្រួ​ន​។​

​នគរបាលជាតិ បាន​ស្រង់​សម្ដី លោក វរសេនីយ៍ឯក​ឡុង សំណាង មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក បានឱ្យដឹង​បន្ថែមថា ក្មេងប្រុស​ទាំង​៦​នាក់ បាននាំគ្នា​ដើរចូល​ទៅ​ត្រង់​ចំណុចដើម​ជើងគោ ឬ​ដើម​ស្តៅ​១០០ ដើម្បី​បាច​ត្រី​នៅក្នុង​ស្រែ​។ លោក ថា ទោះយ៉ាងណា ក៏​ជនជាតិ​ថៃ​នោះ មិនត្រូវ​ដេញ​វាយ និង​កាប់​ក្មេង​ទាំងនោះ​ឱ្យ​រងរបួស​បែបនេះ​ទេ​។ ចំពោះ​ករណីនេះ លោក​នឹង​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក និង​កម្លាំង​ទំនាក់ទំនង​ព្រំដែន ហើយ​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ស្រាវជ្រាវ និង​ស្វែងរក​ជនដៃដល់ ដើម្បី​នាំមក​សួរ​ការប្រើ​អំពើហិង្សា​លើ​ក្មេង​បែបនេះ​៕



Tag:
 ​ក្មេង​ខ្មែរ​
  ថៃ​
  សៅ សារឿន​
  ឡុង សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com