អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី Bishop លាលែង​ពី​តំណែង​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​
26, Aug 2018 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop បានសម្រេច​ចាកចេញ​ពី​តំណែង​នៅ​ថ្ងៃអាទិត្យ​ទី ២៦ ខែសីហា ដោយ​មិន​បន្តការងារ​ក្រោម​អាណត្តិ​នាយករដ្ឋមន្ត្រី​ថ្មី Scott Morission ឡើយ​។ លោកស្រី​ក៏​ទំនងជា​នឹង​ចូល​និវត្ត​ពី​នយោបាយ​ដោយ​ឈប់​បន្ត​ឈរឈ្មោះ​ជា​សមាជិកសភា​ទៀត​ដែរ​ចាប់ពី​ការបោះឆ្នោត​សភា​អាណត្តិ​ក្រោយ ។​

​ប្រមុខ​ការទូត​អូស្ត្រាលី​លោកស្រី Julie Bishop ប្រកាស​លាលែង​ពី​តំណែង​ពីរ​ថ្ងៃក្រោយ​មិត្តភក្តិ​ជិតស្និទ្ធ​ខ្លួន​លោក Malcolm Turnbull ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយសារ​រដ្ឋប្រហារ​ក្នុង​បក្ស​សេរីភាព​ដែលជា​បក្ស​កាន់អំណាច ។​
 
​បើតាម​សារព័ត៌មាន​អូស្ត្រាលី ABC រដ្ឋមន្ត្រីការបរទេស​វ័យ ៦២​ឆ្នាំ​រូបនេះ​នឹង​បានប្រកាសថា ទោះ​ចាក​ចេញពី​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​ក៏ដោយ លោកស្រី​នឹង​បន្ត​កា​ងារ​ជា​តំណាងរាស្ត្រ​ដដែល ប៉ុន្តែ​គ្មាន​ការសម្រេចចិត្ត​ឡើយ​ពី​ការបោះឆ្នោត​បន្ទាប់​។​
 
​លោកស្រី​និយាយ​ដូច្នេះ​៖« ខ្ញុំ​នៅតែ​ជា​សមាជិកសភា​ដែលជា​សំឡេង​ឲ្យ​តំបន់​ភាគ​លិច​អូស្ត្រាលី​។ ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ដោយ​គណ​បក្ស​សេរីភាព​សម្រាប់​អាសនៈ​នៅ​តំបន់ Curtin ភាគ​ខាងលិច​អូស្ត្រាលី ហើយ​ខ្ញុំ​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ​សម្រាប់​ការបោះឆ្នោត​ឆ្នាំក្រោយ​»​។​
 
​នៅ​ថ្ងៃអាទិត្យ​នេះដែរ រដ្ឋមន្ត្រី​អប់រំ​អូស្ត្រាលី Simon Birmingham បាន​ហៅ​លោកស្រី Bishop ថា​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​គណបក្ស​សេរីភាព​។ ចំណែក​អតីត​នាយករដ្ឋមន្ត្រី​លោក Turnbull បានចាត់ទុក​លោកស្រី​ជា​មិត្ត​ដ៏​យូរអង្វែង​មួយ និង​ជា​រដ្ឋមន្ត្រីការបរទេស​ដែល​ប៉ិនប្រសព្វ​មួយរូប​ដែរ​។​
 
​តាមពិតទៅ​ការលាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រីការបរទេស​រូបនេះ ចំពេល​ដែល​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថ្មី​លោក Scott Morrison ដែល​ធ្លាប់ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច រៀបចំ​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​។ លោកស្រី Bishop អាច​ដឹង​ច្បាស់​ថា​លោកស្រី​មិនអាច​ទទួល​តួនាទី​ជា​រដ្ឋមន្ត្រីការបរទេស​ដដែល​ទេ តាម​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជែង​ក្នុង​បក្ស​កាលពី​សុក្រ​នោះ​។​
 
​ក្នុងការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​ក្នុងចំណោម​សមាជិក​បក្ស​កាន់អំណាច លោកស្រី​ខ្ទាត​ចេញ​តាំងពី​ជុំទីមួយ​ដោយបាន​ទទួល​សំឡេងគាំទ្រ​ត្រឹម ១១​សំឡេង​ពី​សមាជិក​សរុប ៨៥​នាក់​។  ជុំ​ចុងក្រោយ លោក Morrison បាន​សំឡេងគាំទ្រ​ភាគច្រើន និង​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com