កីឡាករបាល់ទាត់លំដាប់ពិភពលោកជាច្រើនលើសលុបប្រើប្រាស់រថយន្តដែលមានតម្លៃខ្ពស់ និងស៊េរីប្រណីតៗ ប៉ុន្តែសម្រាប់ខ្សែបម្រើក្លិប Chelsea និងក្រុមជម្រើសជាតិបារាំង N’Golo Kante វាមិនមែនជាជម្រើសអាទិភាពនោះឡើយ ដោយគេពេញចិត្តតែរថយន្តប្រភេទ Mini ដ៏សាមញ្ញប៉ុណ្ណោះ។
«ខ្ញុំមិនមែនជាមនុស្សដែលស្រឡាញ់រថយន្តនោះឡើយ ហើយនៅពេលដែលខ្ញុំនៅក្មេង ខ្ញុំមិនដែលមានមហិច្ឆតាចង់បានរថយន្ត ឬក៏អ្វីផ្សេងលើសលុបនោះឡើយ»។ នេះជាសំដីរបស់ខ្សែបម្រើលំដាប់ពិភពលោក N’Golo Kante ដែលត្រូវបានដកស្រង់ដោយកាសែត The Sun។
Kante អាយុ២៧ឆ្នាំ ដែលមានឪពុកម្តាយជាជនជាតិម៉ាលី ដែលបានធ្វើអន្តោប្រវេសន៍ទៅប្រទេសបារាំង កាលពីអំឡុងឆ្នាំ១៩៨០ នោះ ត្រូវបានចាត់ទុកជាកីឡាករលំដាប់ពិភពលោកម្នាក់ដែលមានចរិតសុភាពរាបសារ និងមិនសម្ភារនិយមម្នាក់។
តាមពិតទៅក្រោយពីគេផ្លាស់ពីក្លិប Caen របស់បារាំង ទៅកាន់ក្លិប Leicester City នៅឆ្នាំ២០១៥ ក្នុងតម្លៃប្រមាណ៨លានអឺរ៉ុប (ជាង៩,៣០លានដុល្លារអាមេរិក) Kante ចង់រត់ទៅហ្វឹកហាត់ ជាជាងការជិះរថយន្ត ប៉ុន្តែមិត្តភក្តិម្នាក់បានបញ្ចុះបញ្ចូលគេឲ្យទិញរថយន្តដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។ ទីបំផុត កីឡាកររូបនេះ សម្រេចចិត្តទិញរថយន្ត Mini Cooper S។
ខ្សែបម្រើរូបនេះ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា៖ «រថយន្ត Mini របស់ខ្ញុំ ដែលប្រើជាលើកដំបូងនេះ មានដំណើរការល្អ ហើយពិតជាងាយស្រួលក្នុងការបើកបរចង្កូតឆ្វេង។ ខ្ញុំប្រើប្រាស់វានៅ Leicester ហើយខ្ញុំនៅតែបន្តប្រើប្រាស់វារហូតដល់បច្ចុប្បន្ន។ ប៉ុន្តែវានៅល្អ»។
បើតាមប្រភពមួយចំនួន រថយន្ត Mini Cooper S ពណ៌ស របស់ Kante នោះ ជារថយន្តមួយទឹក ដែលត្រូវបានប៉ាន់ស្មានថា មានតម្លៃប្រមាណ ២,៥ ម៉ឺនដុល្លារអាមេរិក។ ក្រោយពេលដែល Leicester City ឈ្នះពាន Premier League លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លិបជនជាតិថៃ បានចំណាយលុយប្រមាណ២លានផោន ដើម្បីទិញរថយន្ត MBW i8 លើកទឹកចិត្តដល់កីឡាករ និងសមាជិកក្រុម ប៉ុន្តែ Kante មិនបានទទួលចំណែកនេះឡើយ ដោយសារតែគេបានផ្ទេរទៅកាន់ក្លិប Chelsea ក្នុងតម្លៃ៣២លានផោន រួចទៅហើយ។
នៅទឹកដី Stamford Bridge ទោះបីជាមានចំណូលប្រមាណ១២០ ០០០ផោន (ប្រមាណ១៥ម៉ឺនដុល្លារអាមេរិក) ក្នុង១សប្តាហ៍ក៏ដោយ ក៏ Kante ដែលឈ្នះពានជាច្រើននៅក្លិប ក្រុមជម្រើសជាតិ និងពានផ្ទាល់ខ្លួន ហាក់ដូចជាបន្តមិនអើពើនឹងសម្ភារថ្លៃៗ បន្ថែមពីលើនេះ គេក៏មិនដឹងថា ខ្សែបម្រើលំដាប់ពិភពលោករូបនេះ មានមិត្តស្រី ឬយ៉ាងណានោះឡើយ។
ក្រោយឈ្នះ Premier League ជាប្រវត្តិសាស្ត្រនៅ Leicester ខ្សែបម្រើ Kante ទៅលើកពាននេះម្តងទៀតនៅ Chelsea និងបន្ថែមដោយពាន FA Cup។ គេជាសមាជិកដ៏សំខាន់ម្នាក់ដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup កាលពីពេលថ្មីៗនៅរុស្ស៊ី និងបានលេខពីរពានរង្វាន់ EURO កាលពីឆ្នាំ២០១៦ ។
សម្រាប់ពានជាលក្ខណៈឯកត្តជនវិញ Kante ទទួលបានជាច្រើនប្រភេទ ដែលក្នុងនោះមានដូចជា PFA Players' Player of the Year (២០១៦-១៧), Premier League Player of the Season: (២០១៦-១៧), FWA Footballer of the Year: (២០១៦-១៧), Trophées UNFP for Best French Player Abroad, French Player of the Year: ២០១៧ និង L'Équipe Team of the Year: ២០១៧ ជាដើម៕