ជាតិ
អ្នកស្រី សួង គឹម​លាង មាន​វិប្បដិសារី​ជា​ពន់ពេក ដែល​ទុក​កូនប្រុស​ចោល រហូត​ត្រូវ​ភ្លើង​ឆេះ​សុស​ខ្លួន​
28, Aug 2018 , 1:59 pm        
រូបភាព
​សៀមរាប​៖ កុមារ សង ដេវីត មាន​អាយុ​ជាង​២ ឆ្នាំ​។ កុមារ​នេះ​ជា​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​។ ដេវីត ត្រូវបាន​ម្ដាយ គឺ​អ្នកស្រី សួង គឹម​លាង ទុក​នៅផ្ទះ​ជាមួយ​ជីតា​ជរា ងងឹតភ្នែក ព្រោះ​ត្រូវ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ទី​ឆ្ងាយ​។ ដេវីត ត្រូវបាន​ភ្លើង​ពំនូកចំបើង​ឆេះ​ស្ទើរ​សុស​ខ្លួនប្រាណ ខណៈ​គេ​កំពុង​រត់​លេង​នៅ​ទីនោះ​ជាមួយ​បងប្អូន​របស់គេ​។

 
​អ្នកស្រី សួង គឹម​លាង បាន​រម្លឹក​ពី​ហេតុការណ៍​នៅពេលនោះ​ថា វា​បាន​កើតឡើង​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ពេលដែល​អ្នកស្រី ចេញទៅ​ធ្វើការ​នៅ​ឆ្ងាយ​។ អ្នកស្រី​ថា កូន​របស់​អ្នកស្រី​ម្នាក់ទៀត បាន​ដុត​ដំឡូង​ហូប​នៅក្បែរ​ពំនូកចំបើង​នោះ ហើយ​មិនយូរប៉ុន្មាន ភ្លើង​ក៏បាន​រាលដាល​ដល់​ពំនូកចំបើង​ធំ ដែល​កូន​ទី​៣​របស់​អ្នកស្រី កំពុង​រត់​លេង​យ៉ាង​សប្បាយ​។ អ្នកស្រី​បន្ថែមថា ជា​សំណាងល្អ ដេវីត ត្រូវបាន​ជីតា​ដែល​ងងឹតភ្នែក​នៅក្បែរនោះ រត់​ស្រវា​ចាប់ទាញ​ដៃ​មក​ទាន់ពេលវេលា កុំ​អី​គេ​អាច​នឹង​ស្លាប់​។​ 
 
​អ្នកស្រី បាន​ពោល​បន្ថែមថា​៖« ពេលនោះ កូន​ខ្ញុំ (​ដេវីត​) នៅក្នុង​ពំនូក​ភ្លើងចំបើង ហើយ​ជីតា​បាន​ស្ទុះ​លូកដៃ​ទៅក្នុង​ពំនូក​ភ្លើង​នោះ និង​បាន​រងរ​បួង​រលា​កដៃ​គាត់​ទាំងសងខាង​ផងដែរ​»​។​

ភ្លាមៗ កុមារ ដេវីត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ក្រុង​សៀមរាប​។ នៅ​ទីនោះ គេ​ស្នាក់នៅ​ព្យាបាល​រយៈពេល​ពេញ ៣​ខែ ហើយ​ត្រូវ​ឡើងទៅ​លាងរ​បួង​មួយ​សប្ដាហ៍​ម្ដង​រយៈពេល​ជាង ២​ខែ​ទៀត​។ បច្ចុប្បន្ន​អាកា​រៈ​ជំងឺ​របស់​កុមារ ដេវីត ដែលមាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​ត្រពាំង ឃុំ​ដំ​ដែក ស្រុក​ដំ​ដែក ខេត្តសៀមរាប បាន​សះស្បើយ​ហើយ តែ​គេ​នៅមាន​អាកា​រៈរ​មាស់​នៅលើ​របួសស្នាម ជើង​ទាំងសងខាង​ដើរ​មិន​ត្រង់​ដូច​មុន និង​មាន​ស្នាម​រលាក​ធ្ងន់ធ្ងរ​នៅលើ​ស្បែក និង​សាច់​។ តាម​ការបញ្ជាក់​របស់​អ្នកស្រី គឹម​លាង ដែលជា​ម្ដាយ ខាង​មន្ទីរពេទ្យ​នឹងធ្វើ​ការវះកាត់​ស្បែ​កកូន​អ្នកស្រី​ម្ដងទៀត នៅ​អំឡុង​ខែ វិច្ឆិកា​ខាងមុខ​។

អ្នកស្រី គឹម​លាង មានកូន​ចំនួន​៣​នាក់ ហើយ​កុមារ ដេវីត ជា​កូន​ទី​៣​។ ស្ថានភាព​គ្រួសារ​អ្នកស្រី គឹម​លាង មាន​សភាព​លំបាក​ខ្លាំង ដោយ​បច្ចុប្បន្ន​ប្ដី​អ្នកស្រី​ធ្វើការ​ស៊ីឈ្នួល​គេ​នៅ​ខេត្ដ​កំពត​ឯណោះ​។ ក្រោយពេល​កើតហេតុ​មក អ្នកស្រី គឹម​លាង មិន​បានចេញ​ធ្វើការ​អ្វី​ទេ ដោយ​ត្រូវ​មើលថែរក្សា​កូន​នៅក្រោម​ដំបូលផ្ទះ​ខ្ន​ម​ស្បូវ​ទ្រុឌទ្រោម ដោយមាន​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន និង​អ្នកជិតខាង​ដែល​អាណិត​ស្រឡាញ់​គ្រួសារ​អ្នកស្រី​។​
 
​ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​នេះ អ្នកស្រី គឹម​លាង បាន​ប្រាប់ថា ពិត​ជាមាន​វិប្បដិសារី​ជាខ្លាំង និង​មាន​អារម្មណ៍​ថា​អ្នកស្រី​ខុស​ធ្ងន់ធ្ងរ​ណាស់​។ អ្នកស្រី​ផ្ដាំ​ទៅ​អាណាព្យាបាល​ឯទៀត ត្រូវ​យកចិត្តទុកដាក់​ទៅ​កូនៗ ដោយ​មិនត្រូវ​ទុក​ពួកគេ​ចោល​ឡើយ ទោះបី​ហេតុការណ៍​នេះ​យើង​មិនបាន​ដឹង​មុន​ក៏ដោយ​៕

Tag:
 សួង គឹម​លាង​
© រក្សាសិទ្ធិដោយ thmeythmey.com