ជាតិ
ចិន១៥នាក់នៅព្រះសីហនុ ត្រូវបានបញ្ជូនទៅតុលាការ ពីបទសេពគ្រឿងញៀន ប្រភព៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ជនជាតិចិនប្រុសស្រី ១៥នាក់ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន ហើយនាំទៅតុលាការ កាលពីថ្ងៃ២៧ ខែសីហា នៅក្លឹបកម្សាន្តមួយ បន្ទាប់ពីរកឃើញថា ពួកគេ មានសារធាតុញៀនក្នុងខ្លួន។ នេះបើតាមលោក ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ដែលទទួលខាងប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក ស៊ុន សុផាត បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា បើតាមច្បាប់ អ្នកប្រើប្រាស់គ្រឿងញៀន អាចជាប់ពន្ធនាគារពី១ខែ ទៅ៦ខែ។ ប៉ុន្តែ បើរកឃើញថា ពួកគេ គ្រាន់តែប្រើប្រាស់ធម្មតា ហើយមិនពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀន តុលាការ អាចនឹងបញ្ជូនទៅមណ្ឌលកែប្រែ។ ជាមួយគ្នានេះ សមត្ថកិច្ច អាចធ្វើកិច្ចសន្យាណែនាំជាមួយអ្នកអាណាព្យាបាល ដើម្បីព្យាបាល។
លោក ស៊ុន សុផាត បានបន្ថែមទៀតថា ករណីជួញដូរ ឬចែកចាយសារធាតុញៀន នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ លោក និយាយថា ក្រៅពីអ្នកមានសារធាតុញៀន ដែលត្រូវបញ្ជូនទៅតុលាការ អ្នកដទៃផ្សេងទៀតបានអនុញ្ញាតឱ្យត្រឡប់ទៅវិញហើយ ពីព្រោះពួកគាត់ជាភ្ញៀវដែលបានចូលទៅលេងកម្សាន្តនៅក្លឹបនោះប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធជាមួយគ្រឿងញៀនទេ។
កន្លងមកអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ត្រូវតែបង្ក្រាបដោយគ្មានការលើកលែង និងមិនអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយ យកទឹកដីខេត្តព្រះសីហនុ ធ្វើជាកន្លែងចែកចាយ ឬប្រើប្រាស់គ្រឿងញៀនជាដាច់ខាត៕
Tag:
ស៊ុន សុផាត
ចិន-គ្រឿងញៀន
យន្ត មីន
© រក្សាសិទ្ធិដោយ thmeythmey.com