ជាតិ
សង្គមជាតិ
រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​ដ៏​ធំ​មួយ​គ្រោង​បើក​នៅ​ខេត្ត ព្រះសីហនុ​
30, Aug 2018 , 8:40 pm        
រូបភាព
ក្រុមហ៊ុន ជីន ហួយ (​ខេ​ម​បូ​ឌា​) គ្រោង​នឹង​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​ដ៏​ធំ​មួយកន្លែង នៅលើ​ទឹកដី​នៃ​ខេត្ត ព្រះសីហនុ​។ គម្រោង​នេះ បាននិងកំពុង​ឆ្លង​កាត់ការត្រួតពិនិត្យ​ពី​អន្ដរក្រសួង ហើយ​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៩ សីហា​កន្លងទៅ នៅ​ក្រសួងបរិស្ថាន គម្រោង​នេះ​ក៏មាន​ការគាំទ្រ​ពី​បណ្ដា​អន្ដរក្រសួង​ទាំងនោះផងដែរ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួងបរិស្ថាន រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​របស់​ក្រុមហ៊ុន​ខាងលើ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅលើ​ផ្ទៃដី​ទំហំ​ជាង ១០​ម៉ឺន​ម៉ែត្រការ៉េ​។ គម្រោង​នេះ​បាន​សិក្សា និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដោយ​ក្រុមហ៊ុន ទីប្រឹក្សា អ៊ី & អេ ខន​សាល់​ធេ​ន​។​
 
​ក្រៅពី​គាំទ្រ​នូវ​គម្រោង​នេះហើយ អង្គប្រជុំ​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវមាន​ការយកចិត្ត​ទុក​ខ្ពស់​ក្នុងការ​ប្រើប្រាស់​សារធាតុ​គីមី​ក្នុងការ​រក្សា​គុណភាព​ផលិតផល និង​ត្រូវ​គិតគូរ​បន្ថែម​លើ​ការរក្សា​ធនធានបរិស្ថាន​នៅក្នុង​តំបន់​គម្រោង និង​ដាំ​កូនឈើ​បន្ថែម​ជាដើម​។ ក្នុងនោះដែរ ក្រុមហ៊ុន​ត្រូវ​រក​ជម្រើស​ផ្សេង​ក្រៅពី​ការប្រើប្រាស់​អុស​មកប្រើប្រាស់​ជា​អគ្គិសនី ឬ​ថាមពល​ផ្សេងៗ​ចំពោះ​ឡ​ចំហុយ​។​ល​។​
 
​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​នោះ​មិនបាន​បង្ហាញ​ពី​ពេលវេលា​នៃ​ការរៀបចំ​គម្រោង​សង់រោង​ចក្រ​ផលិត​ដំណាប់​ផ្លែឈើ​នៅពេលណា​ឱ្យ​ជាក់លាក់​នៅឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com