ជាតិ
២៥ខេត្ត/រាជធានី
ក្រសួងមហាផ្ទៃ ស្នើសុំ​បង្កើត​ខេត្ត​ថ្មី​២​ទៀត
31, Aug 2018 , 9:37 am        
រូបភាព
សម្តេច ហ៊ុន សែន និង​សម្តេច ស ខេង។ ប្រភពរូបថត ហ្វេសប៊ុក សម្តេច ស ខេង
សម្តេច ហ៊ុន សែន និង​សម្តេច ស ខេង។ ប្រភពរូបថត ហ្វេសប៊ុក សម្តេច ស ខេង
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល សុំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​ទៀត ដែល​បំបែក​ចេញពី​ខេត្តកណ្ដាល ខេត្ត​មណ្ឌល​គី​រី និង​រតនគីរី​។​

 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង កាលពី​ថ្ងៃទី​២៧ ខែសីហា បាន​ស្នើសុំ​សេចក្តីសម្រេច​ពីស​ម្ដេច ហ៊ុន សែន ក្នុង​ការបង្កើត​គណៈកម្មកា​រ​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ដឹកនាំដោយ​សម្ដេច ស ខេង ដោយផ្ទាល់ ។ ក្នុងករណី​សម្ដេច ហ៊ុន សែន ឯកភាព​ជាគោលការណ៍​លើ​គម្រោង​បង្កើត​ខេត្ត​ថ្មី​នេះ ក្រសួងមហាផ្ទៃ នឹង​ចាត់​មន្ត្រី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង ដើម្បី​រាយការណ៍​សុំ​យោបល់​ជា​បន្ត​បន្ទាប់ពី​សម្ដេច ហ៊ុន សែន​។​
 
​ក្រសួងមហាផ្ទៃ បានកំណត់​គោលដៅ​សិក្សា​លើ​ភូមិសាស្ត្រ​ខេត្តកណ្ដាល ខេត្ត​មណ្ឌល​គី​រី និង​រតនគីរី​។ បើតាម​ក្រសួងមហាផ្ទៃ ខេត្ត​មណ្ឌល​គី​រី គឺ​ត្រូវ​ពិនិត្យ​លើក​ត្តា​ភូមិសាស្ត្រ និង​ប្រជាពលរដ្ឋ​របស់​ស្រុក​កោះ​ញែក និង​ទីតាំង​ក្នុងស្រុក​លំផាត់ នៃ​ខេត្ត​រតនគីរី​។  ចំណែក​ខេត្ត​ថ្មី​មួយទៀត នឹងត្រូវ​បំបែក​ចេញពី​ខេត្តកណ្ដាល​។​
 
​លិខិត​សម្ដេច ស ខេង ដែល​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ចំពោះមុខ​នេះ ផ្អែក​តាម​ការពិនិត្យ​ជាទូទៅ​លើ​ស្ថានភាព​ភូមិសាស្ត្រ និង​ស្ថានភាព​ប្រជារាស្ត្រ ខ្ញុំ​យល់ឃើញថា គួរ​ឲ្យ​មានការ​សិក្សា​លទ្ធភាព ក្នុងការ​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​»​។​
 
​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា មាន​រាជធានី​-​ខេត្ត ចំនួន​២៥ ។ ដូច្នេះ​បើ​មានការ​បង្កើត​ខេត្ត​ថ្មី​ពីរ​ទៀត​មែន​នោះ កម្ពុជា​នឹងមាន​រាជធានី​-​ខេត្ត​២៧ ៕

Tag:
 ខេត្ត​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com