រដ្ឋាភិបាលស៊ីរី និងរុស្ស៊ីជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រកាសត្រៀមបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំដើម្បីរំដោះខេត្ត Idlib ដែលជាប់ព្រំដែនជាមួយតួកគី។ សមរភូមិ Idlib អាចជាទីតាំងវាយប្រយុទ្ធចុងក្រោយក្នុងវិបត្តិស៊ីរី ព្រោះជាមូលដ្ឋានរឹងមាំរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលក្រុងដាម៉ាស់។ ប៉ុន្តែនៅថ្មីៗនេះ យោធារុស្ស៊ី បានអះអាងថា លោកខាងលិចមានផែនការរៀបចំការប្រហារអាវុធគីមីនៅតំបន់នេះ ដើម្បីធ្វើជាលេសវាយស៊ីរី។ រុស្ស៊ីបានព្រមានក្រុមបស្ចិមប្រទេសវិញថា កុំលេងជាមួយភ្លើងឲ្យសោះ។
រុស្ស៊ី និងស៊ីរី នឹងបើកប្រតិបត្តិការយោធាដ៏ធំនៅខេត្ត Idlib ដើម្បីបោសសម្អាតក្រុមភេរវករឲ្យអស់។ នេះជាការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក្រោយជំនួបជាមួយសមភាគីស៊ីរី Walid al-Muallem ក្នុងរដ្ឋធានីមូស្គូនៅថ្ងៃទី៣០ ខែសីហា។ លោក Lavrov និយាយថា ទឹកដីភាគច្រើនរបស់ស៊ីរី ត្រូវបានរំដោះរួចហើយនៅសល់តែ Idlib ប៉ុណ្ណោះ ហើយដែលត្រូវតែបានប្រើប្រាស់ដោយក្រុមភេរវករដើម្បីវាយប្រហារលើមូលដ្ឋានយោធារុស្ស៊ី។
ក្នុងសន្នសីទសារព័ត៌មានក្រោយជំនួបបិទទ្វារ លោក Lavrov ក៏បានព្រមានលោកខាងលិចដែលមានផែនការបង្កើតការវាយប្រហារអាវុធគីមីនៅខេត្តភាគអាគ្នេយ៍ជាប់តួកគី ហើយយកវាធ្វើជាមូលហេតុដើម្បីវាយប្រហារស៊ីរី ដូចដែលធ្លាប់ធ្វើកន្លងមក។ បើតាមសារព័ត៌មាន RT ប្រមុខការទូតរុស្ស៊ីរូបនេះបញ្ជាក់ថា អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងរៀបចំបង្ករឿងជាថ្មីទៀតដើម្បីរំខានប្រតិបត្តិការកម្ទេចក្រុមភេរវកម្ម តែរុស្ស៊ីបានប្រាប់ពួកគេវិញហើយថា កុំលេងជាមួយភ្លើងឲ្យសោះ។
ការព្រមានរបស់លោក Lavrov ធ្វើឡើងក្រោយយោធារុស្ស៊ីអះអាងថា ក្រុមសកម្មជននៅស៊ីរីជាអ្នកអនុវត្តផែនការនេះ ដោយប្រើប្រាស់សារធាតុគីមីក្លរីនហើយទម្លាក់កំហុសលើទាហានស៊ីរី។ ក្រោមហេតុផលនេះ អាមេរិក និងលោកខាងលិច នឹងបើកប្រតិបត្តិការយោធាលើកម្លាំងស៊ីរី ដូចដែលជាបានធ្វើកាលពីខែមេសាកន្លងទៅ។ ពេលនេះ អាមេរិក អង់គ្លេស និងបារាំង បានបាញ់មីស៊ីលជាងមួយរយគ្រាប់លើស៊ីរី ទោះជារុស្ស៊ីអះអាងថា ទាហានស៊ីរីមិនបានធ្វើអ្វីក្ដី។
ហេតុអ្វី Idlib ?
ខេត្ត Idlib គឺជាទីតាំងចុងក្រោយរបស់ក្រុមភេរវករ និងឧទ្ទាមប្រឆាំងរដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad ។ ក្រោយជំនួយរបស់កម្លាំងយោធារុស្ស៊ី ទាហានគាំទ្ររបបដឹកនាំលោក Assad បានបើកយុទ្ធនាការជាបន្តបន្ទាប់ និងបានដណ្ដើមបានទឹកដីជាច្រើនដែលបាត់បង់ពេលជម្លោះចាប់ផ្ដើមដូចជានៅ Palmyra, Aleppo និង Ghouta ខាងកើតជាដើមផង។ ប្រជាជនស៊ីរីដែលរត់ភៀសខ្លួនពីកន្លែងនានា ក៏ដូចជាំក្រុមឧទ្ទាមដែលបាក់ទ័ពនោះ បានប្រមូលផ្ដុំគ្នានៅ Idlib ។
យុទ្ធនាការរបស់យោធាស៊ីរី ដែលគាំទ្ររុស្ស៊ីសំដៅរំដោះ Idlib អាចធ្វើឡើងទ្រង់ទ្រាយធំ តែក៏នឹងបង្កមហន្តរាយដែរ។ ដូចនេះហើយបានជាយោធារុស្ស៊ីទម្លាយផែនការរបស់ក្រុមបស្ចិមប្រទេសដែលចង់ការពារក្រុមឧទ្ទាមដែលខ្លួនបានផ្គត់ផ្គង់ជាច្រើនឆ្នាំក្នុងគោលដៅផ្ដួលលោក Assad ។ មានន័យថា គម្រោងវាយប្រហារដោយអាវុធគីមី គឺដើម្បីតែទប់ស្កាត់ ឬកាត់បន្ថយសមត្ថភាពរបស់យោធាស៊ីរី កុំឲ្យរុលទៅមុខកាន់តែខ្លាំងប៉ុណ្ណោះ។
លើសពីនោះ ការបាត់បង់ Idlib ក៏ជាសញ្ញាបង្ហាញភាពភាពទន់ខ្សោយរបស់ក្រុមឧទ្ទាម ដែលធ្លាប់តែធ្វើឲ្យកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់បាក់ស្បាតកន្លងមកដែរ។ បើក្រុមឧទ្ទាមអស់កន្លែងឈរជើង វាមានន័យស្មើនឹងជ័យជម្នះបានទៅលោក Assad ដែលបានប្រឹងប្រែងការពារអំណាចរបស់ខ្លួនក្នុងវិបត្តិដែលផ្ទុះឡើងតាំងពីឆ្នាំ២០១១ ។ វាក៏មានន័យថា ការព្យាយាមរបស់លោកខាងលិចក្នុងការផ្លាស់ប្ដូរលោក Assad បរាជ័យដែរ។
វិបត្តិមនុស្សធម៌ដ៏ធំ នឹងផ្ទុះឡើង បើកម្លាំងរុស្ស៊ី និងស៊ីរីវាយលុក Idlib
រឿងកាន់តែព្រួយបារម្ភ គឺវិបត្តិមនុស្សធម៌មួយ នឹងផ្ទុះឡើងមិនខាន នៅពេលកម្លាំងយោធាស៊ីរី ដែលជួយពីក្រោយដោយរុស្ស៊ី បើកយុទ្ធនាការនៅ Idlib ។ វិបត្តិមនុស្សធម៌នៅស៊ីរីបានកើតឡើងជាញឹកញយនៅពេលមានការប្រយុទ្ធទ្រង់ទ្រាយធំដូចជានៅជា Aleppo និងនៅ Ghouta ខាងកើតជាដើម។ មនុស្សជិត៣លាននាក់ កំពុងជាប់នៅតំបន់នេះ ដែលបានរត់គេចពីទីតាំងផ្សេងៗ ហើយក៏គ្មានកន្លែងផ្សេងអាចទៅទៀតដែរ។
ក្នុងសន្និសីទកាសែតនៅទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសស៊ីរី al-Muallem និយាយថា ខាងស៊ីរីនឹងបើកប្រតិបត្តិការដ៏ធំនៅ Idlib ប៉ុន្តែទាហានស៊ីរីក៏នឹងធ្វើគ្រប់យ៉ាងដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ។ យ៉ាងណាមិញ វាជារឿងចៀសមិនផុតឡើយចំពោះយុទ្ធនាការយោធានោះ ហើយសំណួរពេលនេះ គឺការវាយប្រយុទ្ធកើតពេលណា សាហាវយ៉ាងណា ហើយមនុស្សប៉ុន្មាននាក់ទៀតនឹងត្រូវបាត់បង់ជីវិតក្នុងជម្លោះមានអាយុជាង៧ឆ្នាំនេះ។
ក្រុមអ្នកសង្កេតការណ៍ព្យាករថា មនុស្សជាងពីរលាននាក់ នឹងរត់ភៀសខ្លួនទៅកាន់ព្រំដែនតួកគី ដែលពេលនោះ នឹងបង្កើតបានវិបត្តិជនភៀសខ្លួនថ្មីទៀត។ ប៉ុន្តែតួកគី ដែលបានបិទព្រំដែនជាមួយស៊ីរីនោះ ទំនងជាមិនបន្តទទួលយកជនភៀសខ្លួនទៀតឡើយ ព្រោះខ្លួនបានទទួលជនជាតិស៊ីរីភៀសខ្លួនជាច្រើនលាននាក់ទៅហើយដែរ៕