ជាតិ
ក្រៅពី​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ ឥណ្ឌា បានផ្តល់​ជំនួយ​លើ​វិស័យ​ច្រើន​ទៀត​ដល់​កម្ពុជា​
31, Aug 2018 , 7:19 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោកស្រី ស៊ុលម៉ា ស្វារ៉ាច នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុករបស់សម្តេច ហ៊ុន សែន
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោកស្រី ស៊ុលម៉ា ស្វារ៉ាច នៅវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។ រូបពីទំព័រហ្វេសបុករបស់សម្តេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ ឥណ្ឌា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា ក្នុង​ការជួយ​ជួសជុល​ប្រាសាទព្រះវិហារ និង​ជួយ​អភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចេញផ្សាយ ក្រោយពី​ការបញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ស្រី ស៊ុ​ល​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា​។​


 
​កម្ពុជា និង​ឥណ្ឌា ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជាច្រើន បន្ទាប់ពី​លោកស្រី ស៊ុ​ល​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី កម្ពុជា​និង​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​២​។​
 
​ឯកសារ​សំខាន់​ទី​១ គឺ​ឥណ្ឌា យល់ព្រម​ទទួល​ការអភិរក្ស និង​ជួយ​ជួសជុល​ប្រាសាទព្រះវិហារ​។ ឯកសារ​ទី​២ គឺ​ឥណ្ឌា និង​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា និង​វិទ្យាស្ថាន​កិច្ចការបរទេស នៃ​ក្រសួងការបរទេស​ឥណ្ឌា​។ 
 
​លើសពីនេះ រដ្ឋាភិបាល​ឥណ្ឌា ក៏បានផ្តល់​ជំនួយ​លើ​វិស័យ​ដទៃទៀត​ដែរ រួមមាន​ការអភិវឌ្ឍ​ធនធានទឹក គម្រោង​កសាង​ខ្សែ​បញ្ជូន​អគ្គិសនី ការបណ្តុះបណ្តាល​ធនធាន​មនុស្ស រួមទាំង​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​ដដែល​។​
 
​ក្រៅពី​ការចុះហត្ថលេខា​លើ​ឯកសារ និង​ការ​ផ្តល់ជំនួយ​ទាំងនោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​២ ក៏បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម​, ការអប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​, ទេសចរណ៍​, វប្បធម៌​, សុខាភិបាល ថាមពល និង​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំង​២ ដូចជា ការរក្សា​សន្តិភាព​អន្តរជាតិ និង​ការដោះមីន ជាដើម​។ 
 
​មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទាំង​២ ក៏​ឯកភាពគ្នា និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​រៀងខ្លួន ឲ្យ​ព​ន្លឿ​ន​កិច្ចព្រមព្រៀង​ស្ដីពី​ការជំរុញ និង​ការវិនិយោគ​ទ្វេភាគី​។ ជាពិសេស​រដ្ឋមន្ត្រី​ទាំង​២ បាន​គូសបញ្ជាក់​ជាថ្មី​អំពី​សារៈសំខាន់​នៃ​ការតភ្ជាប់​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​២​។ 
 
​ឆ្លើយតប​នឹង​លទ្ធផល​ផ្លែផ្កា​ខាងលើ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​រដ្ឋាភិបាល​ឥណ្ឌា ដែល​តែងតែ​ជួយ​កម្ពុជា​កន្លងមក​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ស្វាគមន៍​លើ​កិច្ចពិភាក្សា​របស់លោក​ស្រី ជាមួយ​លោក ប្រាក់ សុខុន ស្តីអំពី​ការតភ្ជាប់​ផ្លូវអាកាស​នៃ​ប្រទេស​ទាំង​២ និង​គម្រោង​ទទួលផល​រហ័ស​។  
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា យល់ឃើញថា គម្រោង​ទទួលផល​រហ័ស​នេះ គឺ​ជួយ​ដោះស្រាយ​ដល់​ប្រជាជន​កម្ពុជា ជាពិសេស​នៅពេលដែល​កម្ពុជា កំពុងមាន​គ្រោះទឹកជំនន់​។ គម្រោង​នេះ អាចជួយ ក្នុងការ​ស្តារអណ្តូង​ទឹក ការផ្តល់​គ្រាប់ពូជ និង​ការជួសជុល​សាលារៀន មន្ទីរពេទ្យ ជាដើម ដែល​បានទទួល​រងគ្រោះ​ទឹកជំនន់​៕

Tag:
 ទំនាក់ទំនង​អន្តរជាតិ​
  ឥណ្ឌា​
  ប្រាសាទព្រះវិហារ​
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com