អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខ UN ៖ សហប្រតិបត្តិការល្អចិន-អាហ្វ្រិក ជាធាតុចូលសំខាន់នៃការអភិវឌ្ឍតំបន់និងសកល
× ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានសំឡឹងឃើញពីចំណុចវិជ្ជមានរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ ចាត់ទុកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អរវាងចិន-អាហ្វ្រិក គឺជាគន្លឺះមួយ នៃការអភិវឌ្ឍប្រកបដោយជោគជ័យនៅក្នុងតំបន់អាហ្វ្រិក ដែលជាបណ្តុំនៃប្រទេសក្រីក្របំផុតរបស់ពិភពលោក។
តាមរយៈកិច្ចសម្ភាសជាមួយនឹងភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃ៣០ សីហា មុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានថ្លែងថា ជោគជ័យនៃការអភិវឌ្ឍ និងសន្តិភាពពិភពលោក ក៏ពឹងផ្អែកលើជោគជ័យរបស់រដ្ឋអាហ្វ្រិក ហើយកិច្ចសហប្រតិបត្តិការចិននិងអាហ្វ្រិក ក៏ជាកត្តាសំខាន់មួយសម្រាប់ជោគជ័យតំបន់អាហ្វ្រិកផងដែរ។
លោកអគ្គលេខាធិការ បានបន្តទៀតថា កិច្ចសហប្រតិបត្តិការរបស់ចិន និងអាហ្វ្រិក មិនត្រឹមតែផ្តល់សារៈប្រយោជន៍ក្នុងផ្នែកអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាមាគ៌ាដ៏សំខាន់មួយក្នុងការធ្វើឲ្យមានភាពល្អប្រសើរនៃការអភិវឌ្ឍសកល, អភិបាលកិច្ចសកល និងការធ្វើសេដ្ឋកិច្ចសកលភាវូបនីយកម្មផងដែរ។ លោកសង្កត់ធ្ងន់៖« ពិភពលោក មានតែមួយ ហើយផែនដី ក៏មានតែមួយ។ ...គ្រប់យ៉ាងត្រូវតែមានការប្រទាក់គ្នាទៅវិញទៅមក»។
គួរជម្រាបថា ចិន នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចិន-អាហ្វ្រិកចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ ខែកញ្ញា ក្រោមមូលបទ ចិន និងអាហ្វ្រិក ឆ្ពោះទៅកាន់សហគមន៍កាន់តែរឹងមាំចែករំលែកអនាគតតែមួយតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទីនោះហើយដែលលោកប្រធានាធិបតីចិន ស៊ី ជិងពីង នឹងថ្លែងពីគោលនយោបាយសហប្រតិបត្តិការរបស់ចិនទៅកាន់អាហ្វ្រិក ក៏ដូចជាផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមជាច្រើនរបស់ចិន។
គួរកត់សម្គាល់ផងដែរថា អាហ្វ្រិក គឺជាតំបន់ភូមិសាស្ត្រមួយ ដែលកំពុងតែទទួលរងនូវឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនខ្លាំង ដែលបណ្តាអ្នកជំនាញមួយចំនួន ក៏បានព្រមានពីការធ្លាក់ខ្លួនចូលក្នុងបំណុលវណ្ឌកពីកិច្ចសហប្រតិបត្តិការជាមួយនឹងចិន។ ដោយសារតែឥទ្ធិពលរបស់ចិន បានធ្វើឲ្យបណ្តាប្រទេសតំបន់អាហ្វ្រិកដែលធ្លាប់តែជាកល្យាណមិត្តច្រើនឆ្នាំរបស់តៃវ៉ាន់ បានសម្រេចចាកចេញពីតៃវ៉ាន់ ហើយក្រសោបយកចិនវិញ។ មានតែប្រទេសតំបន់អាហ្វ្រិកមួយប៉ុណ្ណោះ គឺស្វាស៊ីឡង់ ដែលនៅតែបន្តមានទំនាក់ទំនងជាមួយនឹងតៃវ៉ាន់ ខណៈដែលប្រទេសផ្សេងទៀត កំពុងតែទទួលផលប្រយោជន៍ពីចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com