អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​៖ ប្រមុខ UN ស្នើ​អន្តរាគមន៍​ពី​ក្រុមប្រឹក្សាសន្តិសុខ ខណៈ​ក្រុម​ស្វែងរក​ការពិត រកឃើញ​សញ្ញា​បទល្មើស​ប្រល័យ​ជាតិ​សាសន៍​
01, Sep 2018 , 10:39 pm        
រូបភាព
ដោយ:
ប្រមុខ​អង្គការសហប្រជាជាតិ លោក  António Guterres បាន​ទទួលស្គាល់ថា វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​នៅតែ​ជា​ក្តីបារម្ភ​ផ្នែក​មនុស្សធម៌​របស់​ពិភពលោក​។ លោក  António Guterres ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​អង្គភាព​ធានា​សន្តិសុខ និង​សន្តិភាព​រួម​ធ្វើការ​ជាមួយនឹង​មី​យ៉ាន់​ម៉ា​ដើម្បី​បញ្ចប់​វិបត្តិ​មនុស្សជាតិ​ដ៏​អាក្រក់​មួយ​នេះ​។​


​នា​ជំនួប​ជាមួយនឹង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៨ សីហា ដែល​ត្រូវជា​ថ្ងៃ​ខួប​មួយឆ្នាំ​នៃ​ការផ្ទុះ​វិបត្តិ​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ  António Guterres បានលើកឡើង​ពីបទ​ពិសោធន៍ និង​សក្ខីកម្ម​របស់លោក​ពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់​ជំរំ​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​នៅក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ UN News​។ 
 
​លោក​អគ្គលេខាធិការ បាន​អះអាងថា លោក បាន​ស្តាប់លឺ​រឿង​ទុក្ខសោក​វេទនា​នឹង​ត្រចៀក​ផ្ទាល់​ជាច្រើន​ពី​ជនភៀសខ្លួន​នៅ​ទីនោះ រហូតដល់​លោក ថែមទាំង​ហ៊ាន​ពណ៌នា​វិបត្តិ​ជនភៀសខ្លួន​មួយ​នេះ ថា​ជា​វិបត្តិ​មនុស្សជាតិ និង​សិទ្ធិមនុស្ស​ដ៏​អាក្រក់​បំផុត​មួយ​របស់​ពិភពលោក​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ​។​
 
​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​វាយតម្លៃ​ពី​កិច្ចព្រមព្រៀង​អនុស្សារណៈ​យោគយល់​រវាង​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ថា​មិនមាន​ប្រសិទ្ធភាព ដ្បិត​ភាគី​មី​យ៉ាន់​ម៉ា មិន​អនុវត្ត​។ លោក បានស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ទទូច​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ដើម្បី​ធានា​ជាបន្ទាន់​ក្នុងការ​អនុញ្ញាត​ឲ្យ​អង្គការ និង​ភ្នាក់ងារ​ដៃគូ​អាច​បម្រើ និង​បំពេញការងារ​ជួយ​ជនភៀសខ្លួន​នៅ​ទី​នោះបាន​។ 
 
​សូម​រម្លឹក​ជាថ្មី​ផងដែរ​ថា នៅ​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ មី​យ៉ាន់​ម៉ា បាន​មាន​ប៉ះទង្គិច​គ្នា​ផ្នែក​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​និង​អាជ្ញាធរ​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា​។ ការប៉ះទង្គិច​នេះ បាន​បណ្តាល​ឲ្យ​ប្រជាជន ពិសេស​សហគមន៍​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​នៅ​ទីនោះ​ជាង​៧០​ម៉ឺន​ភៀសខ្លួន​ទៅ​ព្រំដែនរ​បស់បង់​ក្លា​ដែ​ស​។​
 
​តែ​គួរ​ឲ្យ​កត់សម្គាល់​នោះ សេចក្តីថ្លែងការណ៍​រប​ស់​ប្រមុខ​អង្គការសហប្រជាជាតិ ជាមួយនឹង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ធ្វើឡើង ក្រោយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ ដែល​តាំងតែ​ដោយ​អង្គការសហប្រជាជាតិ បានចេញ​របាយការណ៍​ស្វែងរក​ការពិត​មួយ​ស្តីពី​ស្ថានភាព​មី​យ៉ាន់​ម៉ា​ផងដែរ​។ របាយការណ៍​នោះ បាន​អះអាង​ពី​សញ្ញាណ​នៃ​បទល្មើស​ប្រឆាំង​មនុស្សជាតិ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​ក្រុម​ស៊ើបអង្កេត​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត និង​កាត់ទោស​តាមច្បាប់​អន្តរជាតិ​ផងដែរ​។ 

Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com