អន្តរជាតិ
នយោបាយអន្តរជាតិ
កិច្ចព្រមព្រៀងពាណិជ្ជកម្មធំប្រចាំតំបន់ «RCEP» ដល់ដំណាក់កាលពិសេស
× លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានអះអាងថា ដំណើរការនៃចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅថាថា RCEP បានវិវត្តដល់ដំណាក់កាលគួរកត់សម្គាល់ថ្មីមួយ ដែលអាចនឹងឈានដល់ការសម្រេចចុងក្រោយ។
នាឱកាសនៃការថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥០នៅថ្ងៃ២៩ សីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានលើកយកបញ្ហា នៃភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ជាប្រធានបទធំមួយ ដើម្បីជាការក្រើនរម្លឹកដល់សមាជិកអាស៊ាន ឲ្យបន្តពង្រឹង ក៏ដូចជារួមគ្នាជាធ្លុងមួយសម្រាប់ការទៅមុខនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី លី ដែលជាប្រធានវិលជុំអាស៊ានផងនោះ បានមើលការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរ អាចសម្ពាធមួយសម្រាប់ការលូតលាស់អាស៊ាន ខណៈដែលអាស៊ាន កំពុងតែស្ថិតក្នុងដំណាក់កាលនៃសមាហរណកម្ម ដែលធ្វើឲ្យលោក ត្រូវទទូចរដ្ឋអាស៊ានទាំងអស់ ត្រូវតែសហការគ្នាដើម្បីទប់ស្កាត់ការជះឥទ្ធិពលមួយនេះ។
គួរកត់សម្គាល់នោះ តាមរយៈវេទិកាអាស៊ានដដែលនោះ លោកនាយករដ្ឋមន្ត្រី លី ក៏បញ្ជាក់ពីដំណើរការរបស់នៃផែនការពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ផងដែរ។ លោក លី ទទួលស្គាល់ថា ផែនការពាណិជ្ជកម្មដែលមានរដ្ឋអាស៊ានទាំងដប់ ជាមួយនឹងប្រទេសអាស៊ីប៉ាស៊ីហ្វិកប្រាំមួយទៀត មានបង្កប់ភាពខុសគ្នាច្រើន តែក៏អាចសម្របសម្រួលគ្នាបាន។
ខណៈពណ៌នា RCEP ជាកិច្ចសហប្រតិបត្តិការសំខាន់បំផុតមួយរបស់ពិភពលោក លោក លី បានបង្ហើបថា កិច្ចចរចា RCEP បានដល់ដំណាក់កាលកាន់តែស៊ីជម្រៅហើយ ហើយលោក ក៏បានទទូចឲ្យគ្រប់សមាជិកនៃសហប្រតិបត្តិការមួយនេះ បន្តរក្សាភាពទៅមុខនៃការចរចា និងធ្វើសម្បទានឲ្យគ្នាឲ្យបានច្រើនសម្រាប់ផលប្រយោជន៍រយៈពេលវែង។
សូមជម្រាបផងដែរថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន និងផ្តើមស្នើឡើងជាផ្លូវការក្នុងឆ្នាំ២០១២ក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកបង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ។
ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូវែលសេឡង់។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ទៅឆ្នាំ ២០១៦ និងឆ្នាំ២០១៧ ទៀត ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើបញ្ហាមួយចំនួនជាពិសេសការកាត់បន្ថយរបាំងពន្ធលើទំនិញ៕
Tag:
សិង្ហបុរី
អាស៊ាន
RCEP
© រក្សាសិទ្ធិដោយ thmeythmey.com