អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បន្ទាប់ពី​លាលែង​តំណែង អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​ឥណ្ឌូណេស៊ី ត្រូវបាន​អង្គភាព​លុប​លំ​បាត់​ពុករលួយ​ឃាត់ខ្លួន​
02, Sep 2018 , 8:39 am        
រូបភាព
ដោយ:
 ​អង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី ដែល​ហៅ​កាត់​ថា KPK បានសម្រេច​ឃុំខ្លួន​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​ឥណ្ឌូណេស៊ី ដើម្បី​បន្ត​នីតិវិធី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អំពើពុករលួយ​ក្នុង​គម្រោង​វិនិយោគ​របស់​រដ្ឋ​។ នេះ គឺជា​វិធានការ​ដំបូង​ហើយ ដែល​អង្គភាព KPK ឥណ្ឌូណេស៊ី អនុវត្ត​ទៅលើ​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Joki Widodo​។​

 
​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​ស្ម​គ្រ័​ចិត្ត​ចុះ​ចេញពី​តំណែង​ជាន់ខ្ពស់ អង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​៣១ សីហា បានសម្រេច​ឃុំខ្លួន​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច លោក  Idrus Marham រយៈពេល​ម្ភៃ​ថ្ងៃ​ក្នុង​មន្ទីរឃុំឃាំង​រដ្ឋធានី​ហ្សា​ការ​តា​ដើម្បី​បន្ត​សាកសួរ​អតីតរដ្ឋមន្ត្រី​រូបនេះ​ស្វែងរក​ការពិត​តាម​បទចោទប្រកាន់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្រុម​អ្នកស៊ើប​អង្កេត​របស់​អង្គភាព​លុបបំបាត់​អំពើពុករលួយ បាន​ចោទសួរ​ស៊ីជម្រៅ​ទៅកាន់​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច និង​មេធាវី​របស់លោក​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​នោះ ថា​តើ​ចាប់ផ្តើម​ដោយ​របៀប​ណា និង​ដោយ​យន្តការ​បែបណា​។ 
 
​នៅពេលដែល​ក្រុម​សារព័ត៌មាន​សាកសួរ​ថា​តើ នឹងមាន​អ្នកនយោបាយ​ជាច្រើន​ផ្សេងទៀត​នឹងត្រូវ​ចោទប្រកាន់​ទៀត​យ៉ាងណា​នោះ ក្រុម​អ្នកស៊ើប​អង្កេត បាន​បង្ហើប​ដោយ​ប្រយោល​ថា អង្គភាព​ខ្លួន​នឹង​បង្ហាញ​គ្រប់យ៉ាង​ទាំងអស់​ដោយ​មិនមាន​លាក់បាំង​អ្វី​ឡើយ​។​
 
​សូម​រម្លឹក​ផងដែរ​ថា លោក Idrus Marham បាន​សុំ​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រី​សង្គមកិច្ច​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​២៥ សីហា បន្ទាប់ពី​លោក ត្រូវបាន​អង្គភាព​លុបបំបាត់​អំពើពុករលួយ​ជូនដំណឹង​សុំ​កិច្ចសហការ​ដើម្បី​ស៊ើបអង្កេត​បទ​ចោទ​ពាក់ព័ន្ធ​អំពើពុករលួយ​។ នៅពេលនោះ លោក Idrus Marham ក៏បាន​បញ្ជាក់​ផងដែរ​ថា ការ​ចុះចេញ​របស់លោក ដើម្បី​ជួយ​ធានា​ពី​កិត្តិយស​គណៈរដ្ឋមន្ត្រីរ​បស់​លោក​ប្រធានាធិបតី Jokowi ដែល​ត្រូវផុត​អាណត្តិ​ដឹកនាំ​នៅក្រោយ​ផងដែរ​នោះ​៕ 

Tag:
 ​ឥណ្ឌូណេស៊ី​
  អាស៊ាន​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com