អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​អាហ្វ្រិក​ប្រមូលផ្ដុំ​គ្នា​នៅ​ទឹកដី​ចិន​នា​ជំនួប​ចិន​-​អាហ្វ្រិក តែ​ស្ដេច​អ៊ី​ស្វា​ទី​នី​មិន​ទៅ​
02, Sep 2018 , 1:41 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីសំប៊ី (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីសំប៊ី (រូបភាព Xinhua)
​បណ្ដា​មេដឹកនាំ​អាហ្វ្រិក​ជាច្រើន បាន​ទៅដល់​ទឹកដី​ចិន​ជា​បន្តបន្ទាប់​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ចូលរួម​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ វេទិកា​នេះ មាន​គោលដៅ​រឹតចំណង​មិត្តភាព សេដ្ឋកិច្ច នយោបាយ រវាង​ចិន និង​អាហ្វ្រិក ស្របពេល​ដែល​ចិន​បាន​លូកដៃ​ចូល​ជ្រៅ​ទៅក្នុង​ទ្វីប​ដែល​សម្បូរ​ធនធាន​មួយ​នេះ​តាមរយៈ​ការបណ្ដាក់ទុន​វិនិយោគ និង​ការ​ផ្ដល់ជំនួយ និង​កម្ចី​រាប់ពាន់​លាន​ដុល្លារ​។ ឥទ្ធិពល​ចិន​នៅ​ទ្វីប​នេះ​ក៏​កើនឡើង​ខ្លាំង​តាម​នោះដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​

 
​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក (FOCAC) នឹង​រៀបចំឡើង​នៅ​ទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែកញ្ញា​។ មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​ទាំង​តូច​ទាំង​ធំ​ទាំង​ប្រទេស​ដែន​កោះ​ជាច្រើន​នាក់ បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​របស់​ចិន​ហើយ ដើម្បី​ចូលរួម​ក្នុង​វេទិកា​លើក​ទី​បី​នេះ​។ មូលបទ​នៃ​វេទិកា​ឆ្នាំនេះ គឺ «​ចិន​និង​អាហ្វ្រិក​៖ ឆ្ពោះទៅកាន់​សហគមន៍​វាសនា​រួម​កាន់តែ​រឹងមាំ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​»​។​
 
​មុន​ជំនួប​កំពូល​រវាង​ដៃគូ​សហប្រតិបត្តិការ​ដ៏​ធំ​ទាំងពីរ មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ជាច្រើន​បាន​ឆ្លៀត​ធ្វើ​ទស្សនកិច្ច​ផ្លូវការ និង​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ជា​បន្តបន្ទាប់​ដែរ​។ កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា​រវាង​ចិន និង​ប្រទេស​អាហ្វ្រិក​ដៃគូ ស្របពេល​មេដឹកនាំ​អាហ្វ្រិក​ខ្លះ​មាន​ជំនួប​ជាមួយ​វិនិយោគិន​ចិន​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ផង​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ខណៈដែល​មេដឹកនាំ​ជាច្រើន​នាំគ្នា​ជិះ​យន្តហោះ​ទៅកាន់​រដ្ឋធានី​ប៉េកាំង​នោះ មាន​មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​មួយ​ដែល​មិន​ទៅ​ហ្នឹង​គេ គឺ​មហាក្សត្រ​អ៊ី​ស្វា​ទី​នី ព្រះ​ចៅ Mswati III ។ នេះ​ក៏​ព្រោះតែ​អ៊ី​ស្វា​ទី​នី ជា​រដ្ឋ​អាហ្វ្រិក​តែមួយគត់​របស់​តៃវ៉ាន់ ហើយ​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ដែរ​។ កន្លងមក ចិន​បាន​អូសទាញ​ប្រទេស​អាហ្វ្រិក​ជាច្រើន​ដែលជា​មិត្ត​របស់​តៃវ៉ាន់​តាមរយៈ​ការផ្ដល់​ទឹកប្រាក់​ក្រោមរូបភាព​ជា​ជំនួយ តែ​មិនអាច​អូសទាញ​ព្រះរាជាណាចក្រ​មួយ​នេះ​បាន​។​
 
​វេទិកា​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០០៦ ក្នុង​ទីក្រុង​ប៉េកាំង ហើយ​លើក​ទី​ពីរ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៥ នៅ​ទីក្រុង Johannesburg ។ ក្រៅពី​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក ប្រធាន​គណៈកម្មការ​អា​ហ្វ្រិ​ក ក៏​នឹងចូលរួម​ក្នុងជំនួប​នេះដែរ ខណៈ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នឹង​ធ្វើជា​ភ្ញៀវកិត្តិយស​។​
 
​ច្បាស់​ណាស់​ថា ចិន​នឹង​ប្រើ​វេទិកា​នេះ​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​ទ្វីបអាហ្វ្រិក ជាមួយនឹង​ការ​សម្លឹង​ឃើញ​ភោគទ្រព្យ​ធម្មជាតិ​ដ៏​ច្រើន​មហាសាល​។ ខុសពី​មហាអំណាច​ប​ស្ចឹ​ម​លោក​ដែល​តែង​រិះគន់​មេដឹកនាំ​ផ្ដាច់ការ​របស់​អាហ្វ្រិក ចិន​មិនសូវ​ខ្វល់​រឿង​សិទ្ធិមនុស្ស ប្រព័ន្ធ​នយោបាយ ឬ​ប្រជាធិបតេយ្យ​អ្វី​ឡើយ ហើយ​វា​គឺជា​មូល​ហេតុដែល​មេដឹកនាំ​អាហ្វ្រិក​កាន់អំណាច​យូរ​ចង់​ធ្វើជា​មិត្ត​ជាមួយ​ចិន​ដែរ​។ ចិន​ចាត់ទុក​បញ្ហា​ទាំងនោះ ជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​នីមួយៗ​៕   
 

Tag:
 អាហ្វ្រិក​
  ចិន​
  FOCAC
© រក្សាសិទ្ធិដោយ thmeythmey.com