ជាតិ
សាកលវិទ្យាល័យ​ចំនួន​៦ ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ជាង​៤០០០​កន្លែង​
03, Sep 2018 , 6:59 am        
រូបភាព
​សាកលវិទ្យាល័យ​ក្នុងស្រុក​ចំនួន​៦ បានប្រកាស​ផ្តល់​អាហា​រូបកណ៍​គ្រប់​ជំនាញ សរុប​៤២៧០​កន្លែង ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​(​បាក់​ឌុប​)​ឆ្នាំ​២០១៨ ក៏​ដូច​សិស្ស​ប្រឡង​ជាប់​នៅ​ឆ្នាំមុនៗ​។ អ្នក​ដែល​ចាប់អារម្មណ៍ អាចដាក់​ពាក្យ​ប្រឡង និង​ស្នើសុំ​អាហារូបករណ៍ ពី​សាកលវិទ្យាល័យ​ទាំង​នោះបាន​។​

 
​សាកលវិទ្យាល័យ​ទាំង​៦​នោះ​រួមមាន​៖  សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា ផ្តល់​អាហា​រូ​ករ​ណ៍​គ្រប់​ជំនាញ ចំនួន​៤៥០​កន្លែង​។ ក្នុងនោះ​មាន​អាហា​រូ​ករ​ណ៍​១០០​ភាគរយ ៥០​កន្លែង អាហារូបករណ៍​៧៥​ភាគរយ ១០០​កន្លែង និង​អាហារូបករណ៍​៥០​ភាគរយ ចំនួន​៣០០​កន្លែង​។ ការប្រឡង​យក​អាហារូបករណ៍ នឹង​ផុតកំណត់​នៅ​ថ្ងៃទី​២៧​កញ្ញា​។​ ចំណែក​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ផ្តល់ឱកាស​ដល់​សិស្ស​ប្រឡង​យក​អាហារូបករណ៍​១០០​ភាគរយ ចំនួន​៥០​កន្លែង ដែល​ការប្រឡង​នេះ នឹង​ផុតកំណត់​នៅ​ថ្ងៃទី​៣០​កញ្ញា​។​
​សម្រាប់​សាកលវិទ្យាល័យ​កម្ពុជា​អន្តរជាតិ​(CamIU) ផ្តល់​អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​៥០​ភាគរយ ដល់​សិស្ស​៣០០​នាក់ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​មុន​ថ្ងៃទី​១​តុលា ឆ្នាំ​២០១៨ និង​មានការ​ប្រឡង​យក​អាហារូបករណ៍​១០០​ភាគរយ ក្នុង​រយៈពេល​៤​ឆ្នាំ​ផងដែរ​។ 

 
​ដោយឡែក​សាកលវិទ្យាល័យ​អន្តរជាតិ​(IU) ផ្តល់​អាហារូបករណ៍​៥០​ភាគរយ ចំនួន​៣២០​កន្លែង ដែល​មាននៅ​សាខា​កំពង់ឆ្នាំង​មាន​១២០​កន្លែង ក្នុងនោះ​មាន ២០​ន្លែ​ង​ផ្តល់​លើ​ជំនាញ​សុខាភិបាល និង​មាន​២០០​កន្លែង​ទៀត ផ្តល់​ឲ្យ​សិស្ស​ដែល​រៀន​នៅ​សាខា​បាត់ដំបង​។ 
 
​ងាក​មក​សាកលវិទ្យាល័យ​កម្ពុជា​(UC) ផ្តល់​អាហារូបករណ៍​១០០​ភាគរយ ចំនួន​៣០៥០​កន្លែង​។ ក្នុងនោះ​មាន​១០៥០​កន្លែង  សិក្សា​លើ​កម្រិត​បរិ​ញ្ញ​ប​ត្រ និង​២០០០​កន្លែង​ទៀត ផ្តល់​ឲ្យ​និស្សិត​សិក្សា​កម្រិត​អនុបណ្ឌិត និង​បណ្ឌិត​។ ការផ្តល់​អាហារូបករណ៍​នេះ ផុត​ថ្ងៃ​កំណត់​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២១០៨ និង​ចុងក្រោយ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានផ្តល់​អាហារូបករណ៍​តាម​និ​ទេ្ទ​សសិ​ស្ស ដែល​មក​ប្រឡង​តេស្ត​សមត្ថភាព ចំនួន​១០០​កន្លែង​។ ក្នុងនោះ​អាហា​រូ​ករ​ណ៍​១០០​ភាគរយ មាន​១០​កន្លែង សម្រាប់​សិស្ស​ធ្វើតេស្ត​សមត្ថភាព​ជាប់​និ​ទេ្ទ​ស​A, អាហារូបករណ៍​៥០​ភាគរយ មាន​២០​កន្លែង​សម្រាប់​និទ្ទេស​B, អាហារូបករណ៍​៣០​ភាគរយ មាន​៣០​កន្លែង សម្រាប់​និទ្ទេស​C និង​១០​ភាគរយ មាន​៤០​កន្លែង សម្រាប់​និទ្ទេស​D,E ៕
 

Tag:
 អាហារូបករណ៍​
  សិស្ស​
  បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com