ក្រសួងទេសចរណ៍​ត្រូវការ​សណ្ឋាគារ​ជាង​១០​ម៉ឺន​បន្ទប់​ទៀត ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​នា​ឆ្នាំ​២០៣០
ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍​ត្រូវការ​សណ្ឋាគារ​ជាង​១០​ម៉ឺន​បន្ទប់​ទៀត ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​នា​ឆ្នាំ​២០៣០
03, Sep 2018 , 7:30 am        
រូបភាព
រូបភាពពី​ក្រសួងទេស​ចរណ៍
រូបភាពពី​ក្រសួងទេស​ចរណ៍
 ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប នឹង​កំណើន​ភ្ញៀវទេសចរ ក្រសួងទេសចរណ៍ ត្រូវការ​សណ្ឋាគារ​ចំនួន​១៣​ម៉ឺន បន្ទប់​បន្ថែមទៀត ទូទាំងប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០៣០​ខាងមុខ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​។​

 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​កម្មវិធី​មួយ កាលពី​ថ្ងៃទី​០១ ខែកញ្ញា ថា​កម្ពុជា​នឹង​បង្កើត​សណ្ឋាគារ​បន្ថែមទៀត ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​។ បើតាម​លោក ថោង ខុន កម្ពុជា​ត្រូវការ​សណ្ឋាគារ​ប្រមាណ​ជាង ១០​ម៉ឺន​បន្ទប់ (​សណ្ឋាគារ​ប្រណិត លំដាប់​ផ្កាយ ៤ និង​ផ្កាយ​៥ ប្រមាណ​៦០% ស្មើ​ប្រមាណ​៦​ម៉ឺន​បន្ទប់​) នៅ​ទូទាំងប្រទេស ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ ។ ក្នុងនោះ​ខេត្ត​ព្រះសីហនុ ត្រូវការ​បន្ទប់​សណ្ឋាគា​រ​ជាង ៣​ម៉ឺន​បន្ទប់​បន្ថែមទៀត (​សណ្ឋាគារ​ប្រណិត​ជាង​២​ម៉ឺន​បន្ទប់​) ដើម្បី​បំពេញតម្រូវការ​ដល់ ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ ៣​លាន​នាក់​នា​ឆ្នាំ​២០៣០​ខាងមុខនេះ​។​
 
​តាម​ការ​ព្យាករ​របស់​ក្រសួង​ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៦,២ លាន​នាក់ និង​នៅ​ឆ្នាំ​២០២០ ប្រមាណ​ជាង ៧​លាន​នាក់ ។​ចំណែក​ឆ្នាំ​២០៣០ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ១៥​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ​១៣​លាន​នាក់​។​
 
​រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ បានបង្ហាញ​ការ​ព្យាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដល់​វិនិយោគិន​ចិន និង​អន្តរជាតិ ដែល​បាន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក ថោង ខុន អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​បន្ថែមទៀត ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ទទួលខុសត្រូវ​ខ្ពស់ ដែល​គោរព​តាម​បទ​ដ្នា​ន​បរិស្ថាន និង​គោលការណ៍​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ និង​និរន្តរភាព​ទេសចរណ៍​នាពេល​បច្ចុប្បន្ន និង​អនាគត​។​
 
​គួសបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មា​នស​ណ្ឋា​គារ​ប្រមាណ​ជាង ៨០០ កន្លែង ស្មើនឹង ៤៦​ពាន់​បន្ទប់ (​ក្នុងនោះ​សណ្ឋាគារ​ប្រណិត​មាន​ប្រមាណ​ជាង ២​ម៉ឺន​បន្ទប់​) ដោយឡែក​ខេត្ត​ព្រះសីហនុ​មាន សណ្ឋាគារ ៦៩​កន្លែង ស្មើនឹង​ជាង ៤​ពាន់​បន្ទប់ (​សណ្ឋាគារ​ប្រណិត​មាន ប្រមាណ​ជាង ១០០០​បន្ទប់​)៕ 
 

Tag:
 សណ្ឋាគារ​
  ក្រសួងទេសចរណ៍​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com