អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាធៀ មិន​អនុញ្ញាត​ឲ្យ​មាន​វិនិយោគ​ចិន​ច្រើនពេក ព្រោះ​ខ្លាច​ដណ្តើម​អាជីវកម្ម​ប្រជាជន​ក្នុងស្រុក
02, Sep 2018 , 8:00 pm        
រូបភាព
ដោយ:
​បើទោះបីជា​រដ្ឋាភិបាល​ម៉ាឡេស៊ី អនុវត្ត​គោលនយោបាយ​បើកចំហរ​សម្រាប់​វិនិយោគ​បរទេស ជាពិសេស​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ ម៉ាឡេស៊ី​ក៏​មិន​បណ្តែតបណ្តោយ​ឲ្យ​មាន​អ្នកវិនិយោគ​បរទេស​ច្រើន​លើសលប់​ឡើយ​។ ក្រុង​កូ​ឡា​ឡាំ​ពួរ ខ្លាចក្រែង​អ្នកវិនិយោគ​ទាំងនោះ នឹង​ដណ្តើម​ទីផ្សារ​របស់​ប្រជាជន​ក្នុងស្រុក​របស់ខ្លួន ខណៈ​ទទួលស្គាល់ថា​កម្រិត​ជំនាញ​រកស៊ី​អ្នក​ក្នុងស្រុក​នៅ​ទាប​។​

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ទទួលបាន​ស្គាល់​ថា ប្រជាជន​ក្នុងស្រុក​ម៉ាឡេស៊ី មាន​កម្រិត​ទាប​នៅឡើយ​នោះទេ​ក្នុងការ​ប្រកប​អាជីវកម្ម និង​ជំនួយ​ខ្នាត​ធំ ដែល​ហេតុផល​នេះហើយ លោកនាយក​រដ្ឋមន្ត្រី មិន​ចង់​ឲ្យ​មាន​លំហូរ​អ្នកវិនិយោគ​ចិន​ច្រើន​លើសលប់​ពេក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation​។ 
 
​នាឱកាស​នៃ​ការ​ថ្លែង​សមាជជាតិ​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​១ កញ្ញា លោកនាយក​រដ្ឋមន្ត្រី បាន​ចោទសួរ​យ៉ាង​ដូច្នេះ​៖« ប្រសិនបើ យើង​នាំ​វិនិយោគ​បី​លាន​នាក់​ពី​ចិន តើ​នឹងមាន​អ្វី​កើតឡើង​មកលើ​យើង​? ពួកគេ គឺជា​ក្រុមមនុស្ស​ដែល​ប្រឹងប្រែង​ធ្វើការ ឆ្លាត និង​មានចំណេះដឹង​រឿង​រកស៊ី​ឬ​ធ្វើ​ជំនួញ​។ ...​តើ​យើង​អាច​ប្រកួតប្រជែង​ជាមួយនឹង​ពួកគេ​បានទេ​?»
 
​បន្ទាប់​បានលើកឡើង​បែបនេះ​រួចហើយនោះ លោកនាយក​រដ្ឋមន្ត្រី​ចាស់វស្សា បាន​ថ្លែង​ទទួលស្គាល់ថា ប្រជាជន​ម៉ាឡេស៊ី​នៅក្នុង​កម្រិត​ខ្សោយ​នោះទេ​ផ្នែក​ពាណិជ្ជកម្ម ពោលគឺ ប្រជាជន​ម៉ាឡេស៊ី​ក្នុងស្រុក មិនអាច​ប្រកួតប្រជែង​ជាមួយនឹង​អ្នកវិនិយោគ​ចិន​បានឡើយ​។ លោក បន្តទៀតថា រដ្ឋាភិបាល​លោក មាន​គោលនយោបាយ​បើកចំហរ​ប្រទេស​សម្រាប់​ការវិនិយោគ​បរទេស​ដោយផ្ទាល់​ពី​ចិន ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​ចិន​ទិញ​ដី ឬ​គ្រប់គ្រង​ទីក្រុង​ម៉ាឡេស៊ី​បានឡើយ​។ 
 
​លោក បន្ថែមថា ប្រសិនបើ​រដ្ឋាភិបាលរ​បស់​លោក​បើកទូលាយ​បែប​នោះ​មែន ប្រជាជន​ម៉ាឡេស៊ី នឹងត្រូវ​ប្តូរ​ទីលំនៅ​ឆ្ងាយ​ពី​ក្រុង ឬ​រស់នៅ​ក្បែរ​ព្រៃ​វិញ​ហើយ​។ លោក សង្កត់ធ្ងន់ថា អ្វីដែល​រដ្ឋាភិបាល​ចង់​បាន​នោះទេ ការវិនិយោគ​បរទេស ដែល​មក​បង្កើត​រោងចក្រ​នៅ​ម៉ាឡេស៊ី ហើយ​កម្មករ​គឺជា​ជនជាតិ​ម៉ាឡេស៊ី និង​មិនមែនជា​កម្មករ​បរទេស​ឡើយ​។ 
 
​សូម​ជម្រាប​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ ទើបតែ​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នៅក្នុង​ប្រទេស​ចិន ដែលជា​ទិសដៅ​ទស្សនកិច្ច​ក្រៅ​តំបន់​អាស៊ាន​ដំបូងបង្អស់​របស់លោក ក្រោយ​បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាថ្មី​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com