កីឡាជាតិ
ជាតិ
លោក ខេ​ស៊ី រំពឹង​បាល់បោះ​នារី បន្ត​ឈ្នះ​ជើងឯក​និស្សិត​ឧ​ត្ត​ម​និង​ធ​ម្យ​ម​សិក្សា​ទូទាំងប្រទេស​
02, Sep 2018 , 11:00 pm        
រូបភាព
ដោយ:
លោក ខេ​ស៊ី បា​ណេ​ត (Casey Barnett) រំពឹង​ក្រុម​បាល់បោះ​នារី​របស់ខ្លួន បន្ត​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​បាល់បោះ​ក្របខណ្ឌ​សិស្ស​និស្សិត​ឧ​ត្ត​ម និង​ធ​ម្យ​មសិ​ក្សា​ទូទាំងប្រទេស​នៅ​ឆ្នាំនេះ​។ ការបង្ហាញ​ក្តី​រំពឹង​បែបនេះ បន្ទាប់ពី​លោក​មើលឃើញ​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកទេស និង​សមត្ថភាព​គួរ​ឲ្យ​កត់សម្គាល់​របស់​ក្រុម​បាល់បោះ​មួយ​នេះ​។ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ លោក​នឹង​ប្រមូលផ្តុំ​កីឡាការិនី​ហ្វឹកហាត់​នៅ​ដើមខែ​កញ្ញា​នេះ​។

 
 
«​ដោយសារ​ខ្ញុំ​បាន​មើល​ការប្រកួត​របស់​កីឡាការិនី​ផ្ទាល់​ភ្នែក ឃើញថា​សមត្ថភាព និង​បច្ចេកទេស​របស់​ពួកគេ​មានការ​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន​។ ខ្ញុំ​ជឿជាក់ថា ក្រុម​យើង​នឹង​ឈ្នះ​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​សិស្ស​-​និស្សិត​ឧ​ត្ត​ម​និង​ធ​ម្យ​មសិ​ក្សា​ទូទាំងប្រទេស​ម្តងទៀត​នៅ​ឆ្នាំនេះ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ នា​ពិធី​បិទ​ការប្រកួត​បាល់បោះ CamEd Women’s Basketball Tournament 2018 កាលពី​ថ្ងៃទី​២ ខែកញ្ញា​។ 
 
​ដើម្បី​ត្រៀម​ការពារ​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ដែល​ខ្លួន​បាន​គ្រង​ពីរ​ឆ្នាំ​ជាប់​គ្នា​មួយ​នេះ ក្រុម​បាល់បោះ​នារី​ខេ​ម​អេ​ដ​នឹង​ចាប់ផ្តើម​ប្រមូលផ្តុំ​កីឡាការិនី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ដើមខែ​កញ្ញា​នេះ​។ បើ​យោងតាម​លោក ខេ​ស៊ី ការហ្វឹកហាត់​ត្រៀម​នេះ​មាន​កីឡាការិនី​ចំនួន​១៥​នាក់ ដែល​ជ្រើសរើស​ចេញពី​ក្រុមកីឡា​បាល់បោះ​នៃ​វិ​ទ្យ​ស្ថាន​របស់លោក​។ ការប្រកួត​នេះ​គ្រោង​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៩-២៧ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ​។  
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​ទីលាន Premium Sport Club ក្រុម​បាល់បោះ​នារី Possible បាន​គ្រង​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ CamEd Women’s Basketball Tournament 2018 ក្រោយ​យកឈ្នះ​ម្ចាស់​ការពារ​តំណែង​ជើងឯក Duchess ក្នុង​លទ្ធផល ១១-១០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​នេះ Possible បាន​ទម្លាក់ The Enigma ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ Duchess ទម្លាក់ Felix Felicis​។ 
 
​ចំណែក​ក្រុម The Enigma ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ក្រុម Felix Felicis ក្នុង​លទ្ធផល ១១-២ នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ កីឡាការិនី ជ័យ ផល​សុគន្ធ ក្រោយ​រកបាន​២០​គ្រាប់​ម្នាក់ឯង បាន​ក្លាយជា​កីឡាការិនី​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។​
 
​សម្រាប់​ការប្រកួត​ឆ្នាំនេះ មាន​លក្ខណៈ​ខុសប្លែក​ពីលើ​ក​មុនៗ ពោលគឺ​ការប្រកួត​ឆ្នាំនេះ​មាន​កីឡាការិនី​ម្ខាង​តែ​៣​នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំមុន​ម្ខាង​មាន​គ្នា​៦​នាក់​។ ក្រៅពី​ពានរង្វាន់​ប្រចាំ​វិទ្យាស្ថាន​របស់ខ្លួន លោក ខេ​ស៊ី បា​ណេ​ត គ្រោង​បង្កើត​ឲ្យ​មានការ​ប្រកួត​ពានរង្វាន់​លក្ខណៈ​ជា Cup ដោយ​បើក​សេរី​ឲ្យ​ក្រុម​បាល់បោះ​មកពី​វិទ្យាស្ថាន​ផ្សេងៗ​ចូលរួម​ថែមទៀត​ផង​។ គម្រោង​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់បោះ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​៕


Tag:
 ​បាល់បោះ​
  លោក ខេ​ស៊ី បា​ណេ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com