ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប​មួយឆ្នាំ នៃ​ការឃុំខ្លួន​លោក កឹម សុខា
03, Sep 2018 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​៣ កញ្ញា​នេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ឃុំខ្លួន​រយៈពេល​១​ឆ្នាំ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ឃុបឃិត​ជាមួយ​បរទេស​។ បទ​ចោទ​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​នីតិវិធី​ស៊ើបអង្កេត​របស់​តុលាការ​។​

 
​ថ្ងៃនេះ ឆ្នាំមុន លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច និង​កងកម្លាំង​ចម្រុះ​ឡោមព័ទ្ធ​ផ្ទះ និង​ចូល​ឃាត់ខ្លួន​ទាំង​កណ្ដាល​អា​ធ្រា​ត (​យប់​ថ្ងៃទី​២​ឈានចូល​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧) ក្រោយ​មានការ​សង្ស័យថា លោក កឹម សុខា លួច​ទាក់ទង​សម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រលំ​រដ្ឋាភិបាល​។ ការឃាត់ខ្លួន​លោក កឹម សុខា នេះ គឺ​សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​លើកឡើងថា លោក មាន​អ្នកជំនាញ​ដែលជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជ្រោមជ្រែង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។ ភ្លាមៗ​បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច ក៏​ដឹក​លោក ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​
 
​មួយថ្ងៃ​បន្ទាប់​នៃ​ការឃាត់ខ្លួន​នេះ តុលាការ​បាន​ចោទប្រកាន់​លោក កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា ៤៤៣ ដែល​បទល្មើស​នេះ ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​អំពើ​ក្បត់ជាតិ​។  បើតាម​ក្រមព្រហ្មទណ្ឌ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ​។​
 
​បច្ចុប្បន្ន​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ​។ ហើយ​កាលពីពេល​ថ្មីៗ​នេះ​ចៅក្រម​ស៊ើបសួរ ក៏បាន​សម្រេច​ពន្យា​ពេល​៦​ខែ​ទៀត​ជា​លើក​ទី​២ ដើម្បី​បន្ត​ការ​ស៊ើបសួរ​បន្ថែម​ពី​រឿងក្តី​របស់លោក កឹម សុខា មុននឹង​តុលាការ​អាចធ្វើ​សេចក្តីសម្រេច ឬ​ចេញ​ដីកា​ដំណោះស្រាយ​។ ជាទូទៅ ដីកា​ដំណោះស្រាយ តែងមាន​ការសម្រេច​ពីរ​យ៉ាង គឺ​បិទ​ការ​ស៊ើបសួរ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ឬក៏​ដោះលែង​ជន​ត្រូវ​ចោទ (​លោក កឹម សុខា​)  ឲ្យ​នៅក្រៅ​ឃុំ​។ នេះ​បើតាម​មេធាវី​លោក កឹម សុខា​៕

Tag:
 កឹម សុខា​
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com