កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជួប​និង​ប្រគល់​ថវិកា​ដល់​ម្ចាស់​ជ័យលាភី Asian Games ល្ងាច​នេះ​
03, Sep 2018 , 12:08 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់​ជ័យលាភី Asian Games នៅ​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នា​វិមាន​សន្តិភាព​។ បើ​មិនមាន​ការប្រែប្រួល ប្រតិភូ​កីឡា​កម្ពុជា​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​៥:៣៥​នាទី​ល្ងាច​។ សម្រាប់​ការប្រកួត​នេះ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​១​។

 
​ជាការ​លើកទឹកចិត្ត​ដល់​អត្ត​ព​លិ​ក និង​ថ្នាក់ដឹកនាំ ដែល​បាន​សាង​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ក្បួន​ដោយមាន​ម៉ូតូ​សអម​ចំនួន​៦​គ្រឿង ដើម្បី​រង់ចាំ​ទទួល​នៅ​អាកាសយាន​អន្តរជាតិ​ភ្នំពេញ​។ លើសពីនេះ ពួកគេ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ថែម​ទៀតផង​។​
 
 
​បើ​មិនមាន​ការប្រែប្រួល​ជើងហោះហើរ​នោះទេ ប្រតិភូ​កីឡា​កម្ពុជា មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​ម៉ោង​៥:៣៥​នាទី​ល្ងាច​។ នេះ​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ តែ​យ៉ាងណា លោក​អះអាងថា អាចមាន​ការប្រែប្រួល​ប​ន្តិ​ច​បន្តួច​សម្រាប់​ពេលវេលា​នៃ​ការមកដល់​របស់​ប្រតិភូ​កម្ពុជា​។​
 
​លោក​បាន​បន្ថែមថា ក្បួន​ដង្ហែ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅកាន់់​វិមាន​សន្តិភាព ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​។ សម្តេច ហ៊ុន សែន នឹង​ប្រគល់​ថវិកា​លើកទឹកចិត្ត​ដល់​ម្ចាស់​ជ័យលាភី គ្រូបង្វឹក និង​គ្រូ​ជំនួយ នាឱកាស​នោះ​ផងដែរ​។​
 
​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​កាលពី​ឆ្នាំ​២០១៣ ជ័យលាភី​មេដាយមាស ខាន់ ចេ​សា និង សាលី អ៊ូ​មើ​ត នឹង​ទទួលបាន​ប្រាក់រង្វាន់​ម្នាក់ៗ​ចំនួន​៨០​លាន​រៀល ហើយ អ៊ូ​មើ​ត ទទួលបាន​២៤​លាន​រៀល​បន្ថែមទៀត​សម្រាប់​មេដាយ​សំរឹទ្ធ​។ គ្រូបង្វឹក​របស់​អត្ត​ព​លិ​ក​ទាំង​២​ទទួល​ម្នាក់ៗ​៨០​លាន​រៀល រីឯ​គ្រូ​ជំនួយ​បាន​៧០​ភាគរយ​។​
 
​បន្ថែម​លើ​នេះ ម្ចាស់​ជ័យលាភី​ទាំងពីរ ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ផ្ទាល់​ពីស​ម្តេច ហ៊ុន សែន ផងដែរ​។ កាលពីពេល​កន្លងទៅ​សម្តេច​ធ្លាប់​ប្រកាស​ផ្តល់​១​ម៉ឺន​ដុល្លារ​សម្រាប់​មេដាយមាស ៥​ពាន់​ដុល្លារ​មេដាយប្រាក់ និង​៣​ពាន់​ដុល្លារ​មេដាយ​សំរឹទ្ធ​។​
 
​សម្រាប់​ការប្រកួត​កីឡា Asian Games 2018 ដែល​រៀបចំ​នៅ​ទីក្រុង​ហ្សា​ការ​តា និង​ប៉ា​ឡាំ​ប៉ាង​ប្រទេស​ឥណ្ឌូណេស៊ី កម្ពុជា​ដណ្តើមបាន​មេដាយមាស​២ និង​សំរឹទ្ធ​១​។ កីឡាការិនី ខាន់ ចេ​សា ដណ្តើមបាន​មេដាយមាស​លើ​វិញ្ញាសា Newaza នៃ​កីឡា​ជឺ​ជី​តស៊ូ រីឯ​មេដាយមាស សាលី អ៊ូ​មើ​ត ដណ្តើមបាន​លើ​កីឡា​ម៉ូតូ​ទឹក​លើ​វិញ្ញាសា Ski Modified និង​មេដាយ​សំរឹទ្ធ​របស់គេ ទទួលបាន​លើ​វិញ្ញាសា Runabout 1100 Stock៕       
  

Tag:
 Asian Games
  សម្តេច ហ៊ុន សែន​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com