រថយន្ត
អន្តរជាតិ
បារាំងពង្រឹងដំណើរការរថយន្តដែលដើរដោយឧស្ម័នធម្មជាតិសម្រាប់ចំងាយឆ្ងាយ
× រថយន្តក្រុងដែលដំណើរការដោយឧស្ម័នធម្មជាតិ ត្រូវបានដាក់ដំណើរការរួចហើយនៅក្នុងទីក្រុងនានានៅបារាំង។ ប៉ុន្តែចាប់ពីថ្ងៃទី១៧ ខែកញ្ញា ទៅ ដេប៉ាតឺម៉ង់ Sarthe ដែលស្ថិតក្នុងតំបន់ Pays de La Loire នឹងដាក់ដំណើររថយន្តដែលដើរដោយឧស្ម័នធម្មជាតិ សម្រាប់ចម្ងាយវែង ដែលឆ្លងកាត់ពីក្រុងមួយទៅក្រុងមួយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Le Maine Libre។
លោកស្រី Christelle Morancais ប្រធានក្រុមប្រឹក្សាតំបន់ Pays de la Loire និងតំណាងភ្នាក់ងារដឹកជញ្ជូនសាធារណៈ Transdev បានបើកសម្ពោធសេវាកម្មសាកល្បងរថយន្តក្រុង២គ្រឿងដំបូង ដែលដំណើរការដោយឧស្ម័នធម្មជាតិ ហើយនឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី១៧ ខែកញ្ញា។
រថយន្តប្រភេទ Scania Interlink HD ទាំងពីរគ្រឿងនេះ មានកន្លែងអង្គុយចំនួន៥៧កន្លែង ហើយមួយគ្រឿងៗ មានតម្លៃប្រមាណ២៧០ ០០០អឺរ៉ូ (ជាង៣១ម៉ឺនដុល្លារអាមេរិក)។ វានឹងភ្ជាប់ខ្សែរត់រយៈចម្ងាយឆ្ងាយពីក្រុង១ទៅក្រុង១ក្នុងដេប៉ាតឺម៉ង់ Sarthe។
យោងតាមការផ្សាយរបស់ Ouest France បារាំងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់សេវាកម្មធ្វើដំណើរសាធារណៈដែលកាត់បន្ថយការបំពុលបរិស្ថាន។ កន្លងមក ភ្នាក់ងារដឹកជញ្ជូនសាធារណៈ Transdev បានសហការជាមួយអាជ្ញាធរតំបន់ Bretagne ក្នុងប្តូររថយន្តដែលដំណើរការដោយឧស្ម័នធម្មជាតិ (GNV) វិញ។
កន្លងមក រថយន្ត Penn-ar-bed រត់ជាមធ្យម២០០គីឡូម៉ែត្រក្នុង១ថ្ងៃ ប៉ុន្តែស្ថានីយបញ្ចូលឧស្ម័នធម្មជាតិ នៅមានចំនួនទាបនៅឡើយ។ សហជីពជំនាញផ្នែកថាមពល និងឧបករណ៍ (Sdef) បានលើកឡើងពីគម្រោងដាក់ស្ថានីយ៍ឧស្ម័នធម្មជាតិចំនួន៧បន្ថែមទៀតនៅបារាំង ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ អ្នកជំនាញរំពឹងផងដែរថា រថយន្តប្រើប្រាស់ឧស្ម័នធម្មជាតិអាចរត់បានរយៈចម្ងាយ៥០០គីឡូម៉ែត្រដោយស្វ័យប្រវត្តិ៕
© រក្សាសិទ្ធិដោយ thmeythmey.com