ជាតិ
រថយន្ត
នគរបាល​ចរាចរណ៍​ប្តូរ​ការ​ស្រង់​ទិន្នន័យ​ពី​ការសរសេរ​ដោយ​ដៃ ទៅ​អនុវត្តតាម​បច្ចេកវិទ្យា​វិញ​
03, Sep 2018 , 7:39 pm        
រូបភាព
ដោយ:
​ការ​ស្រង់​ទិន្នន័យ​តាមរយៈ​ការសរសេរ​ដៃ នឹងមិន​ទាន់សភាពការណ៍ ហើយ​លឿន​ទៅតាម​ការចង់បាន​នោះឡើយ​។ នេះ​ជាការ​លើកឡើង​របស់ លោក រុន រត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​លោក​គូសបញ្ជាក់​ពី​លក្ខណៈ​វិជ្ជមាន​ចំពោះ​ការប្រមូល​ទិន្នន័យ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

 
​តាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក រុន រត្ន​វាសនា បានលើកឡើង នា​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ស្តីពី «​ការប្រមូល​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​តាម​បច្ចេកវិទ្យា​» កាលពី​ថ្ងៃទី​២៤ ខែសីហា ថា ការគ្រប់គ្រង​ទិន្នន័យ​តាម​ព័ត៌មានវិទ្យា នឹង​បង្រួញ​ការងារ​ពី​ធំ​មក​តូច​។​
 
​ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ រូបនេះ គូសបញ្ជាក់​បន្ថែមថា ការ​ទុក​ទិន្នន័យ​តាម​បច្ចេកវិទ្យា​ទំនើប​នេះ ទោះបីជា​ស្នងការ​រាជធានី​-​ខេត្ត​មួយចំនួន ដែល​ត្រូវមាន​ការផ្លាស់ប្តូរ​តួនាទី ក៏​ទិន្នន័យ​នេះ​នៅតែ​រក្សាបាន​ដដែល​គ្មាន​ភាពស្មុគស្មាញ ហើយ​ការរក​នូវ​ទិន្នន័យ​ណាមួយ​នោះ គឺមាន​ភាពងាយស្រួល​បំផុត​មិនចាំបាច់​រើ​តុទូ ដូច​កាល​គ្រា​មុន​នោះឡើយ​។​
 
​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ស្តីពី «​ការប្រមូល​ទិន្នន័យ គ្រោះថ្នាក់​ចរាចរណ៍​តាម​បច្ចេកវិទ្យា​» សិក្ខាកាម​មកពី​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ ទទួលបាន​ជំនាញ​ក្នុងការ​ស្រង់​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ តាម​បច្ចេកវិទ្យា​ទំនើប ហើយ​លឿន អាច​បញ្ជូន​ទិន្នន័យ​មក​ថ្នាក់លើ​ទាន់ពេលវេលា​៕
 

Tag:
 ​រុន រត្ន​វាសនា​
 ​ទិន្នន័យ​-​បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com