ជាតិ
NGO Forum និង​អ្នកកាសែត​ទៅ​ទស្សនកិច្ច​នៅ​ថៃ ស្ដីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធានធម្មជាតិ​
03, Sep 2018 , 10:13 pm        
រូបភាព
ណាខនរាជសីមា៖ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) បាន​ដឹកនាំ​ក្រុមអ្នកកាសែត និង​ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ស្ដីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធានធម្មជាតិ ក្នុង​បរិបទ​នៃ​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​សាជីវកម្ម (CSR) ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDG) និង VGGT ។ ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី ៣ ដល់ ៨ ខែកញ្ញា ឆ្នាំ​២០១៨​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មានការ​ចូលរួម​ពិភាក្សា​ពី​ភាគី​កម្ពុជា​-​ថៃ​។ គណៈប្រតិភូ​ពី​ប្រទេស​កម្ពុជា មាន​ចំនួន ៤៦​រូប ដែល​មកពី​តំណាង​រដ្ឋាភិបាល​, ក្រសួង​នានា​, អង្គការក្រៅរដ្ឋាភិបាល​,​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្ន​កាសែត រួមទាំង​ភាគី​ពាក់ព័ន្ធ​។ ដំណើរ​ទស្សនកិច្ច​នេះ នឹងចូលរួម​ពិភាក្សា លើ​ប្រធាន​ប​ទឹ​សំខាន់ៗ ទាក់ទង​នឹង​ច្បាប់ និង​គោលនយោបាយ​ស្ដីពី​សិទ្ធិ​កាន់កាប់​ដីធ្លី​, សិទ្ធិ​ប្រើប្រាស់​ដីធ្លី រួមទាំង​យន្តការ​ដោះស្រាយ​ជម្លោះ​។​
 
​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្ដល់នូវ​បទពិសោធន៍ និង​រៀនសូត្រ​ពី​ករណី​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ដីធ្លី និង​ធនធានធម្មជាតិ ព្រមទាំង​វិធានការ​ទប់ស្កាត់​, ដោះស្រាយ​ជម្លោះ​រវាង​អ្នកពាក់ព័ន្ធ និង​សហគមន៍​ក្នុង​ខេត្ត​ណា​ខន​រាជ​សីមា​។ បន្ថែម​លើ​នេះ នឹង​ជួយ​ពង្រឹង​កិច្ចសហការ​រវាង​អ្នកពាក់ព័ន្ធ​មកពី​ស្ថាប័ន​ក្រសួង​នានា​របស់​កម្ពុជា ក្នុង​ការបង្កើត​យុទ្ធសាស្ត្រ​បញ្ជ្រាប​ការយល់ដឹង​ដល់​វិស័យ​ឯកជន​។ 
 
​សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ នឹងមាន​ការចូលរួម​ពី​តំណាង​សមាជិកសភា​នៃ​ខេត្ត​ណា​ខន​រាជ​សីមា (​នគររាជ​សីមា​)​ប្រទេស​ថៃ​៕

Tag:
 NGO Forum
  អ្នកកាសែត​
 ​ដីធ្លី​
 ​ធម្មជាតិ​
 ​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com