ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វិចិត្រករ អ៊ុន សុវណ្ណ រកឃើញ​គំនូរ​ក្នុង​លំហ​
04, Sep 2018 , 9:43 am        
រូបភាព
​សៀមរាប​៖ លោក អ៊ុន សុវណ្ណ ជា​សិល្បករ មួយរូប ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​លើ​ការ​គូររូប​។ លោក​មាន​ទេពកោសល្យ និង​ចេះ​គូរគំនូរ​ច្រើន​ទម្រង់ និង​ច្រើន​របៀប​។ ក្រៅពី​ការ​គូ​រលើ​ក្រដាស លោក​ក៏​អាច​គូររូប​សិល្បៈ​ផ្សេងៗ​នៅលើ​ផ្ទាំង​ក្រណាត់ ឈើ ដែក ជញ្ជាំង និង​ឈានដល់​ការ​គូរ​លើ​សំណាញ់​បង្អួច ដែល​គេ​ឱ្យ​ឈ្មោះថា គំនូរ​ក្នុង​លំហ​ផងដែរ​។ ការបង្កើត​អ្វីដែល​ថ្មី ប្លែក និង​ចេញពី​គំនិត​ស្នាដៃ​ខ្លួនឯង ធ្វើឱ្យ​ស្នាដៃ​គំនូរ​របស់លោក សុវណ្ណ ទទួលបាន​ការគាំទ្រ និង​ធ្វើឱ្យ​លោក​ត្រូវបានគេទទួលស្គាល់​ជាទូទៅ​។​



សូមស្ដាប់សំឡេង៖
 
​សិល្បៈ​គំនូរ​ជា​ចំណែក​មួយ​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅរ​ប​ស់លោក អ៊ុន សុវណ្ណ​។ យុវជន​រូបនេះ​មាន​ទេពកោសល្យ​ខ្ពស់​លើ​វិស័យនេះ​តាំងពី​អាយុ​៧​ឆ្នាំ​។ លោក សុវណ្ណ បាន​ប្រើ​ពេលវេលា​ជាច្រើន​លើ​វិស័យ​សិល្បៈ​ខ្មែរ ពិសេស​លើ​ផ្នែក​គំនូរ​នេះ​តែម្ដង​។​
 
​នៅ​ឆ្នាំនេះ​លោក សុវណ្ណ មាន​អាយុ​៣៥​ឆ្នាំ​ហើយ​។ មាន​សម្បុរ​ស្រអែម មាន​ស្រុកកំណើត​ជា​អ្នកស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង លោក សុវណ្ណ មាន​បងប្អូន​ចំនួន​៦​នាក់​។ កើត​ក្នុង​គ្រួសារ​ក្រីក្រ លោក សុវណ្ណ បាន​ឆ្លងកាត់​ការរៀនសូត្រ និង​ការធ្វើការ​ដ៏​លំបាក ទម្រាំ​មកដល់​បច្ចុប្បន្ន​។​
 
​សព្វថ្ងៃ​លោក សុវណ្ណ មានការ​ងារ​ធំ​ជា​អ្នកគ្រប់គ្រង​ផ្សារ​ផលិតផល​កម្ពុជា ដែល​លោក​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៣ និង​មួយផ្នែក​ទៀត​លោក​ជា​អ្នក​គូរគំនូរ​ផ្សេងៗ នៅតាម​សណ្ឋាគារ ប៉ូ​ទិ​ក និង​ភោជនីយដ្ឋាន​។​ល​។ គំនូរ​ដែល​លោក​អាច​គូរ​បាន មាន​ទាំង​គំនូរ​លើ​ក្រដាស ក្រណាត់ ជញ្ជាំង ដែក ឈើ ទាំង​គំនូរ​បុរាណ ទំនើប និង​ទាំង​គំនូរ​រូបិយ និង​អ​រូបិយ ព្រមទាំង​ការ​សូន្យ​រូប​ចម្រុះ​។ គំនូរ​ទាំងនោះ​មាន​របៀប ទម្រង់​នៃ​ការ​គូរ​ផ្សេងគ្នា និង​មាន​ផល​លំបាក​ដែល​ទាមទារ​ឱ្យ​អ្នក​គួរ​ព្យាយាម​អត់ធ្មត់​ខ្ពស់​។ 
 
​គំនូរ​នៅលើ​ជញ្ជាំង​កំពុងមាន​ការពេញនិយម​នៅតាម​សណ្ឋាគារ ប៉ូ​ទិ​ក​ជាដើម​។ ចំណែក​លោក សុវណ្ណ ក៏ត្រូវ​បាន​គេ​ជួល​ឱ្យ​គូរ​ច្រើន​លើ​ផ្នែក​គំនូរ​នេះ​។ គំនូរ​ទាំងនេះ​ភាគច្រើន សុវណ្ណ ប្រើតែ​២​ពណ៌​ដើម្បី​គូរ គឺ​ស និង​ខ្មៅ​។ សិល្បៈ​មួយ​នេះ​ទាមទារ​ឱ្យមាន​ការសិក្សា និង​យល់​ពី​ផ្ដ​ត់​គំនិត​នៃ​សំណង់​អាគារ​មួយៗ ទើប​សុវណ្ណ អាច​បញ្ចេញ​រូបភាព​ផ្ទាំង​សិល្បៈ​ដ៏​អស្ចារ្យ​ទៅបាន ដែល​បង្កប់​ទាំង​អត្ថន័យ និង​ភាពរស់រវើក​។ សុវណ្ណ ពន្យល់ថា គេ​មិនមែន​ចេះតែ​គូរៗ​នោះទេ គឺ​ត្រូវ​មើល​ទៅលើ​ឈ្មោះ និង​សំណង់​ស្ថាបត្យកម្ម​រាល់​អាគារ​នីមួយៗ ទើប​អាច​ឱ្យគេ​មានគំនិត​ថា​ត្រូវ​គូរ​អ្វីដែល​ស័​ក្ដ​សម​តាម​អាគារ​ទាំងនោះ​។​
 
​ក្រៅពី​គំនូរ​តាម​ជញ្ជាំង ក្រណាត់ ដែក ឬ​ឈើ សុវណ្ណ បាន​កែច្នៃ និង​រកឃើញ​គំនូរ​សិល្បៈ​មួយបែប​ទៀត គឺ​ការ​គូ​រលើ​សំណាញ់​បង្អួច​។ គំនូរ​នេះ​លោក សុវណ្ណ ហៅថា គំនូរ​លំហរ មានន័យថា​គេ​អាច​ឃើញ​រូប​មួយ​នៅ​ទម្រង់​ពណ៌​ផ្សេងគ្នា ពេល​គេ​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ណាមួយ​។​
 
​គំនូរ​ជា​ក្ដី​សុបិន​របស់លោក សុវណ្ណ តាំងពី​គេ​មាន​អាយុ​៧​ឆ្នាំ​។ សុវណ្ណ​ថា ពេលនោះ​គេ​យក​មែកឈើ​គូរ​រូបភាព​ផ្សេងៗ​នៅលើ​ដី​។ នៅពេល​រៀន​ថ្នាក់​ទី​១២ គេ​ក៏បាន​ចូលរៀន​ជាមួយ​ជាងគំនូរ​នៅ​ស្រុក​ម្នាក់ តែ​បាន​រៀន​ក្នុង​រយៈពេល​ខ្លី រហូតដល់​គេ​បាន​ឡើងទៅ​ទី​រួម​ខេត្ត បាត់ដំបង ទើប​មានឱកាស​ចូលរៀន​សិល្បៈ​គំនូរ​នៅ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ក្នុង​ឆ្នាំ​២០០៣​។ ពេលនោះ​ហើយ ដែល​សុវណ្ណ បាន​ចូលរៀន និង​កាន់តែ​ស្រឡាញ់​សិល្បៈ​គំនូរ​នេះ​កាន់តែខ្លាំង​ឡើង​។ សុវណ្ណ​ថា ការរៀន​របស់គេ​មិនមែន​សម្រាប់តែ​ការកម្សាន្ត​ទេ តែ​ជា​ក្ដី​សុបិន​។​
 
​បន្ទាប់ពី​រៀន​នៅ​សាលា​ហ្វារ​បាន​មួយឆ្នាំ សុវណ្ណ បានសម្រេច​មក​ធ្វើការ​នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០០៤​។ នៅទីនេះ​គេ​បាន​ចាប់រ​បរជា​ជាងគំនូរ ដើម្បី​សន្សំ​ប្រា​ក់រៀន​ថ្នាក់​បរិញ្ញាបត្រ​បន្ត​។ គំនូរ​ដំបូង​ដែល​គេ​លក់ គឺជា​ទិដ្ឋភាព​ប្រាសាទតាព្រហ្ម ដែល​ត្រូវបាន​ជនបរទេស​ពីរ​នាក់​ប្តី​ប្រពន្ធ​ទិញយក​ក្នុងតម្លៃ ១៥​ដុល្លារ ហើយ​ថ្ងៃ​ដំបូង​នៃ​ការលក់​នេះ គឺ​លក់បាន​ចំនួន​២​ផ្ទាំង ដែល​ធ្វើ​ឱ្យគេ​សប្បាយចិត្ត​ជាខ្លាំង​។​
 
​ក្រៅពី​ការងារ​គំនូរ សុវណ្ណ បាន​ចូលរួម​ការងារ​សង្គម​ជាច្រើន ដូចជា​ការបង្រៀន​កូនក្មេង​ខ្សោយ​បញ្ញា ពិកា ក្រីក្រ និង​ព្រះសង្ឃ​ដោយ​មិន​យកលុយ​ជាដើម​។ សកម្មភាព​ដែល​លេចធ្លោ​ដែរនោះ គឺ​ការចូលរួម​បង្កើត​កម្មវិធី​តុក្កតា​យក្ស ដែលជា​សិល្បៈ​ដំឡើង​រូប​តុក្កតា​ពី​សម្ភារ​ចាស់ៗ ឬ​ពី​សំរាម ដោយ​ក្រុម​ក្មេងៗ​មកពី​បណ្ដា​អង្គការ​នានា ដែល​លោក​បាន​ចូលរួម​តាំងពី​ឆ្នាំ​២០០៩​មក​។​
 
​បំណងប្រាថ្នា​ទៅ​ថ្ងៃមុខ​របស់លោក សុវណ្ណ ដែល​ស្រឡាញ់ និង​ចង់​លើកស្ទួយ​សិល្បៈ​ខ្មែរ គឺ​ចង់ឱ្យមាន​ការរៀប​ចំក​ន្លែ​ង​តាំង​ពិ​ព័រ​ណ៌​ស្នាដៃ​គំនូរ​ដែល​ចូលរួម​ដោយ​អ្នកសិល្បៈ​ចម្រុះ​។ លោ​កថា​ពីមុន​នៅ​ខេត្តសៀមរាប​ធ្លាប់មាន​ការរៀបចំ​ពិ​ព័រ​ណ៌​នេះ តែ​ក្រោយមក​ក៏​បាត់បង់​ទៅវិញ​។ សុវណ្ណ​ថា ពិ​ព័រ​ណ៌​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​បានបង្ហាញ​ពី​ស្នាដៃ​សិល្បៈ​ផ្សេងៗ និង​បាន​លើកស្ទួយ​ស្នាដៃ​អ្នកសិល្បៈ​។ លោក​ថា កម្មវិធី​នេះ​ជា​ចំណែក​លើកកម្ពស់​សិល្បៈ ឱ្យមាន​ជីវិត​ត​ទៅមុខទៀត​៕

Tag:
 អ៊ុន សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com