អន្តរជាតិ
អគ្គិភ័យ​ឆាបឆេះ​សារមន្ទីរ​ជាតិ​ប្រេ​ស៊ី​ល ដែលមាន​អាយុកាល​២០០​ឆ្នាំ​
04, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អគ្គិភ័យ​ដ៏​សន្ធោរ​សន្ធៅ​មួយ​ដែល​ចង់​លេប​ត្របាក់​យក​សារមន្ទីរ​ចាស់​បំផុត​ក្នុងប្រទេស ប្រេ​ស៊ី​ល ត្រូវបាន​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​ហើយ​។ នេះ​បើ​យោងតាម​លោក Roberto Robadey អ្នកនាំពាក្យ​មន្ទីរ​ពន្លត់​អគ្គិភ័យ​ប្រេ​ស៊ី​ល ដែល​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

 
​សារមន្ទីរ​ជាតិ​វ័យ​២០០​ឆ្នាំនេះ មាន​ផ្ទុក​ស្នាដៃ​សិល្បៈ​ចំនួន​២០​លាន​។​
 
​លោក Michel Temer ប្រធានាធិបតី​ប្រេ​ស៊ី​ល​បាន​មានប្រសាសន៍ថា ការបាត់បង់​នេះ​គឺ «​មិនអាច​គណនា​បាន​នោះ​ទ‍េ​»​។​
 
​លោក Temer បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​នេះ​គឺជា​ថ្ងៃ​ដ៏​សោកនាដកម្ម​សម្រាប់​ប្រទេស ប្រេ​ស៊ី​ល​។ ស្នាដៃ​ការងារ ការស្រាវជ្រាវ និង​ចំណេះដឹង​រយៈពេល​២០០​ឆ្នាំ ត្រូវបាន​បាត់​ប​ង‍់​»​។​
 
​លោក Sergio Sa Leitao រដ្ឋមន្ត្រី​វប្បធម៌​ប្រេ​ស៊ី​ល​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Tweeter ថា «​ការបាត់បង់​នេះ​គឺ​មិនមាន​អ្វី​មក​ជំនួស​បានទេ​។ កាលណា​វប្បធម៌​រលត់ ជាតិ​ក៏​រលាយ​ដែ​រ‍​»​។​
 
​លោក Robadey និយាយថា «​យើង​អាច​យក​វត្ថុ​ជាច្រើន​ចេញពី​ក្នុង​សារមន្ទីរ​ដែល​កំពុង​ឆាបឆេះ​នោះ ដោយមាន​ជំនួយ​ពី​ក្រុមការងារ​នៅក្នុង​សារមន្ទីរ​»​។​
 
​គេហទំព័រ​របស់​សារមន្ទីរ​នោះបាន​ឲ្យ​ដឹងថា សារមន្ទីរ​មាន​វត្ថុ​ជាង​២​ម៉ឺន ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ប្រេ​ស៊ី​ល​និង​ប្រទេស​ដទៃទៀត ហើយ​វត្ថុ​ជាច្រើន​គឺ​មកពី​ក្រុមគ្រួសារ​រាជវង្សានុវង្ស​របស់​ប្រេ​ស៊ី​ល​។​
 
​អ្នកស្រី Marina Silva ដែលជា​បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​នៅក្នុង​ការបោះឆ្នោត​នៅ​ខែក្រោយ​នេះ បាន​ថ្លែងថា អគ្គិភ័យ​នេះ​ប្រៀបដូចជា «​ការ​វះ​យក​ការចងចាំ​ចេញពី​ប្រជាពលរដ្ឋ​ប្រេ​ស៊ី​លអ​ញ្ចឹ​ង‍​»​។ 
 
​មិនមាន​តួលេខ​អ្នកស្លាប់​ឬ​រងរបួស​នៅក្នុង​ហេតុការណ៍​នេះ​ត្រូវបាន​រាយការណ៍​នោះទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com