អន្តរជាតិ
លោក Trump ជះ​កំហឹង​តាម Twitter ជុំវិញ​ការចោទប្រកាន់​ប្រឆាំង​សភាតំណាងរាស្ត្រ​
06, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សមាជិកសភា​ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​ចូលរួម​ជាមួយ​ពួក​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក​ប្រធានាធិបតី Donald Trump ចំពោះ​អ្វីដែល​មនុស្ស​ជាច្រើន​យល់ថា​ជាការ​រំលោភ​លើ​ឯករាជ្យភាព​របស់​តុលាការ​។​

 
​លោក​ប្រធានាធិបតី​កាលពីដើម​សប្តាហ៍​នេះ​បាន​រិះគន់​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​ជុំវិញ​ការចោទប្រកាន់​ក្រសួងយុត្តិធម៌​ថា​បាន​ប្រឆាំងនឹង​តំណាងរាស្ត្រ​ពីរ​នាក់​មកពី​ខាង​គណបក្ស​សាធារណរដ្ឋ​។ លោក Chris Collins ជា​តំណាងរាស្ត្រ​មកពី​រដ្ឋ​ញ៉ូ​វ​យ៉​ក​ត្រូវបាន​ចោទប្រកាន់ថា​បាន​យក​ព័ត៌មាន​ផ្ទៃក្នុង​មក​ធ្វើ​អាជីវកម្ម​បម្រើ​ប្រយោជន៍​ខ្លួនឯង​។ លោក Duncan Hunter តំណាងរាស្ត្រ​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ត្រូវបាន​ចោទប្រកាន់ថា​បាន​ប្រើប្រាស់​ថវិកា​សម្រាប់​ឃោសនាបោះឆ្នោត​ខុស​។ អ្នក​ទាំងពីរ​មិនបាន​សារភាព​ទទួលកំហុស​នោះទេ​។​
 
​លោក​ប្រធានាធិបតី​បាន​រិះគន់​លោក​រដ្ឋមន្ត្រី​យុត្តិធម៌ និង​ក្រសួងយុត្តិធម៌​ជា​យូរ​មកហើយ​ពាក់ព័ន្ធ​នឹង​ករណី​ស៊ើបអង្កេត​ពី​ការ​ជ្រៀត​ជ្រែង​របស់​រុស្ស៊ី​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​ដឹកនាំ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller​។ ប៉ុន្តែ​ការប្រកាស​ចុងក្រោយ​របស់លោក​ប្រធានាធិបតី​ត្រូវបាន​ច្រានចោល​ដោយ​ក្រុម​អ្នកជំនាញ​ច្បាប់ និង​សមាជិក​នៅក្នុង​គណបក្ស​របស់លោក​ចំពោះ​ការទាមទារ​ឲ្យ​ដាក់​ក្តីបារម្ភ​នយោបាយ​នៅមុន​ច្បាប់ព្រហ្មទណ្ឌ​។​
 
​លោក Paul Ryan ប្រធានរដ្ឋសភា​បាន​ប្រាប់​សារព័ត៌មាន CNN ថា ក្រសួងយុត្តិធម៌​គួរតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការងារ​នយោបាយ ហើយ​លោក​យល់ស្រប​ទៅនឹង​ការចោទប្រកាន់​ប្រឆាំងនឹង​តំណាងរាស្ត្រ​ទាំងពីរ​នាក់​នេះ​។​
 
​លោក Ben Sasse សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Nebraska បានចេញ​សេចក្តី​ថ្លែង​ការ​មួយ​ថា​សហរដ្ឋអាមេរិក​មិនមែនជា​ប្រទេស​ដែល​គ្មាន​ច្បាប់ទម្លាប់ ដោយមាន​ប្រព័ន្ធយុត្តិធម៌​ពីរ​មួយ​សម្រាប់​ក្រុម​សំឡេង​ភាគច្រើន និង​មួយទៀត​សម្រាប់​ក្រុម​សំឡេង​ភាគតិច​នោះទេ​។​
 
​លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ Arizona បាន​សរសេរ​បង្ហោះ​តាម Twitter ថា លោក Trump កំពុង​ប្រើប្រាស់​ក្រសួងយុត្តិធម៌​ដើម្បី​កែង​ចំណេញ​ប្រយោជន៍​នយោបាយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com