អន្តរជាតិ
រដ្ឋាភិបាល​ចិន​យល់ថា វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​តឹងតែង​មួយ​
07, Sep 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​តៃប៉ិ ៖ រដ្ឋាភិបាល​ចិន​យល់ថា ប្រទេស​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​តឹងតែង​មួយ នៅពេលដែល​ក្រុមហ៊ុន​ចិន​បាន​ព្យាយាម​ធ្វើ​ពាណិជ្ជកម្ម​នៅតាម​បណ្ដោយ​ព្រំដែន​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។

 
​សភា​វៀតណាម ដែល​រង​ការជំទាស់​ពី​សាធារណជន បាន​ពន្យារពេល​ការបោះឆ្នោត​លើ​សេចក្ដី ព្រាង​ច្បាប់​មួយ​រហូតដល់​ខែឧសភា ឆ្នាំ ២០១៩​។ ប្រសិនបើ​អនុម័ត ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ចិន និង​វិនិយោគិន​បរទេស​ផ្សេងទៀត​អាច​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម​បាន​។​
 
​រដ្ឋាភិបាល​វៀតណាម​ក៏បាន​ព្រមាន​ប្រឆាំង​ផងដែរ​ទៅនឹង​ការលុបចោល​កម្ចី​ដែលមាន​អាទិភាព​ពី​ប្រទេស​ចិន​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ជាងនេះទៀត រដ្ឋាភិបាល​វៀតណាម​ក៏​រំឭក​ផងដែរ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង​ចំពោះ​ជំនួយ​អភិវឌ្ឍ​របស់​ចិន​។​
 
​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​វៀតណាម​នៅតែ​អនុញ្ញាត​ឲ្យ​មានការ​បង្កើត​អាជីវកម្ម​ឯកជន​របស់​ចិន​បន្ថែមទៀត​នៅក្នុង​ប្រទេស ដោយសារតែ​វៀតណាម​ទទួលបាន​ផលប្រយោជន៍​ពី​អាជីវកម្ម​ទាំងនោះ​។​
 
​សញ្ញា​មួយ​នៃ​ទំនោរ​នេះ​គឺថា ក្រុមហ៊ុន​ចិន​កំពុង​បង្កើត​រោងចក្រ​នានា​នៅក្នុង​ប្រទេស​វៀតណាម​ដើម្បី​គេច​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Maxfield Brown សមាជិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Dezan Shira & Associates នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​
 
​នៅក្នុង​ករណី​មួយ​ផ្សេងទៀត ចាប់ពី​ខែតុលា​ខាងមុខនេះ​តទៅ ក្រុមហ៊ុន​នានា​នៅតាម​ព្រំដែន​អាច​ចុះ​កិច្ចព្រមព្រៀង​ជា​ទឹកប្រាក់​យ័នរ​បស់​ចិន​តាម​ការទាមទារ​រប​ស់​ប្រជាពលរដ្ឋ​បាន ស្រប​ពេលដែល​ការធ្វើ​អាជីវកម្ម​មានការ​កើនឡើង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Viet Nam News កាលពី​ខែសីហា​។​
 
​លោក Adam McCarty សេដ្ឋវិទូ​ចម្បង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Mekong Economics នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​និយាយថា​៖ «​គំនិត​របស់ខ្ញុំ​គឺថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​នឹង​កាន់តែ​រឹងមាំ​ឡើង​នៅក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ដែល​មួយផ្នែក​គឺ​ដោយសារតែ​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្នុង​ការផ្ដល់​អាទិភាព​លើ​សហរដ្ឋអាមេរិក​ជាមុន ប៉ុន្តែ​ចំណុច​សំខាន់​គឺ​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន​ដែល​ប្រទេស​ទាំងពីរ​ទទួលបាន​ពី​ទំនាក់ទំនង​នេះ​»​។​
 
​ដៃគូ​ពាណិជ្ជកម្ម​ដ៏​តឹងតែង​
 
​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មណា​ដែល​ជួយ​វៀតណាម​បាន​លឿន ដោយ​មិន​ខ្លាច​ចិន​ត្រួតត្រា​លើ​សេដ្ឋកិច្ច​របស់ខ្លួន នឹង​ដំណើរការ​ទៅមុខ​។ រីឯ​កិច្ចព្រមព្រៀង​ផ្សេងទៀត​នឹង​ប្រឈម​នឹង​ការជំទាស់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​នានា​។​
 
​អ្នកវិភាគ​បានបញ្ជាក់​ថា ករណីនេះ​អាច​បង្អាក់​ទឹកចិត្ត​ប្រទេស​ចិន ដែលជា​ប្រទេសមួយ​ធ្លាប់ធ្វើ​ឲ្យ​ជម្លោះ​នយោបាយ​មាន​ភាព​ធូរស្រាល​ឡើង​ជាមួយនឹង​បណ្ដា​ប្រទេស​នានា​តាមរយៈ​ការផ្ដល់​ផលប្រយោជន៍​ផ្សេងៗ​ដល់​ប្រទេស​ទាំងនោះ ដែល​ផលប្រយោជន៍​ទាំងនេះ​គឺ​បានមកពី​សេដ្ឋកិច្ច​របស់ខ្លួន​ដែលមាន​ទំហំ​ជាង ១២ លាន​លាន​ដុល្លារ​អាមេរិក​។​
 
​ប្រទេស​ណា​ដែល​មិន​សប្បាយចិត្ត​ជាមួយនឹង​ប្រទេស​ចិន ពេលខ្លះ​បាន​ងាក​ទៅធ្វើ​អាជីវកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ដែលជា​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ចម្បង​របស់​ចិន​។​
 
​លោក Fabrizio Bozzato អ្នកស្រាវជ្រាវ​ជំនាញ​ខាង​តំបន់​អាស៊ី​ខាងកើត​នៃ​អង្គការ Taiwan Strategy Research Association បាន​និយាយថា​៖ «​មូលហេតុ​ដែលថា​ការកើនឡើង​នូវ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​វៀតណាម​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា វា​កំពុងតែ​កើតឡើង ទោះបីជា​ប្រជាពលរដ្ឋ​វៀតណាម​មិន​ពេញចិត្ត​ចំពោះ​ឥទ្ធិពល និង​ការបញ្ជ្រាប​ចូល​នៃ​សេដ្ឋកិច្ច​របស់​ចិន​ទៅក្នុង​ប្រទេស​វៀតណាម​ក៏ដោយ​»​។​
 
​លោក​បាន​បញ្ជាក់ថា​៖ «​គោលនយោបាយ​របស់​ចិន​នៅក្នុង​ការបញ្ជ្រាប​សេដ្ឋកិច្ច​ចូលក្នុង​ប្រទេស​វៀតណាម​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនវិស័យ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ចំពោះ​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ថ្មី​មួយ​ជាមួយនឹង​ប្រទេស​វៀតណាម​»​។​
 
​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាញ់ក្ដី​នៅក្នុង​ពាក្យបណ្ដឹង​របស់​ហ្វីលីពីន​ដែល​ប្ដឹង​ទៅកាន់​តុលាការ​អាជ្ញាកណ្ដាល​អន្ត​រ​ជាតិ​កាលពី​ឆ្នាំ ២០១៦ ទាក់ទិន​នឹង​មូលដ្ឋាន​ផ្លូវច្បាប់​សម្រាប់​ការទាមទារ​កាន់កាប់​ស​មុ​ទ្រ​ចិន​ខាងត្បូង​មក ចិន​បាន​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយនឹង​ប្រទេស​វៀតណាម ដែលជា​ប្រទេស​ចេញមុខ​ខ្លាំងជាងគេ​បំផុត​នៅក្នុង​ការទាមទារ​កាន់​កាប់​ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​។​
 
​ប្រជាពលរដ្ឋ​វៀតណាម​ជាច្រើន​ក៏មាន​ការខកចិត្ត​ជាមួយ​នឹង​ប្រទេស​ចិន​ផងដែរ ដោយសារតែ​ជម្លោះព្រំដែន​កាលពី​អតីតកាល ដែល​បាន​ឈានដល់​ការប៉ះទង្គិច​គ្នា​កាលពី​ទសវត្សរ៍ ១៩៧០​។​
 
​កាលពី​ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ​វៀតណាម​បានធ្វើ​កុបកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុន​ចិន បន្ទាប់ពី​មាន​ហេតុការណ៍​បុក​ទូក​មួយ​បាន​កើតឡើង​នៅឯ​សមុទ្រ​។​
 
​កាលពី​ខែមិថុនា​ឆ្នាំនេះ ការតវ៉ា​ប្រឆាំងនឹង​សំណើ​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​វៀតណាម​បានធ្វើ​ឲ្យ​សមាជិកសភា​ពន្យារពេល​ពិភាក្សា​អនុម័ត​ច្បាប់​នេះ​។​
 
​លោក McCarty នៃ​ក្រុមហ៊ុន Mekong Economics និយាយថា ប្រជាពលរដ្ឋ​វៀតណាម​ចង់បាន «​ការធ្វើ​ពាណិជ្ជកម្ម​» ប៉ុន្តែ​មិន​ចង់​ឲ្យ​ប្រទេស​វៀតណាម​ក្លាយជា «​រដ្ឋ​ចំណុះ​របស់​ចិន​» នោះទេ​។​
 
​កិច្ចសហប្រតិបត្តិការ និង​ការប្រឹងប្រែង​
 
​តាំងពី​ឆ្នាំ ២០០៣ មក ប្រទេស​វៀតណាម​បាន​កសាង​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​មហាអំណាច​នានា លើ​គោលនយោបាយ​នៃ «​កិច្ចសហប្រតិបត្តិការ និង​ការប្រឹងប្រែង​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​ជំនាញ​ខាង​តំបន់​អាស៊ីអាគ្នេយ៍​នៃ​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី​។​
 
​លោក​បាន​និយាយថា​៖ «​ករណីនេះ​អាច​មានន័យថា​ជា​កិច្ចសហប្រតិបត្តិការ នៅពេលដែល​វា​ស្របទៅតាម​ផលប្រយោជន៍​សេដ្ឋកិច្ច និង​ការប្រឹងប្រែង​របស់​ប្រទេស​វៀតណាម​។ ប៉ុន្តែ​វា​អាច​មានន័យថា​ជាការ​ប្រឆាំងនឹង​ប្រទេសមួយ នៅពេលដែល​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​របស់​វៀតណាម​»​។​
 
​ប្រទេស​វៀតណាម​នៅពេល​បច្ចុប្បន្ននេះ​មានការ «​ប្រយ័ត្នប្រយែង​» អំពី​ការសុំ​កម្ចី​ពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Le Hong Hiep អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុងប្រទេស​សិង្ហ​បុរី នៅក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់លោក​ដែល​បានចេញ​ផ្សាយ​កាលពី​ខែ​មិនា​កន្លងទៅនេះ​។​
 
​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​គឺជា​យុទ្ធនា​ការដែល​មានទឹក​ប្រាក់ ១ លាន​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ទ្វីបអឺរ៉ុប និង​អាស៊ី​។ បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​កា​ហ្សា​ក់​ស្ថាន ម៉ាឡេស៊ី និង​ស្រីលង្កា​ជាដើម បានអនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រឡូក​ក្នុង​កិច្ចការ​អភិវឌ្ឍ​ក្នុងប្រទេស​របស់​ពួកគេ​។​
 
​លោក Le Hong Hiep បាន​និយាយថា ប្រទេស​វៀតណាម​ប្រហែលជា​សាកល្បង​គម្រោង​របស់​ប្រទេស​ចិន​នេះ ដោយ​អនុវត្ត «​គម្រោង​សាកល្បង​មួយចំនួន​តូច​»​។ លោក​បាន​បន្ថែមថា ប្រទេស​ចិន​ខ្វល់​អំពី​វិធី​ដែល​វៀតណាម​ឆ្លើយតប​មកវិញ ដោយ​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ដោយសារតែ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្មនេះ​គឺជា​កេរ្តិ៍ឈ្មោះ​របស់​ចិន​ក្នុងនាម​ជា​មហាអំណាច​ដែល​កំពុង​លេចមុខ​ឡើង​បែប​សប្បុរស​មួយ ការគាំទ្រ​របស់​វៀតណាម​ចំពោះ​គម្រោង​នេះ​គឺ​នៅតែ​ជា​រឿង​សំខាន់​សម្រាប់​ចិន​ដដែល​»​។​
 
​ការធ្វើ​ពាណិជ្ជកម្ម​ឯកជន និង​ការវិនិយោគ​
 
​អាជីវកម្ម​ឯកជន​មកពី​ប្រទេស​ចិន​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស​វៀតណាម ហើយ​រដ្ឋាភិបាល​វៀតណាម​បាន​យល់ព្រម​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ទាំងនោះ ដូច្នេះ​ក្រុមហ៊ុន​វៀតណាម​អាច​កាន់​តែមាន​លក្ខណៈ «​ប្រកួតប្រជែង​» ជាង​មុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Maxfield Brown នៃ​ក្រុមហ៊ុន Dezan Shira & Associates​។ ក្រុមហ៊ុន​របស់​ចិន​ជារឿយៗ មាន​ទំហំ​វិនិយោគ​ធំ​ជាង និង​មាន​ទំនាក់ទំនង​នៅក្រៅ​ប្រទេស​ប្រសើរ​ជាង​ក្រុមហ៊ុន​វៀតណាម​។​
 
​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​វៀតណាម​បាន​កើន​ដល់​ចំនួន ៧,៧ ភាគរយ នៃ​ការវិនិយោគ​សរុប​ដែល​វៀតណាម​ទទួលបាន​ពី​ប្រទេស​ដទៃទៀត​នៅក្នុង​ឆ្នាំ ២០១៦​។ ការកើនឡើង​នៃ​ការវិនិយោគ​របស់​ចិន​នោះ​មាន​ចំនួន ១ ពាន់ ៨៨០ លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មានការ​កើនឡើង​ថេរ​តាំងពី​ឆ្នាំ ២០១២ មក​។​
 
​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​កោះ​តៃវ៉ាន់ ស្ថិតក្នុង​ចំណោម​ប្រទេស​វិនិយោគ​សំខាន់ៗ​របស់​ប្រទេស​វៀតណាម​។ ការធ្វើ​ពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយនឹង​ចិន​មាន​ចំនួន ៩៣ ពាន់ ៨ រយ​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំមុន និង​បាន​កើនឡើង​ចំនួន ២៨,៨ ភាគរយ​នៅក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨ នេះ​។​
 
​ក្រុមហ៊ុន​ចិន​កំពុង​បង្កើត​រោងចក្រ​នៅក្នុង​ប្រទេស​វៀតណាម​ជាពិសេស​នៅពេល​បច្ចុប្បន្ននេះ ដើម្បី​ជៀសវាង​ការបង់​ពន្ធគយ​ខ្ពស់​លើ​ការនាំចេញ​របស់ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក ដែលជា​ការតម្រូវ​រប​ស់​រដ្ឋាភិបាល​អាមេរិក​សម្រាប់​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​នានា​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​ការវិនិយោគ​ទាំងនេះ​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​វៀតណាម ស្រប​ពេលដែល​ប្រទេស​វៀតណាម​ស្វែងរក​ការវិនិយោគ​លើ​រោងចក្រ​ដើម្បី​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​ចំនួន ៦,៨ ភាគរយ​កាលពី​ឆ្នាំមុន មាន​កម្រិត​ថេរ​។​
 
​លោក Maxfield Brown បាន​និយាយថា​៖ «​សម្រាប់​ស្ថានការណ៍​ជាក់លាក់​នេះ វា​ហាក់ដូចជា​មានការ​ផ្លាស់​ប្ដូរ ដោយសារតែ​ប្រទេស​ចិន​ដែល​កាលពី​មុខជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​មួយ និង​ដោះស្រាយ​ជាមួយនឹង​វៀតណាម​តាម​វិធី​ដែល​ខ្លួន​រំពឹងថា វៀតណាម​ចង់​ធ្វើការ​ជាមួយនឹង​ខ្លួន​នោះ ឥឡូវនេះ​កំពុង​ស្ថិតក្នុង​ជំហរ​ទន់ខ្សោយ​មួយ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com