អន្តរជាតិ
តំណាង​រដ្ឋាភិបាល​, NGO និង​វិស័យ​ឯកជន មក​ស្វែងយល់​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បរិស្ថាន Sakaerat នៅ ថៃ​
08, Sep 2018 , 3:31 pm        
រូបភាព
តំ​ណាង​រ​ដ្ឋាភិ​បាល​, NGO និង​វិ​ស័​យ​​​ឯ​ក​​ជន មក​​​ស្វែង​​យល់​​​ពី​វិទ្យា​​ស្ថាន​​​​ស្រាវជ្រា​​វ​បរិ​ស្ថាន Sakaerat នៅ ថៃ
តំ​ណាង​រ​ដ្ឋាភិ​បាល​, NGO និង​វិ​ស័​យ​​​ឯ​ក​​ជន មក​​​ស្វែង​​យល់​​​ពី​វិទ្យា​​ស្ថាន​​​​ស្រាវជ្រា​​វ​បរិ​ស្ថាន Sakaerat នៅ ថៃ
​ណា​ខន​រាជ​សីមា​,​ថៃ​៖ តំណាង​រដ្ឋាភិបាល​, NGO និង​វិស័យ​ឯកជន បាន​ចំណាយពេល​មក​ស្វែងយល់​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បរិស្ថាន Sakaerat នៅ​ប្រទេស​ថៃ ដែលជា​តំបន់​ឋ​ប​នី​ជីវចម្រុះ​។ វិទ្យាស្ថាន Sakaerat នេះ ធ្វើការ​ផ្ដោតលើ​ការស្រាវជ្រាវ​ពី​វិទ្យាសាស្ត្រ និង​បរិស្ថាន តាមរយៈ​ការចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​, ព្រៃឈើ រួមទាំង​សត្វព្រៃ​។


​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្ដីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធានធម្មជាតិ ក្នុង​បរិបទ​នៃ​ការទទួលខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន​សាជីវកម្ម (CSR) និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) នៅ​ខេត្ត​ណា​ខន​រាជ​សីមា គណៈប្រតិភូ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​ជាច្រើន ដែល​និយាយ​ពី​បញ្ហាដីធ្លី និង​ធនធានធម្មជាតិ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មាន​សហការ​ពី​ភាគី​ថៃ ជាពិសេស​តំណាង​សមាជិកសភា​នៅក្នុង​ស្រុក​វ៉ាង​ណា​ម​ខៀវ លោក Chun Sirichaikireekosol ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី និង​ដឹកនាំ​ដំណើរ​ទៅកាន់​ទីតាំង​នីមួយៗ​ផងដែរ​។​
 
​ក្រៅពី​ចុះ​ដល់ទី​តាំង​មាន​បញ្ហាដីធ្លី​រួចមក នា​ថ្ងៃទី​៦ កញ្ញា​នេះ  ភាគី​ថៃ បាន​នាំ​តំណាង​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនា និង​ស្វែងយល់​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បរិស្ថាន Sakaerat នៅ​ស្រុក​វ៉ាង​ណា​ម​ខៀវ ខេត្ត​ណា​ខន​រាជ​សីមា​។ លោក Surachit Waengsothorn នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​បរិស្ថាន Sakaerat បាន​លើកឡើងថា​វិទ្យាស្ថាន​នេះ ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ ១៩៦៧ ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ថៃ ក្នុងការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី និង​ការពារ​បរិស្ថាន ដែលជា​សារៈសំខាន់​។ ជាមួយគ្នានេះ តំបន់​ក្នុង​វិទ្យាស្ថាន​នេះ ជា​តំបន់​ដែល​ទទួលស្គាល់​ដោយ​យូណេស្កូ​នៅ​ឆ្នាំ​២០០០​ផងដែរ​។ 
 
​នាយក​វិទ្យាស្ថាន​រូបនេះ បាន​អះអាងថា នា​ថ្ងៃ​អនាគត​កម្ពុជា និង​ថៃ នឹង​បង្កើត​ឋ​ប​នី​ជីវចម្រុះ​ទ្វេភាគី ដើម្បី​សិក្សា​ពីគ្នា​ទៅវិញទៅមក​។ ក្នុង​វិទ្យាស្ថាន​នេះ ដែលជា​តំបន់​ព្រៃ​នេះ ត្រូវបាន​អង្គការ​យូណេស្កូ បែង​ចែកជា​៣ តំបន់ គឺ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​, តំបន់​ឋ​ប​នី​ជីវចម្រុះ​បម្រុង និង​តំបន់​ភូ​គុម្ព​សាស្ត្រ​។​


 លោក សោ សុន្ទរ៍ធារី ប្រធានក្រុមហ៊ុនកសិកម្ម កូសាប

​ក្រោយពី​ស្ដាប់​បទ​បង្ហាញ​របស់​ភាគី​ថៃ និង​ការ​នាំទៅ​ទស្សនា​តំបន់​ការពារ​ព្រៃឈើ​រួចមក ភាគី​កម្ពុជា បាន​ចាប់អារម្មណ៍​ទៅនឹង​គោល​គំនិត​នៃ​ការបង្កើត​វិទ្យាស្ថាន​នេះ រួមទាំង​ចង់ឃើញ​កម្ពុ​ជាមាន​វិទ្យាស្ថាន​បែបនេះ​ផងដែរ​។ លោក សោ សុន្ទ​រ៍​ធា​រី ប្រធាន​ក្រុមហ៊ុន​កសិកម្ម កូ​សាប ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បាន​លើកឡើងថា​៖ «​ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិទ្យាស្ថាន​នេះ ដែល​គេ​បង្រៀន​មនុស្ស​ទូទៅ ទាំង​សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​បរិស្ថាន​។ ហើយ​ខ្ញុំ​យល់ថា​វិទ្យាស្ថាន​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​មនុស្ស​ត្រូវការ​ធ​ម្ម​ជាតិ ធម្មជាតិ​ក៏ត្រូវ​ការ​មនុស្ស​ដែរ​»​។ 


 នាយកវិទ្យាស្ថាន

​ប្រធាន​ក្រុមហ៊ុន​រូប បញ្ជាក់ទៀតថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មានការ​អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព កម្ពុជា​គួរតែមាន​វិទ្យាស្ថាន​បែបនេះ សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បណ្ដុះ​គំនិត​ស្រឡាញ់​បរិស្ថាន​។ លោក​បន្តទៀតថា មាន​ចំណុច​ល្អជា​ច្រើន​ដែល​កម្ពុជា​ត្រូវ​រៀន​ប្រទេស​ថៃ និង​មាន​ចំណុច​ខ្លះ​ថៃ​ក៏ត្រូវ​រៀន​ពី​កម្ពុជា​ផងដែរ​។ 
 
​សូមបញ្ជាក់ថា នេះ​ជា​ដំណើរ​ទស្សនកិច្ច ដែល​រៀបចំ​ដោយ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល ៦​ថ្ងៃ ដែល​ធ្វើដំណើរ​ទៅ​ស្វែងយល់​ពី​បញ្ហាដីធ្លី និង​ការអភិរក្ស​ធនធានធម្មជាតិ ក្នុង​ខេត្ត​ណា​ខន​រាជ​សីមា នៃ​ព្រះរាជាណាចក្រ​ថៃ​៕
 











Tag:
 បរិស្ថាន​
 ​ ថៃ​
 ​ ណា​ខន​រាជ​សីមា​
  ​រដ្ឋាភិបាល​
  NGO
  ​វិស័យ​ឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com