ជាតិ
បាក់ឌុប
ក្រសួង​អប់រំ រៀបចំ​ប្រកួត​តែង​និពន្ធ និង​ស្មូត​កំណាព្យ សម្រាប់​អបអរ​ទិវា​គ្រូបង្រៀន
08, Sep 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ដើម្បី​អបអរសាទរ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​០៥ ខែតុលា ខាងមុខនេះ ក្រ​សូង​អប់រំ យុវជន និង​កីឡា  រៀបចំ​ប្រ​កូត​ប្រជែង​តែង​និពន្ធ និង​ស្មូត​កំណាព្យ ក្រោម​ប្រធានបទ «​គុណភាព​គ្រូបង្រៀន ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ​ដោយ​ចិ​រ​ភាព​»​។

 
​គោលបំណង​នៃ​ការបង្កើត​ការប្រកួត​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​គ្រូបង្រៀន ឲ្យ​ប្រកបដោយ​គុណភាព​អប់រំ​ខ្ពស់​។ ក្រសួង​អប់រំ រៀបចំ​កម្មវិធី​នេះ​ជា​លើកទីមួយ សម្រាប់​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​បុគ្គល​ផ្សេងទៀត​ដែលមាន​ជំនាញ​ខាង​តែង​និពន្ធ និង​ស្មូត​កំណាព្យ អាច​បង្ហាញ​ស្នាដៃ និង​ភាពប៉ិនប្រសព្វ​របស់ខ្លួន​ផងដែរ​។​
 
​សម្រាប់​លក្ខខណ្ឌ​ក្នុងការ​ប្រកួត​នេះ បេក្ខជន​ត្រូវ​តែង​និពន្ធ​ដោយយោង​តាម​សៀវភៅ​កំណាព្យ​ខ្មែរ​របស់​ក្រសួង​អប់រំ និង​ឯកសារ​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​តែង​និពន្ធ​កំណាព្យ​។ ចំណែក​អក្ខរាវិរុទ្ធ ត្រូវ​អនុវត្តតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។ 
 
​ចំពោះ​ការប្រឡង​តែង​និពន្ធ និង​ស្មូត​កំណាព្យ នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៥ ខែតុលា ហើយ​ការប្រឡង ត្រូវធ្វើឡើង​ទៅតាម​ប្រធានបទ​ដែល​គណៈកម្មការ​វាយតម្លៃ និង​ដាក់ពិន្ទុ​បានកំណត់​។ ការប្រកាស​លទ្ធផល នឹងធ្វើ​ឡើង​នៅ​ទិវា​គ្រូបង្រៀន នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​៕ 

Tag:
 អប់រំ​
  តែង​និពន្ធ​
  កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com