ព័ត៍មានសុខភាព
អន្តរជាតិ
ក្រៅពីគ្មានប្រយោជន៍សោះដល់សុខភាព គ្រឿងស្រវឹងរួមចំណែកសម្លាប់មនុស្ស២,៨លាននាក់រៀងរាល់ឆ្នាំ
× ការសិក្សាថ្មីមួយនៅសហរដ្ឋអាមេរិក បានបង្ហាញថា គ្មានសារធាតុណាមួយក្នុងសុរាដែលជួយដល់សុខភាពនោះឡើយ។ បន្ថែមពីលើនេះ ឥទ្ធិពលនៃគ្រឿងស្រវឹង បានរួមចំណែកឲ្យមានមនុស្សស្លាប់ប្រមាណ២,៨លាននាក់ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមលទ្ធផលនៃការសិក្សា ដែលចុះផ្សាយទាំងស្រុងនៅលើគេហទំព័រ The Lancet ។
ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានសម្រាប់ការវាស់ស្ទង់ និងវាយតម្លៃសុខភាព របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន ក្រោមការឧបត្ថម្ភពីមូលនិធិ Bill & Melinda Gates បានប្រើប្រាស់ទិន្នន័យនៃការសិក្សាលើមនុស្សជាង២៨លាននាក់នៅប្រទេសចំនួន១៩៥លើពិភពលោក ចន្លោះពីឆ្នាំ១៩៩០ និង២០១៦ ទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង។
លទ្ធផលបានស្តែងឲ្យឃើញថា កម្រិតសុវត្ថិភាពនៃការផឹកគ្រឿងស្រវឹង គឺគ្មាននោះឡើយ ហើយផ្ទុយវិញ វាជាឃាតករដែលរួមចំណែកឲ្យមនុស្សស្លាប់ប្រមាណ២,៨លាននាក់ជារៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៦ ឥទ្ធិពលនៃគ្រឿងស្រវឹង គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងដែលនាំឲ្យមនុស្សស្លាប់ និងកើតជំងឺផ្សេងៗ។
យ៉ាងហោចណាស់ មនុស្សម្នាក់ក្នុងចំណោម១០នាក់ដែលបានស្លាប់ចន្លោះពីអាយុ១៥ទៅ៤៩ឆ្នាំ គឺបណ្តាលមកពីគ្រឿងស្រវឹង ដោយបញ្ហាដែលមានបង្កនោះរួមមានគ្រោះថ្នាក់ចរាចរណ៍ ការឆ្លងជំងឺ ជាពិសេសរបេង និងការបង្កបញ្ហាផ្សេងៗដោយសាម៉ីខ្លួនផ្ទាល់។ សម្រាប់មនុស្សអាយុជាង៥០ មហារីកស្ថិតក្នុងចំណោមគ្រោះថ្នាក់មួយដែលបណ្តាលមកពីគ្រឿងស្រវឹង ក្នុងនោះ ២៧ភាគរយដែលបានស្លាប់គឺជាស្ត្រី និង១៩ភាគរយគឺជាបុរស។
លោក Max Griswold ដែលជាអ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថានសម្រាប់ការវាស់ស្ទង់ និងវាយតម្លៃសុខភាព របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន បានថ្លែងប្រាប់សារព័ត៌មាន USA Today ថា ប្រសិនបើយើងទាំងអស់គ្នាព្យាយាមកាត់បន្ថយទន្លាប់នៃការសេពគ្រឿងស្រវឹងឲ្យបានពាក់កណ្តាល ក៏សង្គ្រោះជីវិតមនុស្សយ៉ាងហោចណាស់១លាននាក់ផងដែរនៅលើពិភពលោក។
រ៉ូម៉ានី ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់សម្រាប់បុរសដែលផឹកគ្រឿងស្រវឹងច្រើនជាងគេនៅលើពិភពលោក បន្ទាប់មកមាន ព័រទុយហ្គាល់ លុចសំបួរ លីទុយអានី អ៊ុយក្រែន បូស្នី-ហឺហ្សេកូវីន បេឡារុស អេស្តូនី អេស្ប៉ាញ និងហុងគ្រី។ រីឯប្រទេសដែលបុរសផឹកតិចជាងគេមានប៉ាគីស្ថាន អ៊ីរ៉ង់ គូវែត កូម៉ូរូស លីប៊ី បង់ក្លាដែស ប៉ាឡេស្ទីន ម៉ូរីតានី យ៉េមែន និងអារ៉ាប៊ីសាអូឌីត។
ចំពោះស្ត្រីវិញ អ៊ុយក្រែនមានអាត្រាអ្នកផឹកច្រើនជាងគេដោយនាំមុខអង់ដូរ៉ា លុចសំបួរ បេឡារុស ស៊ុយអែត ដាណឺម៉ាក អៀរឡង់ អង់គ្លេស អាល្លឺម៉ង់ និងស្វីស។ ស្ត្រីដែលផឹកតិចជាងគេមាន អ៊ីរ៉ង់ គូវែត ម៉ូរីតានី លីប៊ី ប៉ាគីស្ថាន ទីម័រខាងកើត ប៉ាឡេស្ទីន យ៉េមែន ទុយនីស៊ី និងស៊ីរី៕
Tag:
គ្រឿងស្រវឹង
The Lancet
© រក្សាសិទ្ធិដោយ thmeythmey.com