ជាតិ
សង្គមជាតិ
មន្ត្រីកាំកុងត្រូល ដកហូតទំនិញខូចគុណភាពទូទាំងប្រទេសជាង ៥២តោន រយៈពេល៨ខែ ប្រភព៖ ហ្វេសប៊ុក អគ្គនាយកដ្ឋានកាំកុងត្រូល
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូល និងអាជ្ញាធរពាក់ព័ន្ធ បានដកហូតទំនិញខូចគុណភាពទូទាំងប្រទេសជាង ៥២តោន ក្នុងរយៈពេល៨ខែមកនេះ។ទំនិញខូចគុណភាពទាំងនោះ ភាគច្រើនហួសកាលបរិច្ឆទប្រើប្រាស់ ហើយមានសារធាតុគីមី។
ប្រធាននាយកដ្ឋានផ្នែកស្ថិតិនៃនាយកដ្ឋានកាំកុងត្រូល លោក ឃួន សាវុធ បាននិយាយថា ក្រុមមន្ត្រីជំនាញ បានប្រតិបត្តិការត្រួតពិនិត្យទំនិញ ១១៤៨លើក តាមបណ្ដាផ្សារទូទាំងប្រទេសជាង១ពាន់ទីតាំង ដោយរឹបអូសទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ និងមានសារធាតុគីមី ចំនួន ៤២តោន និង១៧១គីឡូក្រាម។ ចំណែកទំនិញខូចគុណភាព១០តោនទៀត បានរឹបអូសនៅតាមច្រកព្រំដែន ដែលមានជង្គង់មាន់ និងប្រភេទសាច់មួយចំនួនទៀត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោក ឃួន សាវុធ ដូច្នេះថា៖« ម្ចាស់ទំនិញមួយចំនួនមិនបានដឹងថា ទំនិញរបស់ពួកគាត់ហួសកាលបរិច្ឆេទនៃការប្រើប្រាស់ទេ ក្នុងនោះមានភេសជ្ជៈជាដើម ហើយការដាក់លក់នេះនៅតាមផ្សារ ឬក៏នៅតាមផ្ទះ។ ក្រោយពីបានដកហូតទំនិញទាំងនោះ ហើយបានឱ្យពួកគាត់ធ្វើកិច្ចសន្យាដោយមិនដាក់លក់ទំនិញ ដូចដែលធ្លាប់បានដកហូតនោះទៀតទេ ហើយប្រាប់ពួកគាត់អំពី អំពីទោសកំហុស និងទោសទណ្ឌផងដែរ។ប្រជាពលរដ្ឋលក់ដូរ ដូចជាតាមតូបតូចៗ ឬដាក់កញ្ច្រែងលក់ មន្ត្រីមានសមត្ថកិច្ចមិនបានដកហូតទេ តែទិញពីពួកគាត់ ពីព្រោះបើដកហូត ឬរឹបអូសទៅវាពិបាកមើល ណាមួយក៏អាណិតពួកគាត់ ។បន្ទាប់ពីទិញហើយយករបស់នោះទៅដុតកម្ទេចចោល »។
លោក ឃួន សាវុធ បានបន្ថែមថា បើក្នុងករណីអាជីវករទាំងនោះអនុវត្តផ្ទុយពីការណែនាំ នោះពួកគេនឹងត្រូវប្រឈមមុខ តាមផ្លូវច្បាប់។«ការពិន័យនេះធ្វើទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព បើករណីតូចតាចមិនអាចអនុវត្តទេ ប៉ុន្តែបើករណីធំទើបអាចអនុវត្តបាន។ ការគ្រាន់តែរកឃើញតូចតាចមិនពិន័យគាត់ទេ ដោយប្រើវិធានការរដ្ឋបាលប៉ុណ្ណោះ។ ប៉ុន្តែកន្លងមកមានករណីធំៗ បានបញ្ជូនទៅតុលាការ ក្នុងនោះបាននាំចូលទំនិញខូចគុណភាពច្រើនតាមច្រកព្រំដែន មានជង្គង់មាន់ជាដើម»។ នេះជាការបញ្ជាក់របស់ប្រធាននាយកដ្ឋានផ្នែកស្ថិតិនៃនាយកដ្ឋានកាំកុងត្រូល។
កាលពីពេលថ្មីនេះ មន្ត្រីកាំកុងត្រូលនៅខេត្តស្វាយរៀង បានដកហូតចាហ៊ួយជាង ៣៧គីឡូក្រាម នៅផ្សារ២កន្លែង ក្នុងក្រុងបាវិត ដោយសង្ស័យមានសារធាតុជាតិប្លាស្ទិក ដែលនាំចូលពីវៀតណាម។ ប៉ុន្តែករណីនេះលោក ឃួន សាវុធ បានអះអាងថា តាមការពិតចាហ៊ួយនោះគ្មានស្លាកសញ្ញាត្រឹមត្រូវ និងគ្មានកាលបរិច្ឆេទផលិតច្បាស់លាស់ប៉ុណ្ណោះ។ វាជាការយល់ច្រឡំទេ ។
ប្រធាននាយកដ្ឋានផ្នែកស្ថិតិនៃនាយកដ្ឋានកាំកុងត្រូល បាននិយាយថា ការដកហូតទំនិញខូចគុណភាពតាមច្រកព្រំដែន រយៈពេល២ឆ្នាំមកនេះ មានការថយចុះប្រហាក់ប្រហែលគ្នា។ ប៉ុន្តែការដកហូតទំនិញនៅតាមទីផ្សារ នៅតែមានច្រើន ហើយមន្ត្រីរឹបអូស និងដកហូតបានស្ទើរតែជារៀងរាល់ថ្ងៃ៕
Tag:
ឃុន សាវុធ
ទំនិញខូចគុណភាព
© រក្សាសិទ្ធិដោយ thmeythmey.com