ជាតិ
លទ្ធផលបាក់ឌុបកំពុងបោះពុម្ពយ៉ាងហ្មត់ចត់ មុនការប្រកាសផ្លូវការនៅរសៀលនេះ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៩ កញ្ញានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្ដើមបោះពុម្ពលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២០ សីហា។ ក្នុងដំណើរការបោះពុម្ពលទ្ធផលប្រឡងនេះ មានការត្រួតពិនិត្យពីរដ្ឋមន្ត្រីក្រសួងអប់រំ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី ៩ កញ្ញានេះ លោក ហង់ ជួន ណារ៉ុន និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញទៅត្រួតពិនិត្យការបោះពុម្ពលទ្ធផលប្រឡងនៅនាយកដ្ឋានកិច្ចការប្រឡង។ ការប្រកាសលទ្ធផល នឹងត្រូវប្រកាសនៅថ្ងៃទី ៩-១០ កញ្ញា នៅលើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ MoEYS Cambodia facebook.com/moeys.gov.kh។ ដោយឡែក នាពេលរសៀលនេះ លទ្ធផលប្រឡងនឹងប្រកាសនៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល រីឯមណ្ឌលប្រឡងនៅតាមបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី ១០ កញ្ញា។
សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងឆ្នាំ២០១៨ មានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕
Tag:
ក្រសួងអប់រំ
បាក់ឌុប២០១៨
លទ្ធផលបាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com