អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ត្រៀម​ចាក់​បញ្ចូល «​គំនិត​ផ្តួចផ្តើម​ប្រាំបី​» នៅ​ទ្វីបអាហ្វ្រិក​ដើម្បី​ប្រយោជន៍​រួម​
07, Oct 2018 , 10:39 pm        
រូបភាព
ដោយ:
​កិច្ចប្រជុំ​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​៣ និង​៤ កញ្ញា ដែលមាន​ចិន​ជា​ម្ចាស់ផ្ទះ បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា​ច្រើន ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​តំបន់​អាហ្វ្រិក​។ ចិន កាន់តែ​ស្និទ្ធ​ជាមួយនឹង​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក ខណៈ​ប្រទេស​តំបន់​អាហ្វ្រិក កាន់តែ​មានសង្ឃឹម​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​កាន់តែច្រើន​ពី​ចិន​វិញ​។


 
​តាមរយៈ​ជំនួប​កំពូល​ប្រចាំឆ្នាំ​រវាង​ចិន និង​អាហ្វ្រិក ដែល​ទើបតែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​វាយតម្លៃ​ខ្ពស់​ពី​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​កាន់តែ​ស្អិតល្មួត​នឹង​គ្នា​នោះ លោក​ប្រធានាធិបតី ក៏បាន​ប្រកាស​ចំពោះមុខ​មេដឹកនាំ​ប្រទេស​ក្រីក្រ​ទាំងនោះ​ពី​ផែនការ​ក្នុងការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​របស់​ចិន​ចំនួន​ប្រាំបី ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​ទឹកដី​អា​ហ្រិ្វ​ក ក្នុង​រយៈពេល​៣​ឆ្នាំ​បន្ទាប់​។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua គំនិត​ផ្តើម ដែល​ត្រូវ​មេដឹកនាំ​កំពូល​ចិន​លើកឡើង​នោះ ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​វិស័យ​ឧស្សាហកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​, ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​បៃតង​ជាដើម​។ ផែនការ​នៃ​ការចាក់​បញ្ចូល​គំនិត​ផ្តួចផ្តើម​ទាំងនេះ ត្រូវបាន​លោក​ប្រធានាធិបតី ស៊ី អះអាងថា នឹងធ្វើ​ឡើង​ក្រោម​គោលនយោបាយ​អភិវឌ្ឍ​ឈ្នះ​ទាំងសងខាង និង​គ្មាន​លក្ខខណ្ឌ ឬ​ចំណង​លើ​ប្រទេស​អាហ្វ្រិក​ទេ​។​
 
​ជុំវិញ​គំនិត​ផ្តើម​នៃ​ការលើកកម្ពស់​ឧស្សាហកម្ម តាម​លោក​ប្រធានាធិបតី ស៊ី រដ្ឋាភិបាល​ចិន នឹង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចិន​ឲ្យ​បង្កើន​ការវិនិយោគ​នៅក្នុង​តំបន់​អាហ្វ្រិក ហើយ​ចិន នឹង​បង្កើន​កម្មវិធី​ជំនួយ​កសិកម្ម​កាន់តែច្រើន​ដើម្បី​ផ្តល់​ឲ្យ​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក ដែល​រងគ្រោះ​ដោយសារតែ​គ្រោះធម្មជាតិ​។ ក្រុង​ប៉េកាំង ក៏​នឹង​បញ្ជូន​អ្នកជំនាញ​កសិកម្ម​ជាន់​ខ្ពស់​ទៅកាន់​ប្រទេស​អាហ្វ្រិក​ផងដែរ​។ 
 
​សម្រាប់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​វិញ មេដឹកនាំ​កំពូល​ចិន​រូបនេះ ថ្លែងថា ចិន នឹង​ធ្វើការ​ជាមួយនឹង​សហភាព​អាហ្វ្រិក​ដើម្បី​បង្កើត​ផែនការ​សហប្រតិបត្តិកា​រ​ហេដ្ឋារចនាសម្ព័ន្ធ​ចិន​-​អាហ្វ្រិក និង​គាំទ្រ​ក្រុមហ៊ុន​ចិន​ដើម្បី​ចូលរួម​ក្នុង​គម្រោង​។ រីឯ​គំនិត​ផ្តួចផ្តើម​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​វិញ លោក ស៊ី ហ៊ាន​អះអាងថា ចិន នឹង​បង្កើន​ការ​នាំចូល​ផលិតផល​ពី​ប្រទេស​អាហ្វ្រិក និង​ថែមទាំង​ជួយ​ផ្សព្វ​ផ្សា​ពី​ទីផ្សារ​អាហ្វ្រិក​ផងដែរ​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ត្រូវបាន​សហគមន៍​អន្តរជាតិ​ចាត់ទុកជា​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី និង​កំពុង​រះ​ត្រដែត ក៏​សន្យា​ធានា​លើកកម្ពស់ និង​ធ្វើ​ឲ្យ​ល្អប្រសើរ​លើ ការអភិវឌ្ឍ​បៃតង ការកសាង​សមត្ថភាព​និង​វិជ្ជាជីវៈ ការកសាង​សន្តិភាព​និង​សន្តិសុខ និង​ការកសាង​វិស័យ​សុខ​ភិ​បាល​កាន់តែ​ទុកចិត្តបាន និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ដើម្បី​បន្ថែម​ភាពជិតស្និទ្ធ​ជាមួយនឹង​គ្នា​លើ​ការទំនាក់ទំនង​រវាង​មេដឹកនាំ​កំពូលៗ​៕ 

Tag:
 ចិន​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com