ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
របរ​លក់​ខ្យង កាក់កប​សម្រាប់​អ្នកលក់​បន្ត​នៅ​ស្រុក​កៀនស្វាយ​
31, Oct 2018 , 3:39 pm        
រូបភាព
​កណ្ដាល​៖ មុខរបរ​លក់​ខ្យង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ របស់​អ្នកភូមិ​ព្រៃត្រែង ស្ថិត​ក្នុងស្រុក​កៀនស្វាយ អាច​រកចំណូលបាន​ចន្លោះ​ពី​៤​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល អាស្រ័យ​តាម​ថ្ងៃ​ឈប់សម្រាក​ដែលមាន​អ្នកដំណើរ​ច្រើន​។​

​ដើម្បី​បាន​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖


 
​បើ​គេ​ធ្វើដំណើរ​ពី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្ដាល ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ ទៅដល់​ស្រុក​កៀនស្វាយ នោះគេ​នឹង​ឃើញ​មាន​រោង​តូចៗ​លក់​ខ្យង​ជាច្រើន នៅ​អម​សងខាង​ផ្លូវ ដោយ​ខ្លះ​គ្រាន់តែ​ដាក់​ឆត្រ​ប្រភេទ​ធំ​១​ទៅ​២ ដើម្បី​បាំង​កម្ដៅថ្ងៃ​ក៏​អាច​លក់បាន​។ នៅទីនេះ​គឺ​ភូមិ​ព្រៃ​ក្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ អ្នកភូមិ​នៅទីនេះ ចាប់យក​របរ​លក់​ខ្យង ជា​របរ​បន្ទាប់បន្សំ​ដើម្បី​រក​ចំណូល​បន្ថែម​។​
 
​គ្រាន់តែ​ឃើញ​អ្នកដំណើរ​ជិះ​ម៉ូតូ ឬ ជិះឡាន​ពី​ចម្ងាយ អ្នកស្រី តេង ហី​ម បក់ដៃ​ហៅភ្ញៀវ​ឱ្យចូល​ទិញ​ខ្យង​របស់ខ្លួន​តាំងពី​ចម្ងាយ​ម្ល៉េះ​។ ម៉ោង​ទើបតែ​៦​ព្រឹក​អ្នកស្រី ហី​ម អាយុ ៦០​ឆ្នាំ បានរៀបចំ​ខ្យង​ដាក់លក់​រួចជាស្រេច​។ នៅក្នុង​រោង​ដែលមាន​ទំហំ​ប្រមាណ​២​ម៉ែត្រ គ្រែ​រនាប​ក្ដារ  ដែល​រៀប​ថ្លាង​មាន​ខ្យង​ពេញ​ដាក់​តម្រៀប​គ្នា​យ៉ាង​មាន​របៀប ដោយ​ដាក់​តាម​ទំហំ​ខ្យង​ជា​រោង​របស់​អ្នកស្រី តេង ហី​ម​។ អ្នកលក់​ខ្យង​រូបនេះ​ថា ខ្យង​ដែល​អ្នកស្រី​លក់​រាល់ថ្ងៃ គឺ​ទិញ​ពី​ឡាន​ដែល​ដឹក​ពី​ខេត្តកំពង់ឆ្នាំង មក​ចែកចាយ​ឱ្យនៅ​ពេលព្រឹក​ម៉ោង​៥​ភ្លឺ​។ អ្នកលក់​រូបនេះ​មិនបាន​ដឹង​ច្បាស់​ថា​ខ្យង​ដែល​ខ្លួន​លក់​រាល់​ថ្ងៃជា​ខ្យង​ចិញ្ចឹម ឬ​ខ្យង​បឹង​ឡើយ គ្រាន់តែ​ដឹង​តាម​ឈ្មួញ​ប្រាប់ថា​នៅ​ខែ​ទឹក​ឡើង ខ្យង​នឹង​ហូរ​តាម​ទឹក​ចូលទៅក្នុង​អណ្ដូង​ធំ​មួយ​។ ក្នុង​មួយថ្ងៃ​អ្នកស្រី ហី​ម ទិញ​ខ្យង​មក​លក់​បន្ត​ពី​៥០​គីឡូ​ទៅ​១០០​គីឡូក្រាម អាស្រ័យ​តាម​ថ្ងៃ ឈប់សម្រាក​ឬ​ថ្ងៃ​ធម្មតា​។ ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​២២០០​រៀល តម្លៃ​ទិញ​ពី​ឈ្មួញ​តាម​ឡាន ហើយ​អ្នកស្រី ហី​ម អាច​លក់​ចេញ​វិញ​បាន​៣០០០​ទៅ​៣៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ អតិថិជន​របស់​អ្នកស្រី ហី​ម គឺជា​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​១​នេះ​តែម្ដង​។ អ្នកស្រី​អាច​លក់ដាច់​បាន​ច្រើន​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ព្រោះ​មាន​អ្នកដំណើរ​ទៅ​ស្រុកកំណើត​ច្រើន​។ 


 
​ស្ត្រី​ដែលមាន​កូន​ធ្វើការ​រោងចក្រ​រូបនេះ​បញ្ជាក់ថា ខ្លួន​ប្រក​បរបរ​នេះ​តែ​ខែវស្សា​តែប៉ុណ្ណោះ​ព្រោះ​វា​សម្បូរ​ខ្យង ហើយ​តម្លៃ​ធូរ​ថ្លៃ​ផង ដែល​អាចឱ្យ​អ្នកដំណើរ​ទិញ​បាន​។ ភ្នែក​មើលទៅ​ខ្យង​បណ្ដើរ រេ​ទៅ​មើល​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ឡាន​ជារឿយៗ​បណ្ដើរ អ្នកស្រី តេង ហី​ម លើកឡើងថា មុខរបរ​លក់​ខ្យង​នេះ​មិនសូវ​ជា​ហត់​ប៉ុន្មាន​ទេ ព្រោះ​គ្រាន់តែ​អង្គុយ​លក់​។ ក្នុង​មួយថ្ងៃ​ស្ត្រី​វ័យ​៦០​ឆ្នាំ​រូបនេះ អាច​រកចំណូលបាន​ជា​មធ្យម​៤​ម៉ឺន​រៀល ដែល​អាចជួយ​សម្រួល​ជីវភាព​គ្រួសារ ក្រៅពី​ប្រាក់ខែ​ដែល​កូន​បាន​ពី​រោងចក្រ​។ «​អាង​គេ​ធំ​ខែ​ទឹក​វា​ហូរ​ចូលទៅ គេ​ថាៗ​តាម​គេ​ដែរ​ទៅ​។ លក់​តែ​ខែ​នេះ​ទេ ដល់​ទៅ​ខែ​គោក​លក់​មិន​បានទេ​ថ្លៃ​ណាស់​។ ខែ​មិន​លក់បាន​លុយ​កូន​ធ្វើ​រោងចក្រ​»​។ នេះ​ជាការ​បញ្ចាក់​របស់​អ្នក តេង ហី​ម​។​
 
​អ្នកលក់​ខ្យង​មួយរូប​ទៀត​គឺ​កញ្ញា ថង់ មួយ​គា វ័យ​២២​ឆ្នាំ​។ ឈប់​ធ្វើការ​ពី​ភ្នំពេញ​ខាង​ផ្ដិត​រូបថត មក​ស្រុកកំណើត​វិញ ដោយ​ចាប់​របរ​លក់​ខ្យង មួយ​គា ថា​មុខរបរ​នេះ​អាចឱ្យ​នាង​រកចំណូលបាន​ច្រើនជាង​ការងារ​នៅ​ទីក្រុង​។ មិន​ខុសពី​អ្នកលក់​ដទៃទៀត​ឡើយ មួយ​គា អាច​លក់​ខ្យង​បាន​ច្រើន​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​ចន្ទ ព្រោះ​មាន​អ្នកដំណើរ​ចុះឡើង​ច្រើន​។ បើជា​ថ្ងៃបុណ្យ ឬ ថ្ងៃ​ឈប់សម្រាក​ធំៗ​ដែល​រដ្ឋ​តម្រូវឱ្យ​ឈប់ មួយ​គា អាច​លក់​ខ្យង​បាន​រាប់រយ​គឺ​ឡូ​ក្រាម​ក្នុង​មួយថ្ងៃ​។ ការលក់​មិនមែន​ចេះតែ​ដាច់​រាល់ថ្ងៃ​នោះទេ មាន​ថ្ងៃ​ខ្លះ​ក៏​លក់​មិនសូវ​ដាច់​ដែរ តែ​ទោះជា​យ៉ាងណាក៏ដោយ មួយ​គា នៅតែ​អាច​លក់​ចំណេញ​បាន​៤​ម៉ឺន​រៀល​ដែរ​ក្នុង​មួយថ្ងៃ​។​


 
​ឡាន​ដែល​ចែកចាយ​ខ្យង​បន្ត​នៅតាម​ផ្លូវជាតិ​លេខ​១​នេះ មាន​មកពី​ខេត្ត​ផ្សេងៗ​គ្នា ដូចជា​ខេត្តកំពង់ធំ កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ហើយ​តម្លៃ​ចែកចាយ​បន្ត​ក៏​ខុសគ្នា​ដែរ នេះ​បើតាម​កញ្ញា មួយ​គា បញ្ជាក់​។ តម្លៃ​ប្រមាណ​តែ​ជិត​២​ពាន់​រៀល មួយ​គា អាច​លក់​ចេញ​វិញ​បាន​ថ្លៃ​៤ ០០០​រៀល ទៅ​៤៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ កញ្ញា ថង់ មួយ​គា បញ្ជាក់​៖«​ថ្ងៃអាទិត្យ​ឬ​ចន្ទ​គាត់​ឡើង​ចុះ​ច្រើន​ចឹ​ង​លក់បាន​។ មួយថ្ងៃ​បាន​៥០​គីឡូ​អីហ្នឹង តែបើ​ថ្ងៃបុណ្យ បើ​គេ​ផ្គត់ផ្គង់​ឱ្យ​គ្រាន់​៣​ទៅ​៤​រយ​គីឡូ​ក៏​លក់​អស់​ដែរ​»​។ ពីមុន​ធ្វើការ​នៅ​ភ្នំពេញ តែ​មករក​នៅទីនេះ​រក​បាន​ជាង​»​។​
 
​ចំណែក​អ្នកនាង អ៊ូ សុភាព ប្រកប​របរ​លក់​ខ្យង​រយៈពេល​៥​ឆ្នាំ​មកហើយ​នោះ បាន​និយាយថា របរ​នេះ​អាច​រកចំណូលបាន​ច្រើន​គួរសម ដែល​អាចឱ្យ​អ្នកនាង​ទូទាត់​ការចំណាយ​ប្រចាំថ្ងៃ និង​យកទៅ​សងបំណុល​គេ​បាន​ខ្លះ​ផងដែរ​។ នារី​សម្បុរ​ស សើច​ស្រ​ស់វ័យ​៣៣​ឆ្នាំ​រូបនេះ ថា​របរ​នេះ​ហត់​នៅពេល​ព្រឹក ព្រោះ​ត្រូវ​លាង​សម្អាត និង​រើស​ខ្យង​ដែល​បែក​ចោល​។ ខ្យង​ដែល​អ្នកនាង សុភាព លក់​មាន​២​ប្រភេទ គឺ​ខ្យង​ធម្មតា និង​ខ្យងគូទទាល​ដែលមាន​ក្រមួន​។ ខ្យង​ធម្មតា​តម្លៃ​៤៥០០​រៀល ចំណែក​ខ្យងគូទទាល​វិញ​លក់បាន​៥០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ត្រូវ​ជួល​មនុស្ស​ឱ្យជួយ​លក់​សម្រាប់​២​កន្លែង ជា​មធ្យម​ក្នុង​មួយថ្ងៃ​អ្នកនាង សុភាព អាច​លក់​ខ្យង​បាន​ប្រមាណ​១០០​គឺ​ឡូ​ក្រាម ដែល​គិត​ជា​ប្រា​ក់បាន​ប្រមាណ​១០​ម៉ឺន​រៀល​៕ អ៊ូ សុភាព បញ្ជាក់​៖«​រក​បួន​ប្រាំ​ឆ្នាំ​ហើយ បាន​ម៉ា​រស់ ជំពាក់​គេ​អា​ចរក​ដោះ​គេ​បានដែរ​។ អ្នក​មិនដឹង​តម្លៃ​គេ​ត​ដែរ គេ​ថា​គ្រាន់តែ​ខ្យង​ក៏​លក់​ថ្លៃ​ដែរ តែ​ពេលខ្លះ​មាន​លុយ​ទិញ​គេ​ហើយក៏​ពិបាក​ដែរ​ណា យកមក​ពេលព្រឹក​ត្រូវ​លាង​វា​ហើយ នៅ​រើ​សអា​ស្អុយ​និង​បែកចេញ​ទៀត​។ គេ​កាត់​អា​ខូច​ឱ្យ​ដែរ តែ​ឈ្មួញ​ខ្លះ​ពិបាក ឈប់​យក​ដែរ​ហ្នឹង​»៕ 




 

Tag:
 ខ្យង​
 ​ សេដ្ឋកិច្ច​
 ​ កៀនស្វាយ​
© រក្សាសិទ្ធិដោយ thmeythmey.com