អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី​ស៊ូ​ជី កាន់តែ​បាក់មុខ ខណៈ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​ធ្លាក់​ដល់ដៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ​
09, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
​ការមិន​ព្រម​សហការ និង​ជំទាស់​យ៉ាង​ដាច់ខាត​របស់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ មិនអាច​ក្លាយជា​ឧបសគ្គ​សម្រាប់​តុលាការអន្តរជាតិ​ក្នុងការ​ពិចារណា​ចាត់ការ​លើ​សំណុំរឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​បានឡើយ​។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលជា​នីតិបុគ្គល​អចិន្ត្រៃយ៍ និង​ឯករាជ្យ បានសម្រេច​ប្រកាស​ពី​យុត្តាធិការ​លើ​សំណុំរឿង​ដ៏​ស្មុគស្មាញ​មួយ​នេះ​ដើម្បី​បន្ត​នីតិវិធី​ជំនុំជម្រះ​ស្វែងរក​អ្នកទទួលខុសត្រូវ​។​

 
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC នៅ​ថ្ងៃ​៦ កញ្ញា បានសម្រេច​ដោយ​សំឡេង​ភាគច្រើន​ថា តុលាការ មាន​យុត្តាធិការ​លើ​សំណុំរឿង​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់​របស់​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ផ្ញើ​ជីវិត​លើទឹក​ដី​បង់​ក្លា​ដែ​ស​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៃ​គេហទំព័រ​ផ្លូវការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។​
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ អង្គជំនុំជម្រះ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​រកឃើញថា តុលាការ មានអំណាច​ក្នុងការ​ជំនុំជម្រះ​តាមរយៈ​បណ្តឹង​របស់​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បានស្នើ​ឲ្យ​ចាត់ការ​មី​យ៉ាន់​ម៉ា​លើ​ករណី​វិបត្តិ​ជនភៀសខ្លួន ដែល​អគ្គ​រដ្ឋអាជ្ញា បាន​រកឃើញ​ពាក់ព័ន្ធ​នឹង​សញ្ញាណ​នៃ​ការប្រព្រឹត្ត​បទល្មើស​ប្រឆាំងនឹង​មនុស្សជាតិ​។ 
 
​អង្គជំនុំជម្រះ​របស់​តុលាការ ក៏បាន​បញ្ជាក់​ផងដែរ​ថា បើទោះបីជា​មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏ដោយ តុលាការ នៅតែមាន​យុត្តាធិការ​លើ​សំណុំ​រឿងនេះ​។ នោះ ក៏​ព្រោះតែ ធាតុ​ផ្សំ​នៃ​បទល្មើស​នេះ (​បទល្មើស​តាម​ព្រំដែន​) បាន​កើតឡើង​នៅក្នុង​អធិបតេយ្យ​របស់​រដ្ឋ​ភាគី (​បង់​ក្លា​ដែ​ស​) នៃ​លក្ខន្តិកៈ​។ 
 
​ដូច្នេះ​តាមរយៈ​សេចក្តីសម្រេច​របស់​អង្គជំនុំជម្រះ តុលាការ អាចមាន​យុត្តាធិការ និង​អំណាច​ក្នុងការ​ជំនុំ​តាម​បទ​ចោទ​របស់​អគ្គ​រដ្ឋអាជ្ញា​ប្រឆាំងនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើ​បទល្មើស ដែល​បានកំណត់​ក្នុង​មាត្រា​៥ នៃ​ល​ន្តិ​កៈ​ក្រុង​រ៉ូម រួមមាន​ដូចជា បទល្មើស​ប្រឆាំង​មនុស្សជាតិ​ជាដើម​។ តាមរយៈ​សេចក្តីសម្រេច​នេះ អគ្គ​រដ្ឋអាជ្ញា ក៏​អាច​បន្ត​នីតិវិធី​ពាក់ព័ន្ធ​ក្នុងការ​វាយតម្លៃ​បឋម​ថា​តើ​សំណុំ​រឿងនេះ​អាចមាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ថា​អាច​ចាត់ទុកជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​ឬ​យ៉ាងណា​។​
 
​គួរ​ជម្រាប​ផងដែរ វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​កើតចេញពី​រដ្ឋ​រ៉ា​ខាន​របស់​មី​យ៉ាន់​ម៉ា និង​បាន​បង្ក​ឲ្យ​ប្រជាជន​នៅ​ទៅនោះ រត់​ភៀសខ្លួន​ទៅកាន់​បង់​ក្លា​ដែ​ស​រាប់សិប​ម៉ឺន​នាក់ បានអូសបន្លាយ​អស់​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​។ តាម​របាយការណ៍​រប​ស់​អង្គការ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស វិបត្តិ​នេះ មានរឿង​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​ពីក្រោយ​ដែល​បង្កដោយ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ដូចជា ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ រំលោភ​ហិង្សា និង​ការបង្ខំ​ឲ្យ​ចាកចេញ​ជាដើម​។​
 
​ដោយ​មើលឃើញ​ពី​វិបត្តិ​មនុស្សជាតិ​នេះ នៅ​ថ្ងៃ​០៤ មេសា លោកស្រី​អគ្គ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda បានដាក់​បណ្តឹង​មួយ​ដោយ​ស្នើ​ឲ្យ​តុលាការ​សម្រេច​ថា​តើ​តុលាការ​អាចអនុវត្ត​យុត្តាធិការ​របស់ខ្លួន​លើ​ការបណ្តេញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​បាន ឬ​យ៉ាងណា​។ នៅពេលនោះ​លោកស្រី ក៏បាន​ទទួលស្គាល់ថា​សំណើ​នេះ​គឺជា​រឿង​ដ៏​លំបាក​នៃ​ផ្នែក​ច្បាប់​មួយ ដ្បិត មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ។​
 
​ជុំវិញ​បណ្តឹង​នេះ កាលពី​ខែមិថុនា​កន្លងទៅ រដ្ឋាភិបាល​បក្ស​កាន់អំណាច​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទាត់ចោល​ការសុំ​កិច្ចសហការ និង​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​ពី​តុលាការ​ព្រហ្ម​ណ្ឌ​អន្តរជាតិ​ផងដែរ​។ ក្រុង​ពិដោរ បាន​អះអាងថា ខ្លួន​មិន​ឲ្យ​តម្លៃ​លើ​ការ​កោះ​នោះឡើយ ដ្បិត​មី​យ៉ាន់​ម៉ា មិនមែនជា​រដ្ឋ​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ឡើយ​។​
 
​តែ​ពេលនេះ គោលដៅ​ដំបូង​របស់​លោកស្រី បានសម្រេច​ហើយ ពោលគឺ លោកស្រី អាច​បន្ត​នីតិវិធី​ផ្នែក​ច្បាប់​អន្តរជាតិ​ទៀត​បាន​ក្នុងការ​ពិនិត្យ និង​វិនិច្ឆ័យ​លើ​ស្ថានភាព​ដែល​បានកើត​ឡើងទៅ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ជាការ​បន្ទុក និង​ស្វែងរក​អ្នកទទួលខុសត្រូវ​។ ទោះ​ចង់​ឬ​មិន​ចង់ មី​យ៉ាន់​ម៉ា ត្រូវ​ស្ថិតនៅក្រោម​ក្រសែភ្នែក​អន្តរជាតិ ពិសេស​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តែម្តង​។​
 
​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​នោះ ថ្មីៗ​នេះ  ក្រុម​ស្វែងរក​ការពិត ដែល​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ​ទទួល​បេសកកម្ម​លើ​សំណុំរឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ក៏​បានចេញ​របាយការណ៍​លទ្ធផល​របស់​ពួកគេ​ផងដែរ​។ របាយការណ៍ បាន​អះអាងថា ពី​សញ្ញាណ​នៃ​ការប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​លើ​ជនជាតិភាគតិច​នៅក្នុង​រដ្ឋ​រ៉ា​ខាន ដែល​នេះ ក៏​អាចជា​ភស្តុតាង​មួយផ្នែក​សម្រាប់​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រើប្រាស់​ក្នុងការ​ដាក់បន្ទុក​ផងដែរ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  ICC
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com