ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្លិប​ហាត់ប្រាណ​ទំនើប មិនមែនជា​ឧបសគ្គ​ដល់ទី​ហាត់ប្រាណ​តាម​សួន​ឡើយ​
27, Oct 2018 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ដោយសារ​ពលរដ្ឋ​មានការ​យល់ដឹង​ពី អត្ថប្រយោជន៍​នៃ​ការហាត់​ប្រាណ​ច្រើន បានធ្វើ​ឲ្យ​ចំនួន​ក្លិប​ហាត់ប្រាណ ដែលមាន​ឧបករណ៍​ទំនើប ឬ​បន្ទប់​ម៉ាស៊ីនត្រជាក់ បាន​កើន​ឡើងជា​លំដាប់​។ បើទោះជា​ចំនួន​ក្លិប​ហាត់ប្រាណ​ដែលមាន​ឧបករណ៍​សម្បូរ​បែបនេះ​កើនឡើង​មែន តែ​សម្រាប់​គ្រូបង្ហាត់​ហាត់ប្រាណ​នៅតាម​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ ហាក់​មិនមាន​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​អតិថិជន​របស់ខ្លួន​ឡើយ​។ នេះ​ដោយសារតែ​ជម្រើស​នៃ​ការហាត់​ប្រាណ​គឺ​ស្ថិតនៅលើ​ចំណង់​ចំណូលចិត្ត របស់​អ្នក​ហាត់ប្រាណ ទាំងស្រុង​។



​ដើម្បី​ជ្រាប​កាន់តែច្បាស់ អំពី​សកម្មភាព និង​ជម្រើស​នៃ​ការហាត់​ប្រាណ​នេះ សូម​ស្ដាប់​បទ​យកការណ៍ ដែល​រាយការណ៍​ជូន​ដោយ​កញ្ញា ថា​ន រស្មី ដូចតទៅ​៖






 
​នេះ​គឺជា​សំឡេង​ពលរដ្ឋ​ជាច្រើន​កំពុង​ហាត់ប្រាណ​នៅ​សួនច្បារ​មុខ​វត្ត​បទុម ដែល​សកម្មភាព​ហាត់ប្រាណ​តាម​ចង្វាក់រាំ ធ្វើឡើង​នៅ​ម៉ោង​៦៖៣០​នាទី ដល់​ម៉ោង​៨​យប់​។ ការហាត់​ប្រាណ​តាម​ក្បាច់​រាំ​ប្រពៃណី និង​បទ​ចម្រៀង​ថ្មីៗ សង្កេតឃើញ​មាន​ច្រើន​កន្លែង​ជាពិសេស នៅ​តំបន់​ដែលមាន​សួនច្បារ​។ ទទ្ទឹម​ការហាត់​ប្រាណ​តាម​ក្បាច់​រាំ​ថ្មីៗ គេ​ក៏​សង្កេតឃើញ​មានការ​បង្ហាត់​តាម​ចង្វាក់​អេ​រ៉ូ​ប៊ិ​ត ដែលជា​ចង្វាក់​ហាត់ប្រាណ​ពេញនិយម​ទាំង​នៅតាម​សួន​សារ​ធារ​ណៈ និង​នៅ​ក្លិប​ហាត់ប្រាណ​ទំនើប​។ 
 
​ទោះ​ក្លិប​ហាត់ប្រាណ​ទំនើប​មាន​សម្ភារ​សម្បូរបែប ព្រមទាំង​មាន​បង្ហាត់​ចង្វាក់រាំ ដូច​នៅតាម​សួនច្បារ​ក្ដី តែ​នេះ​មិនមែនជា​ក្ដីបារម្ភ របស់​គ្រូបង្រៀន​តាម​សួនច្បារ​ឡើយ​។ លោក ជា គឹម​លី គឺជា​គ្រូបង្រៀន​រាំ​មួយរូប ដែល​បាន​បើក​បង្រៀន​រាំ​នៅ​សួនច្បារ​វត្ត​បុ​ទុម តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ​។ បុរស​រាង​ខ្ពស់ សម្បុរ​ស្រអែម សករួញអង្គាដី រូបនេះ​បាន​ឲ្យ​ដឹងថា ទោះ​ជាមាន​ក្លិប​ហាត់ប្រាណ​ទំនើប​ថ្មី កើនឡើង​ច្រើន​យ៉ាងណា តែ​សកម្មភាព​នៃ​ការបង្រៀន​របស់លោក​នៅ​ដដែល​។ ចំណែកឯ​ចំនួន​សិស្ស​វិញ មាន​ចេញ មាន​ចូល​ស្មើគ្នា ដែល​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​ការបង្ហាត់​រាំ​របស់លោក​ឡើយ​។ លោក ជា គឹម​លី បានបញ្ជា្ក​ក់ថា​៖ «​ការ​ថយ​មិន​ថយ​គឺ​ថេរ ព្រោះ​អ្នក​ចាស់​គាត់​ទៅ​តែ​អ្នកថ្មី​គាត់​មក អីចឹង​ចំនួន​សិស្ស​មក​ហាត់​នៅ​ដដែល​។ ភាគច្រើន​អ្នក​មក​ហាត់​នៅទីនេះ​ភាគច្រើន​មាន​វ័យ​៤០​ឆ្នាំ​ឡើង ហើយ​ភាគ​ច្រើនជាង​ស្ត្រី និង​ជា​អាជីវករ​។ ដោយសារ​គាត់​ចូលចិត្ត​ចូលចិត្ត​បរិយាកាស​ធំ​ទូលាយ និង​ចូលចិត្ត​រាំ ទើប​គាត់​មក​ហាត់​នៅទីនេះ​។ តែ​សម្រាប់​អ្នក​ចង់​ហាត់​យក​សាច់ដុំ​មក​ហាត់​នៅទីនេះ មិនត្រូវ​ទេ​»​។​
 
​មិន​ត្រឹមតែ​មិន​ព្រួយបារម្ភ​ខ្លាច​បាត់បង់​អតិថិជន​ក្រោយ​មាន​ក្លិប​ហាត់ប្រាណ​ច្រើន​នោះទេ តែ​បុរស​វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន មិន​ថា​ហាត់​តាម​សួន​ឬ​តាម​ក្លិប​នោះទេ​។​
 
​លោក បញ្ជាក់ថា​៖«​សុខភាព​គឺ​សំខាន់ នៅពេលដែល​យើង​ស្រលាញ់​សុខភាព ក៏ដូចជា​ស្រលាញ់​លុយ​របស់​យើង​ដែរ ព្រោះ​ការហាត់​ប្រាណ អាចជួយ​ឲ្យ​ពួកគាត់​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ស្ត្រេ​ស​។ ខ្ញុំ​មិន​បារម្ភ​ទេ មានតែ​ណែនាំ​អ្នក​មក​ហាត់​កន្លែង​ខ្ញុំ​ពី​កន្លែង ដែលមាន​គ្រូបង្ហាត់​ជិត​ផ្ទះ​គាត់​ទៀត ដើម្បី​ឲ្យ​គាត់​អាច​ហាត់ប្រាណ​បាន​ទៀត​ទាត់​»​។​
 
​សកម្មភាព​ហាត់ប្រាណ​នៅក្នុង​សួន​មុខ​វត្ត​បុ​ទុម​នេះ ហាក់​មាន​ភាព​អ៊ូអរ​ច្រើន ជាពិសេស​ក្រោយ​នៅទីនេះ មាន​ក្រុម​ហាត់ប្រាណ​ចំនួន​២​ក្រុម មួយ​ហាត់​តាម​ចង្វាក់​អេ​រ៉ូ​ប៊ិ​ត និង​ក្បាច់​រាំ​សម័យ ដែល​ភាគច្រើន​ជា​មនុស្ស​វ័យ​កណ្ដាល​ឡើង មាន​ទីតាំង​នៅក្បែរ​ទឹក​រាំ​។ ចំណែកឯ​មួយក្រុម​ទៀត​គឺ​គេ​ហាត់​តាម​បទ​ច​ង្រៀ​ង​សម័យ​ពេញនិយម​សុទ្ធ ដែល​អ្នកចូលរួម​ភាគច្រើន​ជា​យុវវ័យ​។ 
 
​ក្រោយ​សម្រាក​ពី​ការហាត់​រាំ​តាម​ចង្វាក់​ភេ្ល​ង បុរស​វ័យ​៣៣​ឆ្នាំ គឺ​លោក ដា​ណា បាន​ឲ្យ​ដឹងថា លោក​មក​ហាត់ប្រាណ​តាំងតែ​គ្រូ​មក​បង្ហាត់​ដំបូង​មកម្ល៉េះ​។ ដោយសារតែ​នៅ​សួនច្បារ​មុខ​វត្ត​បុ​ទុម​នេះ មាន​ខ្យល់អាកាស​ល្អ និង​មាន​មនុស្ស​មក​ហាត់ប្រាណ​ច្រើន បុរស​សម្បុរ​សរ​ម្នាក់នេះ មិនមាន​ចិត្ត​ចង់ទៅ​ហាត់ប្រាណ​នៅក្នុង​ក្លិប​ឡើយ​។​
 
​លោក ដា​ណា បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​មក​ហាត់​នៅទីនេះ ៦ ៧ ឆ្នាំ​ហើយ តាំង​បើក​ដំបូង​។ ដោយសារ​នៅ​ជិត​ផ្ទះ​ហើយ​នៅ​សួន​សប្បាយ​មនុស្ស​ច្រើន ហើយ​មាន​ទេសភាព​ច្រើន ខុសពី​នៅ​ក្លិប​មាន​គ្នា​តិច ហើយ​មិនសូវ​សប្បាយ​។ ខ្ញុំ​មិន​ចង់ទៅ​ហាត់​នៅ​ក្លិប​ទេ ព្រោះ​ខ្ញុំ​អត់​ចង់បាន​សាច់ដុំ ហើយ​ខ្ញុំ​ចង់​ចេះ​រាំ​ជាង ព្រោះ​នៅ​នេះ​គ្រូបង្ហាត់​ទាំង​បទ​បុរាណ និង​សម័យ​»​។ 
 
​ក្រោយពី​និយាយ​ពី​ប្រសិទ្ធភាព​នៃ​ការហាត់​ប្រាណ បុរស​ដែល​ស្ទាត់ជំនាញ​ខាង​រាំ​ជាងគេ​ក្នុង​ក្រុម​នេះ បាន​ឲ្យ​ដឹង​តាម​បទពិសោធន៍​របស់លោក​ថា បញ្ហា​សុខភាព​ល្មមៗ ដូចជា​គ្រុន ឬ​ផ្ដាស​សាយ​ជាដើម​នោះ អាច​ធូរស្បើយ​នៅពេលដែល បានមក​ហាត់​នៅទីនេះ​។​
 
​ងាក​ចេញពី​ទី​ហាត់ប្រាណ​ដែល​សម្បូរ​ដោយ​មនុស្ស​វ័យ​កណ្ដាល យើង​បន្តទៅ​កាន់​ទី​ហាត់ប្រាណ​មួយទៀត​ដែល​សុទ្ធសឹងតែ​ជា​យុវវ័យ​វិញ​ម្ដង​។ ទីនេះ​ស្ថិតនៅក្នុង​បរិវេណ​សួនច្បារ​មុខ​វត្ត​បុ​ទុម​ដដែល តែ​ហាត់​រាំ​តែ​បទ​សម័យ ពេញនិយម​តែប៉ុណ្ណោះ​។ កញ្ញា ប៉ម សុជាតិ វ័យ​២៥​ឆ្នាំ ដែលជា​អ្នក​តែងតែ មក​ហាត់ប្រាណ​នៅទីនេះ បាន​ឲ្យ​ដឹងថា ក៏​ព្រោះតែ​កញ្ញា​ស្រលាញ់​ការ​រាំ ហើយ​មានចិត្ត​ចង់​សម្រក​រាង​ផង​នោះ ទើប​កញ្ញា​ព្យាយាម​មក​ហាត់ប្រាណ​នៅទីនេះ​ជាប្រចាំ​។​
 
​កញ្ញា ប៉ម សុជាតិ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មក​ហាត់​នៅទីនេះ​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដើម្បី​សុខភាព​ល្អ និង​រាង​ស្អាត​។ ព្រោះ​ក្លិប​ហាត់ប្រាណ​អស់​លុយ​ច្រើន នៅទីនេះ​អស់​តែ​១០០០​រៀល​ហាត់​មួយ​ស្រលាញ់​។ ហើយ​ក្លឹ​បាត់​ប្រាណ​មាន​ច្រក​តែមួយ​មិនមាន​ខ្យល់​ចេញចូល​ល្អ ដូច​នៅទីនេះ​។ ជាង​១​ឆ្នាំ​នៅទីនេះ​ខ្ញុំ​បាន​ស្រក​គីឡូ​ជាង​១០​គីឡូ កាល​មុន​ខ្ញុំ​៨៥​គីឡូ ឥលូវ​នៅសល់តែ​៦២​គីឡូ​ទេ​»​។​
 
​ស្ត្រី​ដែល​តុបតែង​បែប​យុវវ័យ​ខាងលើ បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​ដោយ​ប្រសិទ្ធភាព គឺជា​ការជ្រើសរើស​វិធី​ហាត់ប្រាណ​តាមបែប​ផែន​ដែល​ខ្លួន​ពេញចិត្ត មិនមែន​តាម​គ្នា​។ 
 
​កញ្ញា​បាន​បន្តទៀតថា «​ពេលដែល​យើង​បាន​ហាត់ប្រាណ​គឺ​ធ្វើ​ឲ្យ​យើង​បាត់​ស្ត្រេ​ស មាន​អារម្មណ៍​ថា​ស្រាល​ខ្លួន ហើយ​ពេលដែល​យើង​ទៅធ្វើ​ការ​មាន​អារម្មណ៍​ថា​រីករាយ ការហាត់​ប្រាណ ឬ​ការហាត់​រាំ​ក៏ដោយ ឲ្យ​តែ​កីឡា ហើយ​ជា​ចំណង​ចំណូលចិត្ត​របស់​យើង ហើយ​រើស​នូវ​អ្វីដែល​យើង​ស្រលាញ់​ពេញចិត្ត គឺ​យើង​មិនមាន​អារ​ម្ម​ណ័​ធុញទ្រាន់​នោះទេ​»​។​
 
​ពិតណាស់​ការហាត់​ប្រាណ​ពិតជា​អាចជួយ​ដល់​សុខភាព​មនុស្ស​ឲ្យ​មាន​ភាពរឹងមាំ រឹត​តែមាន​ប្រសិទ្ធភាព​ទៅទៀត​សម្រាប់​គ្រូបង្ហាត់​រាំ​ខាងលើ ក៏ដូចជា​អ្នកមាន​បទពិសោធន៍​បាន​ឲ្យ​ដឹងថា ការជ្រើសរើស​វិធីសាស្ត្រ​ហាត់ប្រាណ​ទៅតាម​ចំណង់​ចំណូលចិត្ត ក៏​រឹតតែ​សំខាន់​ទៅទៀត​។ បើទោះជា​ការហាត់​ប្រាណ​តាម​សួនច្បារ មានការ​ចំណាយ​ប្រាក់​តិចជាង​នៅតាម​ក្លិប​ក្ដី តែ​ទីនេះ​មាន​ប្រសិទ្ធ​ភា​សម្រាប់​អ្នក​ចង់​រក្សា​រាង សម្រក​រាង និង​ដើម្បី​កាត់បន្ថយ​ស្ត្រេ​ស​តែប៉ុណ្ណោះ​។ សម្រាប់​បុរស នាទី​ដែល​ចង់​ហាត់ប្រាណ​លើក​សាច់ដុំ ការជ្រើសរើស​ហាត់​នៅតាម​ក្លិប​ទើប​មាន​ប្រសិទ្ធភាព​ជាង​នៅទីនេះ​៕

Tag:
 ក្លិប​ហាត់ប្រាណ​
© រក្សាសិទ្ធិដោយ thmeythmey.com