អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វៀតណាម បង្កើន​ការទិញ​អាវុធ​កាន់តែច្រើន​ពី​រុស្ស៊ី ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ចិន​?
10, Sep 2018 , 4:55 pm        
រូបភាព
រូបភាព៖ Sputnik
រូបភាព៖ Sputnik
ដោយ:
​កាលពី​ថ្ងៃ ០៦ កញ្ញា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ទិញ​អាវុធ និង​សេវាកម្ម​យោធា​ពី​រុស្ស៊ី ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​។ ការបញ្ជាទិញ​សព្វាវុធ​ថ្មី​នេះ គឺធ្វើឡើង ខណៈ​រដ្ឋ​អាស៊ាន​មួយ​នេះ បន្ត​បង្កើន​ការ​នាំចូល​អាវុធ​ប្រមាណ ៧០០​ភាគរយ​ក្នុងពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ គេ​មើលឃើញថា កំណើន​នៃ​ការទិញ​អាវុធ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ​គឺ​ដោយសារ​កត្តា​ចំនួន​ធំៗ ២ មាន​សកម្មភាព​ចិន និង​គោលនយោបាយ​អាមេរិក​។

 
 
«​យើង​ទទួល​បានការ​កុម្ម៉ង់​ទិញ​សម្ភារៈ​យោធា ដែលមាន​តម្លៃ​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​»​។ លោក Dmitry Shugayev ប្រធាន​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ​យោធា និង​បច្ចេកទេស បា​និយាយ​បែបនេះ​នៅ​ថ្ងៃទី​៦ កញ្ញា​ក្នុងពេល​ផ្តល់​បទ​សម្ភាស​ដល់ទី​ភ្នាក់ងា​រ​ព័ត៌មាន​យោធ​រុស្ស៊ី TASS​។​
 
​របាយការណ៍​ថ្មី​នេះ​ត្រូវបាន​ចេញផ្សាយ ក្នុងអំឡុងពេល​ទស្សន​កិច្ច​មួយ​របស់​អគ្គលេខា​ធិ​ការ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong ទៅកាន់​ប្រទេស​រុស្ស៊ី​ចាប់ពី​ថ្ងៃទី​០៥ ដល់ទី​៨ កញ្ញា​តាម​ការអញ្ជើញរ​បស់​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ 
 
 ក្រោយ​មាន​ជំនួប​មួយ​រវាង​លោក Phu Trong និង​លោកពូ​ទីន បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​បានបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី ៧ ខែកញ្ញា​ដូច្នេះ​ថា​៖ «​ភាគី​ទាំងពីរ (​រុស្ស៊ី​-​វៀតណាម​) បានបង្ហាញ​ពី​ការតាំង​ចិត្ត ក្នុង​ការបន្ត​ពង្រឹង​ចំណង​យោធា​ជាមួយគ្នា​»​។ 
 
​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ទំនាក់ទំនង​រវាង​វៀតណាម និង​រុស្ស៊ី មាន​ភាពជិតស្និទ្ធ​ខ្លាំង ក្នុងពេល​ប្រហែល ១០​ឆ្នាំ​ចុង​ក្រោយនេះ​។ រុស្ស៊ី ក្លាយជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​វៀតណាម ហើយ​ក្រុមហ៊ុន​រុស្ស៊ី​ជាច្រើន​ផងដែរ​ក៏បាន​ដាក់ទុន​វិនិយោគ​នៅក្នុង​គម្រោង​ថាមពល​មួយចំនួន​នៅ​ប្រទេស​វៀតណាម​ផងដែរ​។ 
 
​កន្លងមក វៀតណាម បាន​បញ្ជា​ទិញ​នាវាមុជទឹក​ពី​រុស្ស៊ី​ចំនួន ៦​គ្រឿង រួម​ជាមួយនឹង​នាវាចម្បាំង យន្តហោះ​ចម្បាំង និង​សម្ភារៈ​យោធា​ជាច្រើន​ពី​រុស្ស៊ី​។ 
 
​គេ​មើលឃើញ កំណើន​នៃ​ការទិញ​អាវុធ​ដ៏​ក្លៀវក្លា​របស់​វៀតណាម​នេះ កើតឡើង​ដោយសារ​កត្តា​ពីរ​សំខាន់​។ កត្តា​ទីមួយ គឺ​ដោយសារ​ការកើនឡើង​នៃ​សកម្មភាព​របស់​ក្រុង​ប៉េកាំង​ក្នុង​ជម្លោះ​ទាមទារ​ដែន​អធិបតេយ្យភាព​ដ៏​ស្មុគស្មាញ​នៅស​មុ​ទ្រ​ចិន​ខាងត្បូង​។ ជា​ឧទាហរណ៍​ស្រាប់ គឺ​ការសាងសង់​កោះ​សិប្ប​និ​មិ្ម​ត​នៅក្នុង​តំបន់​ជម្លោះ ។ ចំណែក​កត្តា​ទី​ពីរ គឺ​ព្រោះតែ​មានការ​ព្រួយបារម្ភ​ពី​គោលជំហរ​មិន​ច្បាស់លាស់​របស់​អាមេរិក​ក្នុង​តំបន់​។ គេ​បារម្ភ​ថា អាមេរិក​អាច​នឹង​ដកខ្លួន​ចេញពី​តំបន់​អាស៊ី និង​ទុកចោល​ឲ្យ​ឥទ្ធិពល​ចិន​រីក​សុះសាយ​យ៉ាង​ខ្លាំងក្លា​នៅក្នុង​តំបន់​ផងដែរ​៕
 

Tag:
 វៀតណាម​
  ចិន​
  រុស្ស៊ី​
  អាមេរិក​
  សព្វាវុធ​
  លោក Dmitry Shugayev
  Nguyen Phu Trong
© រក្សាសិទ្ធិដោយ thmeythmey.com