រថយន្ត
អន្តរជាតិ
Aseel Al-Hamad ផ្តល់​គំរូ​សម្រាប់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​សកម្មភាព​ប្រណាំង​រថយន្ត​
10, Sep 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
Aseel Al-Mahad គឺជា​ស្ត្រី​ទីមួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​យានយន្ត​អា​រ៉ា​ប៊ី​សា​អូឌីត និង​ជា​សមាជិក​ម្នាក់​របស់​ស​ហ​ព័ន្ធ​យានយន្ត​អន្តរជាតិ​។ ស្ត្រី​ជំនាញ​ផ្នែក​វិស្វកម្ម និង​រចនា​រូបនេះ មិនដែល​បោះបង់​ក្តី​សុបិន​នោះឡើយ​ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​ប្រណាំង​រថយន្ត​។ ការចូលរួម​ដោយ​បើកចំហរ​របស់ Aseel ចាប់​ផ្តើមឡើង បន្ទាប់ពី​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​បើក​យានយន្ត​ឡើងវិញ​ចាប់ពី​ខែមិថុនា​។​

 
Aseel បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា Reem International Circuit នៅ​ទីក្រុង​រី​យ៉ា​ត ក្នុងនាម​ជា​ស្ត្រី​ដំបូង​បំផុត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ស្ត្រី​វ័យក្មេង​រូបនេះ បាន​អះអាងថា វត្តមាន​របស់ខ្លួន​នៅក្នុង​សកម្មភាព​ប្រណាំង​យានយន្ត គឺ​ចង់បង្ហាញ​ពី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​របស់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​ក្រៅពី​ស្ត្រី​ម្នាក់​ដែលមាន​តួនាទី​ទាំង​ក្នុង​សហព័ន្ធ​ជាតិ និង​អន្តរជាតិ Aseel ក៏​ធ្លាប់​បង្ហាញ​សមត្ថភាព​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ French Grand Prix ឆ្នាំ​២០១៨ ផងដែរ ប៉ុន្តែ​មិនមែនជា​ការប្រកួតប្រជែង​នោះឡើយ ដោយ​គ្រាន់តែ​ជាការ​ចូលរួម​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកសារព័ត៌មាន​នៅលើ​ពិភពលោក​ប៉ុណ្ណោះ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទស្សនា​វ​ដ្តី Automobile Magazine, Aseel បាន​បញ្ជាក់ថា នៅពេលដែល​គាត់​ទៅ​ផ្សារ គាត់​មិនដែល​ចាប់អារម្មណ៍​គ្រឿងសំអាង​នោះឡើយ ដោយ​យកចិត្តទុកដាក់​លើ​រថ​យន្ត​ទំនើបៗ​ប៉ុណ្ណោះ បើទោះបីជា​ពេលនោះ ស្ត្រី​មិនមាន​សិទ្ធិ​បញ្ជា​យានយន្ត​ក៏ដោយ​។​
 
​ក្រោយ​ការដក​បម្រាម Aseel បានសម្រេច​នូវ​ក្តី​សុបិន​របស់ខ្លួន ដោយ​មិន​ត្រឹមតែ​ក្លាយជា​កីឡាការិនី​ម្នាក់​ប៉ុណ្ណោះ​នោះឡើយ តែ​ថែមទាំង​ទទួលបាន​កិត្តិយស​ក្នុង​សហព័ន្ធ​ជាតិ និង​អន្តរជាតិ​។ 
 
Aseel បាន​អះអាងថា ស្ត្រី​ជាច្រើន សួរនាំ​ខ្លួន​ទាក់ទង​នឹង​ការបើកបរ​យានយន្ត ហើយ​នាង​តែងតែ​ណែនាំ​ពួកគេ​ទៅតាម​ចំណេះដឹង និង​បទពិសោធន៍​ដែល​ខ្លួន​មាន​។ បន្ថែម​ពីលើ​នេះ Aseel ចង់ឃើញ​ការបណ្តុះបណ្តាល លើ​ការបើកបរ​យានយន្ត​សម្រាប់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ទាំងមូល​៕

© រក្សាសិទ្ធិដោយ thmeythmey.com