ជាតិ
សេដ្ឋកិច្ច
CDC យល់ព្រមឲ្យបង្កើតរោងចក្រកាត់ដេរថ្មីចំនួន៤ នៅតាកែវ កណ្ដាល កំពង់ចាមនិងភ្នំពេញ
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន៤ទីតាំង ដែលមានតម្លៃសរុប ២២លានដុល្លារអាមេរិក។ នេះបើតាមប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី១០ខែកញ្ញា។
CDC បានចេញវិញ្ញាបនបត្រចុះបញ្ជីស្ថាពរដល់ក្រុមហ៊ុនចំនួន៤ ។ ទី១, ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) សម្រាប់គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ លើទុនវិនិយោគ ៥,១៨លានដុល្លារ និងបង្កើតការងារ ១៧៨៣កន្លែង។ ទី២, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របស់ក្រុមហ៊ុន JH GARMENT (CAMBODIA) លើទុនវិនិយោគ ៣,៧៥លានដុល្លារ និងបង្កើតការងារ ១៥២០កន្លែង។
ទី៣, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុនPRESTIGE GARMENT នៅលើទីតាំងឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមានទុនវិនិយោគ ៥,៥៨លានដុល្លារ និងបង្កើតការងារ ២៣៣៦កន្លែង។ និងទី៤, គម្រោងបង្កើតរោងចក្រផលិតស្បែកជើង នៅទីតាំងឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគ ៧,៧៥លានដុល្លារ និងបង្កើតការងារ ៣៨២៤កន្លែង របស់ក្រុមហ៊ុន LONG CHENG SHOE PARTS ៕
© រក្សាសិទ្ធិដោយ thmeythmey.com